អ្នកដឹង មេរបស់អ្នកដឹង ទាំងអស់គ្នាដឹង ប៉ុន្តែហាក់ដូចជាមិនសូវបានផលជាដុំកំភួននោះឡើយ។ នេះជាការអះអាងក្នុងការសិក្សាមួយនៅបារាំងដែលត្រូវបានដកស្រង់ផ្សាយដោយ capital.fr។ អ្នកជំនាញបារាំង បានបញ្ជាក់ថា កិច្ចប្រជុំដែលមានគ្នាពីពីរទៅបីនាក់ ដោយមានកាហ្វេ ឬស្រាវីស្គី ហាក់ជាបានសាច់ការជាង។
មួយឆ្នាំមានយ៉ាងហោចណាស់៣សប្តាហ៍ សម្រាប់ការប្រជុំក្រុមការងារ ហើយតួលេខ មានច្រើនជាងនេះ ទៅតាមស្ថាប័ន និងក្រុមហ៊ុន។ ប៉ុន្តែកិច្ចប្រជុំដ៏ច្រើនបែបនេះ ហាក់ដូចជាមិនសូវបានផលឡើយ ដោយអ្នកចូលរួមប្រជុំជាច្រើនអស់កម្លាំង ងុយគេង និងស្ងាបញឹកញាប់។
ការសិក្សាមួយកាលពីឆ្នាំ២០១៧របស់វិទ្យាស្ថានបារាំង OpinionWay បានបង្ហាញថា កិច្ចប្រជុំ៥២ភាគរយនៅការិយាល័យ ត្រូវបានចាត់ទុកថា មានផលវិជ្ជមាន ប៉ុន្តែបុគ្គលិក១៨ភាគរយ ត្អូញត្អែថា គ្មានរបៀបវារៈ និងគោលដៅច្បាស់លាស់ ហើយ២៦ភាគរយ សារភាពថា ពួកគេដូចជាមិនសូវចាំបាច់សម្រាប់កិច្ចប្រជុំទាំងនោះឡើយ។
ជាមួយគ្នានេះផងដែរ បុគ្គលិក៧៥ភាគរយ បង្ហាញជំហរថា ពួកគេមិនចង់ទៅចូលរួមកិច្ចប្រជុំបន្តទៀតសោះ ប្រសិនបើពួកគេអាចប្រកែកបាន។ លទ្ធផលបានបង្ហាញផងដែរថា ពេលប្រជុំ បុគ្គលិក៤នាក់ ក្នុងចំណោម១០នាក់ ប្រើស្មាតហ្វូន ឬកំព្យូទ័រ ធ្វើកិច្ចការផ្សេង ដូចជាឆែកអ៊ីម៉ែល ផ្ញើសារ បើកអ៊ីនធ័រណិត ខណៈ៤៦ភាគរយ នាំគ្នាកត់ត្រាកិច្ចប្រជុំ។
Empreinte Humaine ភ្នាក់ងារប្រឹក្សាឯករាជ្យ ជំនាញផ្នែកការពារគ្រោះថ្នាក់ផ្លូវចិត្ត និងគុណភាពការងារ បានលើកឡើងថា ការផ្តល់យោបល់ដ៏ច្រើនហួសហេតុ និងបន្ទុកការងារច្រើន ជាកត្តានាំឲ្យគ្មានលទ្ធផលក្រោយប្រជុំ។ បុគ្គលិកជាច្រើនត្អូញត្អែថា ទោះមានកិច្ចប្រជុំច្រើន ប៉ុន្តែការសម្រេចចិត្តស្ថិតនៅលើថ្នាក់ដឹកនាំដដែល។
តាមការផ្សាយរបស់ Capital.fr កិច្ចប្រជុំដែលបានសាច់ការនោះ ក្រុមការងារអាចឈរនិយាយគ្នា ហើយអ្នកចូលចិត្តភាគច្រើនត្រូវដឹងប្រធានបទមុន។ គ្មានតុ គ្មានកៅអី និងគ្មានឱកាសឆែកអ៊ីម៉ែល ហើយអមដោយទេសភាព កិច្ចប្រជុំតែកន្លះម៉ោង ក៏ទទួលបានផលផងដែរ។
អ្នកជំនាញបារាំង បានរំលឹកផងដែរថា កាលពីអំឡុងសតវត្សរ៍ទី១០ ការគ្រប់គ្រង និងការងារសម្រេចផលនានា មិនបានកើតឡើងដោយសារកិច្ចប្រជុំនោះឡើយ ហើយករណីមានកំហុស អ្នកទទួលបន្ទុកត្រូវកាត់ទោសប្រហារជីវិត និងរងទារុណកម្មផ្សេងៗ។
នាពេលបច្ចុប្បន្ន កិច្ចប្រជុំភ្លាមៗ ដែលភាគច្រើនអ្នកចូលមិនដឹងរបៀបវារៈមុន (Réunionite) បានធ្វើឲ្យខាតពេលជាច្រើន ពោលគឺចាញ់កិច្ចប្រជុំដែលមានគ្នាតិចដោយមានកាហ្វេ ឬស្រាវីស្គី។
«Nemawashi» ជាទម្រង់នៃកិច្ចប្រជុំក្រៅផ្លូវការមួយរបស់ជប៉ុន ដែលគួរតែរៀនតាម។ នេះជាប្រពៃណីរបស់ជនជាតិជប៉ុន ដែលពួកគេចូលចិត្តជួបជុំគ្នាក្រៅផ្លូវការ ដើម្បីសិក្សាមតិយោបល់ និងការសម្រេចចិត្តរបស់មនុស្សដែលពាក់ព័ន្ធ មុននឹងឈានដល់ការពិភាក្សាក្រុមធំ។
Nemasashi អាចបកប្រែជាភាសាខ្មែរថា «ជុំគ្នានៅជុំវិញឫសឈើ»។ ជាប្រពៃណី គេជីកដីជុំវិញដើមឈើមួយ ដើម្បីរៀបចំយកទៅដាំទាំងឫសនៅកន្លែងថ្មី។ ដំណើរការនេះ មានន័យថា គេយកអ្វីដែលកខ្វក់ពីកន្លែងថ្មីទៅដាក់ជុំវិញដើមឈើ ហើយដើមឈើនឹងមានភាពស៊ាំរួចជាស្រេចជាមួយបរិយាកាសថ្មី មុនពេលដែលវាត្រូវបានយកទៅដាំនៅទីនោះ៕