ការសិក្សា​៖ កិច្ចប្រជុំ​ដែល​រៀបចំ​នៅ​ការិយាល័យ​មិនសូវ​បាន​ផល​ឡើយ​
វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
ការសិក្សា​៖ កិច្ចប្រជុំ​ដែល​រៀបចំ​នៅ​ការិយាល័យ​មិនសូវ​បាន​ផល​ឡើយ​
06, May 2019 , 8:59 am        
រូបភាព
ដោយ: ធីតា
 អ្នកដឹង មេ​របស់​អ្នកដឹង ទាំងអស់គ្នា​ដឹង ប៉ុន្តែ​ហាក់ដូចជា​មិនសូវ​បាន​ផល​ជា​ដុំកំភួន​នោះឡើយ​។ នេះ​ជាការ​អះអាង​ក្នុងការ​សិក្សា​មួយ​នៅ​បារាំង​ដែល​ត្រូវបាន​ដកស្រង់​ផ្សាយ​ដោយ capital.fr​។ អ្នកជំនាញ​បារាំង បាន​បញ្ជាក់ថា កិច្ចប្រជុំ​ដែលមាន​គ្នា​ពី​ពីរ​ទៅ​បីនាក់ ដោយមាន​កាហ្វេ ឬ​ស្រា​វី​ស្គី ហាក់ជា​បាន​សាច់​ការ​ជាង​។

 
​មួយ​ឆ្នាំមាន​យ៉ាងហោចណាស់​៣​សប្តាហ៍ សម្រាប់​ការប្រជុំ​ក្រុមការងារ ហើយ​តួលេខ មាន​ច្រើនជាង​នេះ ទៅតាម​ស្ថាប័ន និង​ក្រុមហ៊ុន​។ ប៉ុន្តែ​កិច្ចប្រជុំ​ដ៏​ច្រើន​បែបនេះ ហាក់ដូចជា​មិនសូវ​បាន​ផល​ឡើយ ដោយ​អ្នកចូលរួម​ប្រជុំ​ជាច្រើន​អស់កម្លាំង ងុ​យ​គេង និង​ស្ងាប​ញឹកញាប់​។ 


 
​ការសិក្សា​មួយ​កាលពី​ឆ្នាំ​២០១៧​របស់​វិទ្យាស្ថាន​បារាំង OpinionWay  បាន​បង្ហាញថា កិច្ចប្រជុំ​៥២​ភាគរយ​នៅ​ការិយាល័យ ត្រូវបាន​ចាត់ទុកថា មាន​ផល​វិជ្ជមាន ប៉ុន្តែ​បុគ្គលិក​១៨​ភាគរយ ត្អូញត្អែ​ថា គ្មាន​របៀបវារៈ និង​គោលដៅ​ច្បាស់លាស់ ហើយ​២៦​ភាគរយ សារភាពថា ពួកគេ​ដូចជា​មិនសូវ​ចាំបាច់​សម្រាប់​កិច្ចប្រជុំ​ទាំងនោះ​ឡើយ​។​

​ជាមួយគ្នានេះ​ផងដែរ បុគ្គលិក​៧៥​ភាគរយ បង្ហាញ​ជំហរ​ថា ពួកគេ​មិន​ចង់ទៅ​ចូលរួម​កិច្ចប្រជុំ​បន្តទៀត​សោះ ប្រសិនបើ​ពួកគេ​អាច​ប្រកែក​បាន​។ លទ្ធផល​បានបង្ហាញ​ផងដែរ​ថា ពេល​ប្រជុំ បុគ្គលិក​៤​នាក់ ក្នុងចំណោម​១០​នាក់ ប្រើ​ស្មា​ត​ហ្វូ​ន ឬ​កំ​ព្យូ​ទ័​រ ធ្វើ​កិច្ចការ​ផ្សេង ដូចជា​ឆែក​អ៊ី​ម៉ែ​ល ផ្ញើ​សារ បើក​អ៊ី​ន​ធ័​រ​ណិ​ត ខណៈ​៤៦​ភាគរយ នាំគ្នា​កត់ត្រា​កិច្ចប្រជុំ​។​
 
Empreinte Humaine ភ្នាក់ងារ​ប្រឹក្សា​ឯករាជ្យ ជំនាញ​ផ្នែក​ការពារ​គ្រោះថ្នាក់​ផ្លូវចិត្ត និង​គុណភាព​ការងារ បាន​លើកឡើងថា ការផ្តល់​យោបល់​ដ៏​ច្រើន​ហួសហេតុ និង​បន្ទុក​ការងារ​ច្រើន ជា​កត្តា​នាំ​ឲ្យ​គ្មាន​លទ្ធផល​ក្រោយ​ប្រជុំ​។ បុគ្គលិក​ជាច្រើន​ត្អូញត្អែ​ថា ទោះ​មាន​កិច្ចប្រជុំ​ច្រើន ប៉ុន្តែ​ការសម្រេចចិត្ត​ស្ថិតនៅលើ​ថ្នាក់ដឹកនាំ​ដដែល​។​
 
​តាម​ការផ្សាយ​របស់ Capital.fr កិច្ចប្រជុំ​ដែល​បាន​សាច់​ការ​នោះ ក្រុមការងារ​អាច​ឈរ​និយាយ​គ្នា ហើយ​អ្នក​ចូលចិត្ត​ភាគច្រើន​ត្រូវ​ដឹង​ប្រធានបទ​មុន​។ គ្មាន​តុ គ្មាន​កៅអី និង​គ្មាន​ឱកាស​ឆែក​អ៊ី​ម៉ែ​ល  ហើយ​អមដោយ​ទេសភាព កិច្ចប្រជុំ​តែ​កន្លះ​ម៉ោង ក៏​ទទួលបាន​ផល​ផងដែរ​។​
 
 
​អ្នកជំនាញ​បារាំង បាន​រំលឹក​ផងដែរ​ថា កាលពី​អំឡុង​សតវត្សរ៍​ទី​១០ ការគ្រប់គ្រង និង​ការងារ​សម្រេច​ផល​នានា មិនបាន​កើតឡើង​ដោយសារ​កិច្ចប្រជុំ​នោះឡើយ ហើយ​ករណី​មាន​កំហុស អ្នកទទួលបន្ទុក​ត្រូវ​កាត់ទោស​ប្រហារជីវិត និង​រង​ទារុណកម្ម​ផ្សេងៗ​។ 
 
​នាពេល​បច្ចុប្បន្ន កិច្ចប្រជុំ​ភ្លាមៗ ដែល​ភាគច្រើន​អ្នក​ចូល​មិនដឹង​របៀបវារៈ​មុន (Réunionite) បានធ្វើ​ឲ្យ​ខាត​ពេល​ជាច្រើន ពោលគឺ​ចាញ់​កិច្ចប្រជុំ​ដែលមាន​គ្នា​តិច​ដោយមាន​កាហ្វេ ឬ​ស្រា​វី​ស្គី​។​
 
«Nemawashi» ជា​ទម្រង់​នៃ​កិច្ចប្រជុំ​ក្រៅផ្លូវការ​មួយ​របស់​ជប៉ុន ដែល​គួរតែ​រៀន​តាម​។ នេះ​ជា​ប្រពៃណី​របស់​ជនជាតិ​ជប៉ុន ដែល​ពួកគេ​ចូលចិត្ត​ជួបជុំគ្នា​ក្រៅផ្លូវការ ដើម្បី​សិក្សា​មតិយោបល់ និង​ការសម្រេចចិត្ត​របស់​ម​នុស្ស​ដែល​ពាក់ព័ន្ធ មុននឹង​ឈានដល់​ការពិភាក្សា​ក្រុម​ធំ​។​
 
Nemasashi អាច​បក​ប្រែជា​ភាសា​ខ្មែរ​ថា «​ជុំគ្នា​នៅ​ជុំវិញ​ឫស​ឈើ​»​។ ជា​ប្រពៃណី គេ​ជីកដី​ជុំវិញ​ដើមឈើ​មួយ ដើម្បី​រៀបចំ​យកទៅ​ដាំ​ទាំង​ឫស​នៅ​កន្លែង​ថ្មី​។ ដំណើរការ​នេះ មានន័យថា គេ​យក​អ្វីដែល​កខ្វក់​ពី​កន្លែង​ថ្មី​ទៅ​ដាក់​ជុំវិញ​ដើមឈើ ហើយ​ដើមឈើ​នឹងមាន​ភាពស៊ាំ​រួចជាស្រេច​ជាមួយ​បរិយាកាស​ថ្មី មុនពេល​ដែល​វា​ត្រូវបាន​យកទៅ​ដាំ​នៅ​ទីនោះ​៕
 
​ 

Tag:
 កិច្ចប្រជុំ​
  ការងារ​
© រក្សាសិទ្ធិដោយ thmeythmey.com