រថយន្ត
អន្តរជាតិ
គិតពីបរិស្ថាន សិង្ហបុរី ដាក់ដំណើរការរថយន្តក្រុងដែលមានសួនច្បារលើដំបូល ប្រភពរូប៖ Straits Times
× រថយន្តក្រុងសាធារណៈលើកទីមួយរបស់សិង្ហបុរី ដោយមានសួនច្បារលើដំបូល ចាប់ផ្តើមបើកបរនៅលើដងផ្លូវ កាលពីថ្ងៃទី៥ ខែឧសភា។ ការដាក់ដំណើរការនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដើម្បីសិក្សាពីការអាចកាត់បន្ថយកម្តៅក្នុងរថយន្តក្រុង និងបន្ធូរបន្ថយថ្លៃចំណាយលើប្រេងឥន្ធនៈ។
គំនិតផ្តួចផ្តើមឈ្មោះថា The Garden on the Move ដែលចាប់ផ្តើមកាលពីថ្ងៃអាទិត្យទី០៥ ខែឧសភា នឹងដាក់ដំណើរការរថយន្តក្រុងធុន SBS Transit ចំនួន១០គ្រឿង លើដងផ្លូវសំខាន់ៗរបស់សិង្ហបុរី ។ ដំណើរការនេះ មានរយៈពេលយ៉ាងហោចណាស់ ៣ខែ ។ បើតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋសិង្ហបុរី Channel News Asia ថ្លៃចំណាយដែលអ្នកដំណើរត្រូវបង់សម្រាប់ជិះរថយន្តក្រុងប្រភេទនេះ មានតម្លៃដូចគ្នាទៅនឹងរថយន្តក្រុងទូទៅ។
ជាគំនិតផ្តួចផ្តើមរថយន្តក្រុងបៃតងលើកដំបូងបង្អស់នៅតំបន់អាស៊ី រថយន្តក្រុងប្រភេទនេះ បំពាក់ដោយប្រព័ន្ធដំបូលគ្មានដី ឬហៅថា Gaiamat ដែលអភិវឌ្ឍក្នុងស្រុក។ ចំណែក រុក្ខជាតិនៅលើដំបូលរថយន្តនេះ ត្រូវបានដាំដុះនៅលើកំរាលស្រាលមួយប្រភេទ ដូចទៅនឹងកំរាលដែលគេយកទៅប្រើប្រាស់ដើម្បីដាំរុក្ខជាតិលើអគារខ្ពស់ៗ។ នេះបើតាមសេចក្តីថ្លែងការណ៍រួមគ្នាមួយរបស់ភាគីពាក់ព័ន្ធនៅក្នុងគម្រោងបៃតងនេះ។
សម្រាប់ការសិក្សា រុក្ខជាតិមិនប្រើដីចំនួនពីរបន្ទះ ឬមានខ្លះបួនបន្ទះ ត្រូវបានដាក់នៅលើដំបូលរថយន្តក្រុងនីមួយៗ។ រុក្ខជាតិមួយបន្ទះៗ មានប្រវែងបណ្តោយ ១,៨ម៉ែត្រ និងទទឹង ១,០៥ម៉ែត្រ ហើយមានទម្ងន់៤០គីឡូក្រាម។
បើតាមសេចក្តីថ្លែងការណ៍ដដែល គោលដៅនៃការសិក្សារយៈពេល៣ខែនេះ គឺដើម្បីរកឲ្យឃើញថា ដំបូលបៃតងបែបនេះ នឹងជួយកាត់បន្ថយសីតុណ្ហភាពនៅផ្នែកខាងក្នុងរបស់ឡានក្រុង ព្រមទាំងកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ រួមមានការបើកម៉ាស៊ីនត្រជាក់ជាដើម៕
Tag:
សិង្ហបុរី
ឡានក្រុង
សួនច្បារ
© រក្សាសិទ្ធិដោយ thmeythmey.com