អន្តរជាតិ
លោក មហា​ធៀ ថា មន្ត្រី​ខ្លះ​ចង់​ផ្តួល​រដ្ឋបាល​លោក ព្រោះ​លែង​អាច​ស៊ីសំណូក​ទៀត
06, May 2019 , 11:28 am        
រូបភាព
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ (ប្រភពរូប៖ Bernama)
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ (ប្រភពរូប៖ Bernama)
ដោយ:
​មនុស្ស​មួយចំនួន រួមទាំង មន្ត្រីរាជការ​ផង​នោះ ចង់​ផ្តួលរំលំ​រដ្ឋាភិបាលចម្រុះ​ដឹកនាំ​ប្រទេស ព្រោះ​ពួកគេ​លែង​អាច​ស៊ីសំណូក​បាន​ទៀត បន្ទាប់ពី​មាន​កិច្ចប្រឹងប្រែង​បង្ក្រាប​អំពើពុករលួយ ក្រោម​អាណត្តិ​រដ្ឋាភិបាល​ថ្មី​។ នេះ​ការបញ្ជាក់​របស់​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហា​ធៀ មហាម៉ាត់ ដោយ​សង្កត់ធ្ងន់ថា អំពើពុករលួយ​នេះឯង ជាហេតុ​ផល​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មុន​ចាញ់ឆ្នោត​នោះ​។​

 
​ថ្លែង​ក្នុង​សន្ទរកថា​មួយ​នៅមុខ​មន្ត្រីរាជការ​ម៉ាឡេស៊ី​រាប់រយ​នាក់ លោក មហា​ធៀ និយាយ​ចំៗ​ថា មនុស្ស​មួយចំនួន យល់ឃើញថា រដ្ឋាភិបាល​លោក​មិនល្អ​ដូច​រដ្ឋាភិបាល​មុន ដោយហេតុថា រដ្ឋាភិបាល​លោក ពុំ​អនុញ្ញាត​ឲ្យ​មានការ​ស៊ីសំណូកសូកប៉ាន់​កើតឡើង​ដាច់ខាត​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Bernama មេដឹកនាំ​ចាស់វស្សា​រូបនេះ នៅ​ថ្ងៃទី​៥ ខែឧសភា លើកឡើង​ទៀតថា អ្នក​ខ្លះទៀត យល់ឃើញថា រដ្ឋាភិបាល​លោក ពុំគួរ​បន្ត​ដឹកនាំ​ប្រទេស​ទៀត​ទេ​។ ប៉ុន្តែ​ពួកគេ ពេញចិត្ត​នឹង​ឲ្យ​ម៉ាឡេស៊ី​វិលត្រឡប់​ទៅរក​រដ្ឋាភិបាល​ពុករលួយ​ដូច​មុន​វិញ ដែល​ផ្តល់​ផលប្រយោជន៍​ដល់​ពួកគេ​។ 
 
​ទន្ទឹមនឹង​គ្នា​នេះ លោក មហា​ធៀ សង្កត់ធ្ងន់ថា ដរាបណា​មេដឹកនាំ និង​រដ្ឋាភិបាល ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​ប្រជាជន ប្រព្រឹត្ត​អំពើពុករលួយ​ហើយ​នោះ ភាគី​ជាច្រើន នឹង​ក្លាយជា​ជនរងគ្រោះ ក្នុងនោះ​ក៏មាន​ប្រជាជន​ជំនាន់​ក្រោយ​ផងដែរ​។​
 
​បន្ថែម​ពី​ការព្រមាន​ពី​ផលប៉ះពាល់​នៃ​អំពើពុករលួយ មេដឹកនាំ​វ័យ ៩៣​ឆ្នាំ​រូបនេះ លើកឡើង​ពី​ហេតុផល​ដែល​បណ្តាល​ឲ្យ​រដ្ឋាភិបាល​មុន​របស់លោក​អតីត​នាយករដ្ឋមន្ត្រី លោក ណា​ជីប រ៉ា​ហ្សា​ក់ ចាញ់ឆ្នោត​ក្រោម​ដៃ​លោក​។ ត្រង់ចំណុច​នេះ លោក មហា​ធៀ អះអាងថា ការបរាជ័យ​ដ៏​ធំ​នេះ គឺ​បណ្តាលមកពី​ការអនុញ្ញាត​ឲ្យ​មានការ​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ចាស់ដៃ ក្រោម​អាណត្តិ​លោក ណា​ជីប នេះ​តែម្តង​។ 
 
​បើតាម​ប្រភព​ដដែល ជា​ចុងក្រោយ លោក មហា​ធៀ គូសបញ្ជាក់ថា ទ្រព្យសម្បត្តិ​របស់​រដ្ឋ គួរតែ​ត្រូវបាន​ចែករំលែក​ជាមួយ​ប្រជាជន​ទាំងអស់​ក្នុងប្រទេស ទោះជា​ពួកគេ​មានពូជ​សាសន៍ ពណ៌​សម្បុរ និង​សាសនា​បែបណាក៏ដោយ​ក្តី​៕

Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ​
  អំពើពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com