អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សង្គ្រាម​ពាណិជ្ជកម្ម​ឡើង​កម្ដៅ​វិញ ក្រោយ​លោក ត្រាំ ប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​
06, May 2019 , 1:52 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថ្លែងទៅកាន់អ្នកសារព័ត៌មាន ខណៈឧបនាយករដ្ឋមន្រ្តីចិន លីវ ហឺ កំពុងស្ដាប់អំឡុងជំនួបនៅសេតវិមាននាពេលកន្លងមក។ (រូបភាព AFP)
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថ្លែងទៅកាន់អ្នកសារព័ត៌មាន ខណៈឧបនាយករដ្ឋមន្រ្តីចិន លីវ ហឺ កំពុងស្ដាប់អំឡុងជំនួបនៅសេតវិមាននាពេលកន្លងមក។ (រូបភាព AFP)
ប្រៀប​ដូច​ចាក់​សាំង​លើ​ភ្លើង​ដែល​ហៀបនឹង​រលត់​ទៅហើយនោះ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៥ ខែឧសភា បានប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​ជាថ្មីទៀត​។ ខណៈ​ការចរចា​ដប់​លើក​មក​នោះ​ត្រូវបាន​មន្ត្រី​ភាគី​ទាំងពីរ​អះអាងថា មានដំណើរ​ការ​ទៅមុខ លោក ត្រាំ ហាក់​មិន​ពេញ​ចិត្តនឹង​លទ្ធផល​ដែល​ទទួលបាន​ទៅវិញ​។ ការប្រកាស​ដំឡើង​ពន្ធ​នេះ ធ្វើ​ឲ្យ​គម្រោង​ចរចា​ជុំ​ទី​១១ ស្ថិតក្នុង​ភាពមិនច្បាស់លាស់ ហើយ​ច្បាស់​ណាស់ ក្រុង​ប៉េកាំង​នឹងមិន​សប្បាយចិត្ត​ឡើយ​។​

 
​មុន​ជំនួប​ចរចា​លើក​ទី​១១ ដែល​គ្រោង​ធ្វើ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បែរជា​ប្រកាស​ដំឡើង​ពន្ធ​នាំចូល​ចំនួន​២៥​ភាគរយ​លើ​ទំនិញ​ចិន​ដែលមាន​ទំហំ​ទឹកប្រាក់​២០០​ពាន់​លាន​ដុល្លារ​។ ការប្រកាស​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ ទំនងជា​សារ​ព្រមាន​ចិន​មុន​ការចរចា​នៅ​ទឹកដី​អាមេរិក ដែល​គេ​ជឿថា ជាការ​ចរចា​ជុំ​ចុងក្រោយ​ដើម្បី​សម្រេច​ថា អាមេរិក និង​ចិន​ត្រូវរ៉ូវ​គ្នា​ហើយ​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម ឬក៏​ចាប់ផ្ដើម​ធ្វើសង្គ្រាម​បន្តទៀត​។​
 
​តាមពិតទៅ ក្រោយ​ការចរចា​ដប់​លើក​កន្លងមក​មិន​ថា​នៅ​ប៉េកាំង ឬ​វ៉ាស៊ីនតោន ភាគី​ទាំងពីរ​សុទ្ធតែ​បង្ហាញ​គំនិត​វិជ្ជមាន​ដូចគ្នា​។ ភាគី​ទាំងពីរ គ្រោង​បើក​ការចរចា​ចុងក្រោយ​នៅក្នុង​សប្ដាហ៍​នេះ​ចាប់ពី​ថ្ងៃទី​៨ តទៅ ដើម្បី​ពិនិត្យ​លើ​កិច្ចព្រមព្រៀង​មុននឹង​ដាក់​ឲ្យ​មេដឹកនាំ​ចុះហត្ថលេខា​។ យោងតាម​របាយការណ៍​នានា អ្វីដែល​នៅ​សេសសល់ គឺ​ការប្រើប្រាស់​ពាក្យពេជន៍​ឲ្យ​សមស្រប​ទៅតាម​ផលប្រយោជន៍​នៃ​ភាគី​រៀងៗ​ខ្លួន​។​
 
​យ៉ាងណាមិញ លោក ត្រាំ បកស្រាយ​ថា លោក​មិន​ពេញចិត្ត​នឹង​ដំណើរ​ការចរចា​យឺតយ៉ាវ​ទើប​ប្រកាស​ដំឡើង​ពន្ធ​តែម្ដង​។ ដូច​សព្វដង លោក​សរ​សរលើ Twitter ថា​៖ «១០​ខែ​មកនេះ ចិន​បាន​បង់ពន្ធ​នាំចូល​២៥​ភាគរយ​លើ​ទំនិញ​បច្ចេកវិទ្យា​មាន​ទំហំ​ទឹកប្រាក់​៥០​ពាន់​លាន​ដុល្លារ និង​១០​ភាគរយ​ទៀត​លើ​ទំនិញ​ផ្សេងៗ​ដែលមាន​ទំហំ​២០០​ពាន់​លាន​ដុល្លារ​។ ពន្ធ​នាំចូល​១០​ភាគរយ​នេះ នឹង​បង្កើន​ទៅដល់​២៥​ភាគរយ​នៅ​ថ្ងៃទី​១០ ខែឧសភា​។​» 
 
​ការកាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​ដែល​លម្អៀង​ទៅរក​ចិន ការបើកចំហ​ទីផ្សារ​ចិន ការប្រកួត​ប្រកួត​ដោយ​ស្មើភាព និង​ការបញ្ចប់​នយោបាយ​ឧបត្ថម្ភ​ធន​ដល់​ក្រុមហ៊ុន​រដ្ឋ ជា​លក្ខខណ្ឌ​សំខាន់ៗ​ដែល​អាមេរិក​ចង់បាន​ពី​ចិន​។ ប៉ុន្តែ​ការប្រកាស​ដំឡើង​ពន្ធ​របស់លោក ត្រាំ ជា​សញ្ញា​ប្រាប់ថា ចិន​នៅ​រារែក​មិន​ចង់​ធ្វើតាម​ការទាមទារ​ឡើយ ទោះជា​បាន​សន្យា​បង្កើន​ការទិញ​ទំនិញ​កសិកម្ម​ពី​អាមេរិក​ឲ្យ​បាន​ច្រើនជាង​មុខ​ក៏ដោយ​។ 
 
​បើតាម​ការប្រកាស​នេះ លោក ត្រាំ ចង់​ដាក់​សម្ពាធ​កាន់តែខ្លាំង​លើ​ចិន​ដើម្បី​បំពេញតម្រូវការ​របស់​អាមេរិក​ឲ្យ​បាន​ដាច់ខាត​។ យ៉ាងណាមិញ គេ​មិនដឹងថា ការចរចា​ជុំ​ចុងក្រោយ​នេះ អាចធ្វើ​ឡើង​តាម​គម្រោង​ឬ​យ៉ាងណា​ឡើយ​ក្រោយ​ការប្រកាស​របស់​ប្រធានាធិបតី​អាមេរិក​។ និពន្ធ​នាយក​កាសែត Global Times របស់​បក្ស​កុម្មុយនីស្ត​ចិន បាន​សរសេរ​លើ Twitter ដែរ​ថា ឧបនាយករដ្ឋមន្ត្រី​ចិន លីវ ហឺ ដែលជា​ប្រធាន​ក្រុម​ចរចា​របស់​ចិន ទំនងជា​មិន​ទៅ​អាមេរិក​ឡើយ​៕
 
 
 
 

Tag:
 ​ចិន​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com