ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​បញ្ជា​ទិញ​ធំៗ​ចំនួន​២០​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ឆ្លើយតប​ពី​ការ​ប្រឈម​នឹង​ការបាត់បង់ EBA និង GSP
06, May 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​ភ្នំពេញ ៖ ក្រុមហ៊ុន​អន្តរជាតិ​ចំនួន​២០ ដែល​បញ្ជា​ទិញ​ទំនិញ​វាយ​ន​ភណ្ឌ​ពី​កម្ពុជា​ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ឆ្លើយតប​នឹង​លក្ខខណ្ឌ​ទាមទារ​របស់​សហភាព​អឺរ៉ុប ដែលមាន​ការលើកស្ទួយ​ស្ថានភាព​ការងារ​និង​សិទ្ធិមនុស្ស ដើម្បី​រក្សា​ការអនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​សម្រាប់​កម្ពុជា​។​

 
​លិខិត​មួយច្បាប់​ដែល​ក្រុមហ៊ុន​អន្តរជាតិ​ទាំងនេះ​ផ្ញើជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី ២ ខែឧសភា​នេះ បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ទាំងនេះ ដែល​បញ្ជា​ទិញ​ទំនិញ​ផ្នែក​កាត់ដេរ និង​ទំនិញ​ជា​សម្ភារសម្រាប់​ការធ្វើដំណើរ ដូចជា​កាបូប វ៉ាលិស​ជាដើម​នោះ បារម្ភ​អំពី​គម្រោង​នៃ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ពី​កម្ពុជា​។​
 
​ក្នុង​លិខិត​ដែល​សរសេរ​ជា​ភាសា​អង់គ្លេស​នោះ ពួកគេ​បានបង្ហាញ​ការព្រួយបារម្ភ​ថា​៖ «​នាពេល​ថ្មីៗ​នេះ សហភាព​អឺរ៉ុប​បានប្រកាស​សេចក្តីសម្រេច​ចិត្ត​របស់ខ្លួន ​ក្នុងការ​ត្រួតពិនិត្យ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ (EBA) របស់​កម្ពុជា​។​ ​សមាជិកសភា​អាមេរិក ​បានដាក់​ចេញ​សេចក្តីព្រាងច្បាប់​មួយ ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​អាមេរិក​ ពិនិត្យមើល​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) សម្រាប់​កម្ពុជា​ ដោយ​ផ្អែកលើ​ការថយចុះ​ការគោរព​បទដ្ឋាន​ការងារ រួមទាំង​សេរីភាព​ខាង​សមាគម និង​បញ្ហា​ផ្សេងៗ​ទៀត​ ទាក់ទង​នឹង​ការគោរព​សិ​ទិ្ធ​មនុស្ស​នៅ​កម្ពុជា​»​។​
 
​ក្រុមហ៊ុន​ទាំង ២០ នោះ មានដូចជា​ក្រុមហ៊ុន Adidas, Nike, Gap និង​ក្រុមហ៊ុន Levi ជាដើម ដែលជា​ក្រុមហ៊ុន​បញ្ជា​ទិញ​ទំនិញ​ផ្នែក​វាយ​ន​ភណ្ឌ ដូចជា​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ជា​សម្ភារសម្រាប់​ការធ្វើដំណើរ ដូចជា​កាបូប វ៉ាលិស​ជាដើម គិត​ជា​ទឹកប្រាក់​ប្រមាណ​ជា ៩,៥ ពាន់​លាន​ដុល្លារ​អាមេរិក​ ពី​អ្នកផ្គត់ផ្គង់​នៅ​កម្ពុជា​។ នេះ​បើតាម​ការបញ្ជាក់​ក្នុង​លិខិត​របស់​ពួកគេ​។​


រូបឯកសារ៖ ក្រុមកម្មកររោងចក្រ​ ធ្វើដំណើរ​ទៅផ្ទះ​ ក្រោយ​ចេញ​ពី​ធ្វើការ​ នៅ​ពេល​ល្ងាចមួយ ឯ​ជាយ​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី២៥​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ខាន់ សុគុំមនោ/VOA)
 
​ពួកគេ​បាន​បន្ថែម​ក្នុង​លិខិត​នោះ​ថា ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ តាមរយៈ​ការបញ្ជាទិញ​របស់​ពួកគេ មាន​ទំហំ​ប្រមាណ​ជា ៤៣ ភាគរយ​ នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​កម្ពុជា​។​
 
​នេះ​មិនមែនជា​លើកទីមួយ​ទេ​ ដែល​ក្រុមហ៊ុន​បញ្ជា​ទិញ​ធំៗ​ទាំងនេះ​ បង្ហាញ​ពី​កង្វល់ និង​ស្នើសុំ​​ឲ្យ​មាន​ដំណោះស្រាយ ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​នេះ​។​
 
​ពួកគេ​បន្ថែមថា ការបារម្ភ និង​អនុសាសន៍​របស់​ពួកគេ​ជាច្រើន​ ដែល​ផ្តល់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​នាពេល​កន្លងទៅ​ មិនទាន់មាន​ការឆ្លើយតប​នៅឡើយ​។​
 
​ពួកគេ​បញ្ជាក់​តាមន័យ​ដើម​ថា​៖ «​ប្រសិនបើ​អនុវត្តតាម​អនុសាសន៍​នោះ វា​អាច​បង្ហាញ​ពី​វឌ្ឍនភាព​ពិតប្រាកដ​ ឆ្ពោះទៅរក​ការគោរព​សហជីព និង​សង្គម​ស៊ីវិល​ និង​រក្សា​ផលប្រយោជន៍​ពាណិជ្ជកម្ម​របស់​កម្ពុជា​។ មកដល់ពេលនេះ យើង​មិន​ទទួលបាន​ការឆ្លើយតប​ទៅនឹង​លិខិត​នោះទេ​។ យើង​រង់ចាំ​ស្តាប់​ការឆ្លើយតប​ពី​អ្នក ហើយ​ធ្វើការ​ជាមួយ​អ្នក​ ដើម្បី​ធានា​នូវ​អនាគត​ដ៏​ភ្លឺស្វាង​សម្រាប់​កម្មករ​កម្ពុជា និង​សេដ្ឋកិច្ចកម្ពុជា​ទាំងមូល​»​។​
 
​ការបង្ហាញ​ក្តីបារម្ភ​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ​ធំៗ​ទាំងនេះ ​ធ្វើឡើងបន្ទាប់ពី​គណៈកម្មការ​សហភាព​អឺរ៉ុប​ កាលពី​ខែកុម្ភៈ ឆ្នាំ២០១៩  ​ប្រកាស​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ ដែល​អាច​ឈានទៅ​ដកហូត​បណ្តោះអាសន្ន ​នូវ​ឋានៈ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា ដោយសារតែ​ការធ្លាក់ចុះ​ ការគោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​។​
 
​លោក ​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ប្រាប់ VOA ថា រដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច​ ពាក់ព័ន្ធ​នឹង​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​។ លោក​ថា ក្រុមហ៊ុន​បញ្ជា​ទិញ​ទាំងនោះ ​មិនគួរ​មានការ​បារម្ភ​នោះទេ​។​
 
​លោក​បញ្ជាក់ថា​៖«​ផលប៉ះពាល់​តិច​ណាស់​ទៅលើ​គាត់ ក៏ដូចជា​ផលប៉ះពាល់​តិច​ណាស់​ ទៅលើ​កម្មករ​។ ទោះបីជា​បាត់បង់ EBA ហ្នឹង​យ៉ាងណាក៏ដោយ ពីព្រោះ​យើង​បាន​ត្រៀមលក្ខណៈ​ និង​វិធាន​គ្រប់បែបយ៉ាង ​ក្នុងការ​ដោះស្រាយ​នេះឯង រក្សា និង​តម្កល់​ការ​ចំណេញ​របស់គាត់​»​។​
 
​យ៉ាងណាក្តី លោក​ផៃ ស៊ី​ផាន មិន​បញ្ជាក់ថា តើ​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា ​ដើម្បី​រក្សា​ផលចំណេញ​សម្រាប់​អ្នកវិនិយោគ ទប់ទល់​នឹង​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំងនោះ​ មានតម្លៃ​ប៉ុន្មាន​នោះទេ​។​
 
​ការព្រមាន​របស់​សហ​ភាព​អឺរ៉ុប ​ក្នុង​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ​ធ្វើឡើងបន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា​ របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បានឈ្នះ​អាសនៈ​ទាំងអស់​ចំនួន ១២៥ ក្នុងការ​ការបោះឆ្នោតជាតិ​ឆ្នាំ ២០១៨ ក្រោយពី​តុលាការ​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ហាមឃាត់​មន្ត្រីជាន់ខ្ពស់​គ​ណ​បក្ស​នេះ​ចំនួន ១១៨ រូប មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល ៥ ឆ្នាំ​។ ចំណែក​ការបង្ក្រាប​លើ​សង្គម​ស៊ីវិល ការ​រឹតត្បិត​លើ​សារព័ត៌មាន​ឯករាជ្យ ព្រមទាំង​ការ​រឹតត្បិត​ក្រុម​សំឡេង​ប្រឆាំង ក៏​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​មានការ​ព្រមាន​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ការរិះគន់​ផងដែរ​។​
 
​លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ប្រាប់ VOA នា​រសៀល​ថ្ងៃ​សុក្រ​នេះ តាមរយៈ​សារ​អេ​ឡិច​ត្រូ​និ​ក ឬ​អ៊ីមែល​ថា សហភាព​អឺរ៉ុប​បានលើកឡើង​ពី​បញ្ហា​មួយចំនួន​ដែល​នាំឱ្យមាន​នីតិវិធី​ផ្អាក​ជា​បណ្ដោះអាសន្ន ​នូវ​ការអនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​។ លោក​បន្តថា ការព្រួយបារម្ភ​ទាំងនេះ​ ផ្តោតលើ​វិស័យ​សំខាន់​បី ​គឺ​សិទ្ធិ​នយោបាយ និង​ការធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ និង​សង្គម​ស៊ីវិល បញ្ហា​ពលកម្ម និង​សេរីភាព​ខាង​សមាគម សហជីព​និង​ការព្រួយបារម្ភ​លើ​សម្បទាន​ដី​សេដ្ឋកិច្ច ជាពិសេស​ក្នុង​វិស័យ​ស្ករស​។​
 
​លោក George Edgar បន្ថែមថា ព្រឹត្តិការណ៍​សំខាន់ៗ​ក្នុង​ឆ្នាំ ២០១៧ និង ២០១៨ គឺជា​ជំហាន​ដ៏​សំខាន់​ដែល​បញ្ជាក់ថា កម្ពុជា​មិនបាន​គោរព​តាម​គោលការណ៍​ច្បាប់​អន្តរជាតិ​ទេ​។​
 
​លោក​បញ្ជាក់​តាមន័យ​ដើម​ថា​៖ «​ក្តីសង្ឃឹម​របស់​សហភាព​អឺរ៉ុប ​គឺ​ចង់ឃើញ​វិធានការ​ចាំបាច់​នានា​ក្នុងប្រទេស​កម្ពុជា​ ដើម្បី​ដោះស្រាយ​ការព្រួយបារម្ភ ដែលនាំឱ្យ​មានដំណើរ​កា​រដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​។ ដូច្នេះ​ការទទួលបាន​ការអនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម EBA សម្រាប់​កម្ពុជា ​នឹង​លែងមាន​បញ្ហា​ទៀតហើយ​។ ការផ្អាក​ការអនុគ្រោះ​ពន្ ធ​គឺជា​វិធានការ​ចុងក្រោយ​ប៉ុណ្ណោះ​»​។​
 
​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ក្រោម​កម្មវិធី​គ្រប់មុខ​ទំនិញ​លើកលែង​គ្រឿង​សព្វាវុធ (EBA) ត្រូវបាន​សហភាព​អឺរ៉ុប​បង្កើតឡើង​កាលពី​ឆ្នាំ ២០០១ ដោយមាន​ការព្រមព្រៀង​ថា រដ្ឋ​សមាជិក​ត្រូវគោរព​តាម​ការទាមទារ​របស់​សហគមន៍​អឺរ៉ុប ដែល​ក្នុងនោះ​មានការ​គោរព​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន​។​
 
​ការអនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី «​រាល់​មុខទំនិញ​លើកលែង​ស​ព្វា​វុ​ធ‍​» ឬ (EBA)​បានធ្វើឱ្យ​កម្ពុជា​ចំណេញ​ប្រាក់​ជិត ៧០០ លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ហើយ​តាមរយៈ​កម្មវិធី GSP កម្ពុជា​នាំ​ទំនិញ​ចូល​ទីផ្សារ​របស់​សហរដ្ឋអាមេរិក ​ចំនួន ៤០០ លាន​ដុល្លារ​នៅ​ឆ្នាំ ២០១៧ ដោយ​មិន​បង់​ពន្ធគយ​។​
 
​កម្មករ​ជិត ១​លាន​នាក់​នៅ​កម្ពុជា​ពឹងផ្អែក​លើ​វិស័យ​វាយ​ន​ភណ្ឌ និង​ផលិតផល​ផ្សេងទៀត ដែល​រក​ចំណូល​ជាង ៥ ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដោយសារតែ​ការនាំចេញ​ផលិតផល​ទៅ​ទីផ្សារ​អឺរ៉ុប​។ វិស័យ​ឧស្សាហ​កម្មនេះ ​គឺជា​វិស័យ​សំខាន់​មួយ​ក្នុងចំណោម​វិស័យ​ចំនួន ៤ ដែល​ទ្រទ្រង់​សេដ្ឋកិច្ចកម្ពុជា បន្ទាប់ពី​វិស័យ​កសិកម្ម សំណង់ និង​ទេសចរណ៍​។​
 
​ក្រុម​សហជីព អ្នកឃ្លាំមើល​សង្គម និង​អ្នកធ្វើ​ការពាក់ព័ន្ធ​ នឹង​សិទ្ធិ​កម្មករ​ជាច្រើន​បានលើកឡើង​ជា​បន្តបន្ទាប់ ​ពី​ការព្រួយបារម្ភ និង​ផលប៉ះពាល់​ថា កម្ពុជា​អាច​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ ប្រសិនបើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ត្រូវបាន​ដកចេញ​ពី​កម្ពុជា​។​
 
​ក្រៅពី​អ្នកឃ្លាំមើល​សង្គម និង​អ្នកធ្វើ​ការការពារ​សិទ្ធិ​កម្មករ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា GMAC ដែល​តំណាង​ឲ្យ​ក្រុម​អ្នក​នាំចេញ​សម្លៀកបំពាក់​ពី​ប្រទេស​កម្ពុជា​ក៏បាន​បង្ហាញ​ពី​ការបារម្ភ​របស់ខ្លួន​ពី​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ នេះដែរ​។​
 
​ចំណែក​ធនាគារពិភពលោក​ក៏បាន​ព្រមាន​នាពេល​កន្លងទៅ​ថា សេដ្ឋកិច្ចកម្ពុជា​ នឹងត្រូវ​ប្រឈម​នឹង​ហានិភ័យ ប្រសិនបើ​កម្ពុជា​បាត់បង់​ការអនុគ្រោះ​ពន្ធ​ដល់​ទំនិញ ប្រសិនបើ​សេដ្ឋកិច្ច​ប្រទេស​ចិន​ធ្លាក់ចុះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com