កីឡាអន្តរជាតិ
អន្តរជាតិ
Solskjaer សារភាពថា Man Utd សមលេង​ត្រឹម Europa League
06, May 2019 , 9:19 pm        
រូបភាព
​លោក Ole Gunnar Solskjaer ទទួលស្គាល់ថា​ក្រុម Manchester United មិន​សម​ទទួលបាន​កៅអី​លេង​នៅ UEFA Champions League ទេ​បន្ទាប់ពី​ក្តីសង្ឃឹម​ប្រជែង Top 4 របស់​ពួកគេ​បាត់បង់​ទៅហើយ​ក្រោយ​ស្មើ​ជាមួយ Huddersfield Town ១-១ នា​ជំនួប​សប្តាហ៍​ទី​៣៧​។​


 
​លទ្ធផល​ស៊ុត​បញ្ចូល​ទី​គ្នា ១-១ សម្រាប់​ការប្រកួត​នៅ​ថ្ងៃទី​៥ ខែឧសភា​នេះ មានន័យថា Man Utd បាន​បាត់បង់​ឱកាស​លេង​នៅ​ក្របខណ្ឌ​កំពូល​អ៊ឺរ៉ុប​រដូវ​កាល​ក្រោយ​ហើយ ប៉ុន្តែ​ក្រុម​លោក Solskjaer សល់​កៅអី​លេង​នៅ Europa League វិញ​។​
 
​អ្នកចាត់ការ​សញ្ជាតិ​ន័​រ​វែ​ស​សារភាពថា Europa League ជា​កន្លែង​ដ៏​ត្រឹមត្រូវ​សម្រាប់​ក្រុម​របស់លោក ហើយ​ចំណាត់ថ្នាក់​ទី​៦​នេះ​ក៏​យុត្តិធម៌​ដែរ​សម្រាប់​ក្រុម Man Utd រដូវ​កាល​នេះ​។ 
៤​ប្រកួត​ចុងក្រោយ​ក្នុង​លី​គ Man Utd មិនដែល​ឈ្នះ​ឡើយ​គឺ​មានតែ​ស្មើ និង​ចាញ់​ប៉ុណ្ណោះ​ដែល​ធ្វើ​ឲ្យ​គេ​បាត់បង​ឱកាស​ប្រជែង​យក Top4​។​
 
«​ការខិតខំ​ប្រឹងប្រែងរ​បស់​កីឡាករ​មិនមែនជា​បញ្ហា​ទេ​ព្រោះ​ពួកគេ​បាន​ព្យាយាម​ហើយ​។ ក្រុម​របស់​យើង​គឺ​នៅ​មិនទាន់​ល្អ​គ្រប់គ្រាន់​ទេ នេះ​ទើប​ជា​បញ្ហា​។ យើង​មានឱកាស​ច្រើនលើក​ក្នុងការ​ដណ្តើម​លេខ​៣ ឬ​លេខ​៤ តែ​អ្វីៗ​មិនអាច​ទៅរួច​»​។ នេះ​ជាការ​បញ្ជាក់​របស់ Solskjaer​។​
 
​ម្យ៉ាងវិញទៀត ប្រសិនបើ Manchester City មិន​ឈ្នះ​ពាន FA Cup រដូវ​កាល​នេះ​ទេនោះ Man Utd នឹងត្រូវ​លេង​វគ្គ​ជម្រុះ​ជាមុនសិន​ដើម្បី​ចូលទៅ​វគ្គ​ចែក​ពូ​ល Europa League រដូវ​កាល​ក្រោយ (​ជើងឯក FA Cup បាន​កៅអី​ទៅ​វគ្គ​ចែក​ពូ​ល Europa League ស្វ័យប្រវត្តិ ហើយ​ក្រុម​លេខ​៦ ត្រូវ​ជម្រុះ​)​។ នេះ​ក៏​ជា​បញ្ហាលំបាក​ផងដែរ​សម្រាប់​ក្រុម​បិសាច​ក្រហម​បើសិន​ពួកគេ​ប៉ះ​ក្រុម​ខ្លាំង​នៅ​វគ្គ​ជម្រុះ​៕
 

Tag:
 បាល់ទាត់​
  Ole Gunnar Solskjaer
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com