ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក បានកន្លងផុតទៅហើយ។ ទេវតាឆ្នាំថ្មីព្រះនាង ធុង្សៈ ទេវី កំពុងគ្រប់គ្រងដែនជម្ពូទ្វីប។ លោក អ៊ឹម បុរិន្ទ ក្នុងសៀវភៅ «មហាសង្ក្រាន្ត» បានប្រើក្បួនតម្រាទាយជោគជតារាសី មនុស្សប្រុសស្រីនៃឆ្នាំទី១២។
តើការទស្សន៍ទាយរបស់លោក អ៊ឹម បុរិន្ទ អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ មានដូចម្តេចខ្លះ? សារព័ត៌មាន ThmeyThmey សូមសង្ខេបដូចខាងក្រោម៖
ឆ្នាំជូត៖
សម្រាប់មនុស្សប្រុស លោក អ៊ឹម បុរិន្ទ គន់គូឃើញថា លោកអ្នកនឹងបានលាភធំ តែត្រូវបាត់បង់ទ្រព្យសម្បត្តិជាមនុស្ស។ សូមប្រយ័ត្នខ្លួនបន្តិចចំពោះអំពើចោរកម្ម ប៉ុន្តែអ្វីៗនឹងល្អប្រសើរ ដោយអ្នកអាចទទួលបានមុខតំណែងថ្មី និងមានទំនួលខុសត្រូវជាងមុន។ សម្រាប់មនុស្សស្រី ជើងលេខមិនខុសពីមនុស្សឡើយ មុនបានលាភធំ ត្រូវតែបង់ទ្រព្យមុន ហើយលាភទាំងនោះ ភាគច្រើនបានមកពីទីឆ្ងាយ។ ចូរខំថែសុខភាពផង ព្រោះជំងឺតម្កាត់តែងតែតាមយាយី។
ឆ្នាំឆ្លូវ៖
សម្រាប់មនុស្សប្រុស ឆ្នាំនេះជាឆ្នាំដែលអ្នកត្រូវឃ្លាតពីទីកន្លែង ប្រសិនបើអ្នកមិនចង់នឿយហត់ និងធុញទ្រាន់កន្លែង ឬទីលំនៅចាស់។ កំពូលហោរាស្រុកខ្មែរ បានផ្តាំថា អ្នកកុំភ្លេចស្មារតីឲ្យសោះ ព្រោះអ្នកត្រូវរងការស្កៀបរមាស់រង្គោះរង្គើនៅក្រុមហ៊ុន និងជាមួយមិត្តភក្តិ ញាតិព័ន្ធ។ សម្រាប់មនុស្សវិញ បញ្ហាក៏មិនសូវខុសគ្នាដែរ ប៉ុន្តែអ្នកត្រូវខំតាំងចិត្តពុះពារ និងប្រឹងរម្ងាប់អារម្មណ៍ ដូច្នេះអ្នកនឹងទទួលបានជោគជ័យគ្រាន់បើឡើងវិញបន្តិច។
ឆ្នាំខាល៖
ជោគរាសីល្អណាស់សម្រាប់មនុស្សប្រុស ដោយអ្នកនឹងមានសេចក្តីសុខលើសលុប និងគាប់ចិត្តគ្រប់យ៉ាងទាំងក្នុងការងារ និងគ្រួសារ។ បើអ្នកមានបំណងធ្វើការងារ ឬបើកមុខជំនួយជួញដូរ ផលនឹងបានសម្រេចពិតប្រាកដ ប៉ុន្តែសូមកុំផ្តេកផ្តួលនឹងការជួយពីអ្នកដទៃខ្លាំងពេក។ សម្រាប់មនុស្សស្រីវិញ លោក អ៊ឹម បុរិន្ទ ទាយថា ជោគរាសីមិនល្អដូចមនុស្សឡើយ។ មិនគួរដើរឆ្ងាយ ឬបើកហាងលក់ដូរនោះទេ ប៉ុន្តែទោះយ៉ាងណាផ្លូវក៏មិនបិទសម្រាប់អ្នកដែរ បើអ្នកតាំងចិត្តព្យាយាម និងមិនធ្វេសប្រហែស។
ឆ្នាំថោះ៖
សម្រាប់មនុស្សប្រុស វាជាឆ្នាំមង្គលរបស់អ្នកហើយ។ ចូរកុំខ្លាចឲ្យសោះការច្រណែនឫស្យា ព្រោះអ្នកនៅមានអ្នករង់ចាំជួយយ៉ាងពេញទំហឹង។ កុំចិត្តទន់ឲ្យសោះជាមួយដែលបញ្ចុះបញ្ចូលបញ្ជោរលើកជើង។ ចំពោះសុខភាពវិញ លោកហោរា ហាមលីសែងរែកពុនរបស់ធ្ងន់។ ចំពោះមនុស្សស្រី ឧបសគ្គមានច្រើន ប៉ុន្តែគង់សាបរលាបទៅវិញ ដោយមានអ្នកចាំជួយច្រើន។ ឆ្នាំនេះ អ្នកអាចត្រូវរុះរើផ្ទះសម្បែងជួសជុល ឬធ្វើថ្មីផង ក៏អាចថាបាន។
ឆ្នាំរោង៖
ចំពោះមនុស្សប្រុស គ្រោះកាចតាមយាយី ហើយការសេពគប់ទៀតសោត កុំរំពឹងថាបានផលកម្រៃ។ អ្នកត្រូវខំខ្នះខ្នែង និងប្រើសេចក្តីអង់អាចឲ្យគ្រប់កម្លាំង ទើបអាចប្រាស់ចាកផុតពីវិបត្តិទាំងនេះ។ ផ្ទុយទៅវិញ ចំពោះមនុស្សស្រី ផលលាភស្ថិតក្នុងកណ្តាប់ដៃ។ អ្នកនឹងទទួលបានការលើកតម្កើងពីមនុស្សទូទៅ។ អ្វីដែលពិសេសនោះ បើសុភាពនារីណាត្រូវរៀបមង្គលការ ឆ្នាំនេះគឺល្អផ្តាច់សម្រាប់អ្នកហើយ។ ប៉ុន្តែអ្នកក៏មិនអាចគេចផុតពីការយាយីរំខានទាំងស្រុងនោះដែរ។
ឆ្នាំម្សាញ់៖
សម្រាប់មនុស្សប្រុស បើត្រូវរៀបមង្គលការ អ្នកនឹងបានសម្រេចបំណងប្រកបដោយសេចក្តី ទោះបីមានទំនាស់តិចតួចជាមួយមេបាក៏ដោយ។ អ្នកនឹងបានតំណែង និងទំនួលខុសត្រូវបន្ថែម ប៉ុន្តែត្រូវប្រយ័ត្នចំពោះចោរកម្ម អគ្គិភ័យ និងជំងឺផ្តាសាយ។ រីឯមនុស្សស្រីវិញ ក៏មិនខុសគ្នាដែរ វាជាឆ្នាំជោគលាភ ប៉ុន្តែសូមហាមផ្តាច់ ការបេះបួយនាំរឿងពីឯនេះទៅនិន្ទាឯណោះ បើអ្នកតមបានមែននោះ គ្មានឡើយការបែកបាក់មេត្រីភាព។
ឆ្នាំមមី៖
មិនសូវល្អសោះសម្រាប់ដួងជតាមនុស្សប្រុស។ បើអ្នកចង់ធ្វើអ្វីត្រូវពិចារណាឲ្យល្អិតល្អន់ ហើយកុំពូកែកំប្លុកកំប្លែងពេក ត្រូវធ្វើខ្លួនជាមនុស្សសុភាពរៀបសារ ហើយតបសេចក្តីល្អជាមួយសត្រូវ។ ទោះមានគ្រោះអាសន្ន តែអ្នកមានសំណាងដោយមានមិត្តជិតស្និទ្ធជួយឈឺឆ្អាលយ៉ាងពេញទំហឹង។ ទំនាញសម្រាប់មនុស្សស្រីនៅឆ្នាំនេះ ដូចមនុស្សប្រុសបេះបិទ ដូច្នេះការពិចារណាគិតមុខ គិតក្រោយ ជាបច្ច័យដែលនាំអ្នកឆ្លងផុតគ្រោះ និងជំងឺឈឺថ្កាត់ផ្សេងៗ។
ឆ្នាំមមែ៖
មនុស្សប្រុសឆ្នាំនេះ គឺមានជោគជតាល្អ ដូចមនុស្សស្រីឆ្នាំម្សាញ់ទាំងស្រុង។ មិត្តភក្តិ ចៅហ្វាយនាយចាំទំនុកបម្រុងអ្នកជានិច្ច សំខាន់បំផុតគឺហាមនិយាយដើមគេ ឬនាំរឿងពីនេះ ទៅនោះ។ រីឯចំពោះមនុស្សស្រីឆ្នាំមមែនេះវិញ លោក អ៊ឹម បុរិន្ទ គន់គូឃើញដូចមនុស្សប្រុសឆ្នាំម្សាញ់។ ជាឆ្នាំល្អសម្រាប់អាពាហ៍ពិពាហ៍ ហើយទ្រាំបន្តិចទៅ ហេតុការណ៍នឹងបានល្អប្រសើរឡើងវិញ ក្រោយមានទំនាស់នឹងមេបាបន្តិចបន្តួចរបស់អ្នក។
ឆ្នាំវក៖
ទំនាយថា មនុស្សប្រុសឆ្នាំវកនេះ មានជោគជតា ដូចមនុស្សស្រីឆ្នាំរោង ដោយ លាភផលជូនដល់ដៃ មានការលើកតម្កើងពីមនុស្សទូទៅ ហើយអ្នកអាចគេចផុតពីសត្រូវកាចដែលប៉ុនប៉ងប្រទូស្តរាយទាំងអស់។ ងាកទៅមនុស្សស្រីឆ្នាំវកនេះវិញ នាយកគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ មើលឃើញថា មានរាសីមិនសូវល្អដូចមនុស្សប្រុសឆ្នាំរោងដែរ។ អ្នកកុំសង្ឃឹមថា បានផលកម្រៃពីការដាក់ទុនរកស៊ីជាមួយមនុស្សជិតស្និទ្ធ។
ឆ្នាំរកា៖
រាសីរបស់មនុស្សប្រុសឆ្នាំរកា ដូចទៅនឹងរាសីរបស់មនុស្សស្រីឆ្នាំថោះ។ ទោះមានឧបសគ្គ មានទុក្ខ ប៉ុន្តែ មិត្តភក្តិចាំជួយយ៉ាងស្វិតស្វាញដើម្បីឲ្យអ្នកបានសុខសាន្ត ហើយអ្នកប្រហែលជាត្រូវរុះរើផ្ទះសម្បែងជួសជុល ឬធ្វើថ្មីផងដែរ។ សម្រាប់មនុស្សស្រីឆ្នាំរកាវិញ មានទំនាយដូចទៅនឹងមនុស្សប្រុសឆ្នាំថោះ ជាឆ្នាំល្អសម្រាប់មង្គលការ កុំប្រឹងសេពគប់ជាមនុស្សមនុស្សដែលចូលចិត្តនិយាយលើកជើង ហើយបើមិនចង់ថ្លោះចង្កេះ គ្រេចឆ្អឹងខ្នង សូមកុំលើកលើកដាក់របស់ធ្ងន់។
ឆ្នាំច៖
មនុស្សប្រុសឆ្នាំច ក៏ដូចជាមនុស្សស្រីឆ្នាំខាលយ៉ាងដូច្នោះដែរ។ ឆ្នាំនេះ លោកអ្នកមិនសូវរីករាយសោះ ហើយដំណើរផ្លូវឆ្ងាយក៏មិនសូវកាក់កប និងមិនគួរពឹងគេឲ្យជួយធុរៈខ្លួន។ ជោគជ័យកើតឡើងគឺដោយសារតែការតាំងចិត្តព្យាយាមប្តូរផ្តាច់របស់អ្នក។ រីឯមនុស្សឆ្នាំចវិញ ដូចមនុស្សប្រុសឆ្នាំឆាល ដោយលោកអ្នកមានសេចក្តីសុខសម្រាន្តយ៉ាងលើសលុប តែចំពោះការស្រឡាញ់រាប់អាន ត្រូវប្រយ័ត្នប្រយែងឲ្យមែនទែន ហើយខំស្ទាបស្ទង់នូវទឹកចិត្តគេផង។
ឆ្នាំកុរ៖
មនុស្សប្រុសឆ្នាំកុរ ដូចមនុស្សស្រីឆ្នាំឆ្លូវ ដោយដំណើរជីវិតត្រូវជួបឧបសគ្គ ហើយមានតែការខំតាំងចិត្តពុះពាររម្ងាប់ចិត្តទប់ទល់នឹងអធិករណ៍ទេ ដែលនាំអ្នកឲ្យបានជោគជ័យគ្រាន់បើឡើងវិញបន្តិច។ ដោយឡែកមនុស្សស្រីឆ្នាំកុរវិញ រាសីដូចមនុស្សឆ្នាំឆ្លូវ។ អ្នកច្បាស់ជាធុញទ្រាន់កន្លែងចាស់ ឬត្រូវផ្លាស់ប្តូរទីលំនៅផងក៏មាន។ សូមកុំភ្លេចស្មារតីឲ្យសោះ នៅពេលដែលមានអ្នកធ្វើអ្វីមួយមិនគាប់ និងនាំអ្នកឲ្យមានសេចក្តីសៅហ្មងរឿយៗ៕