ភ្នំពេញ៖ ធនាគារពិភពលោក បានវាយតម្លៃថា សេដ្ឋកិច្ចកម្ពុជាមានកំណើន៧,៥ភាគរយ នៅក្នុងឆ្នាំ២០១៨ ដែលជាអត្រាកំណើនលើសការរំពឹងទុក ដោយសារមានការជំរុញដ៏ធំ នៃការនាំចេញ និងការលូតលាស់វិស័យសំណង់ និងអចលនទ្រព្យ។ ប៉ុន្តែវិស័យដ៏សំខាន់ទាំងនេះ កំពុងស្ថិតនៅក្នុងហានិភ័យ ដែលអាចជាក្តីព្រួយបារម្ភមួយ ដល់កម្ពុជាដែរ។
របាយការណ៍ធនាគារពិភពលោក បានសង្កត់ធ្ងន់ថា ការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងមុខទំនិញធ្វើដំណើរផ្សេងទៀត ដែលស្មើ២ភាគ៣ នៃមុខទំនិញនាំចេញសរុបនោះ មានការកើនឡើង១៧,៦ ភាគរយនៅក្នុងឆ្នាំ២០១៨ បើប្រៀបធៀបនឹងឆ្នាំ២០១៧ មាន៨,៣ភាគរយ។ របាយការណ៍ដដែលបន្តថា វិស័យសំណង អចលនទ្រព្យ និងទេសចរណ៍ ក៏មានចំណែក៦០ភាគរយ នៃចំនួនគម្រោងវិនិយោគទាំងអស់ ដែលត្រូវបានអនុម័តក្នុងឆ្នាំ២០១៨ផងដែរ។ ចំណែកការផលិតសម្ភារផ្គត់ផ្គង់ការសាងសង់ ដែកគ្រឿងសង្ហារិម និងផលិតផលប្លាស្ទិក ក៏មានការកើនឡើងយ៉ាងលឿន ដើម្បីគាំទ្រដល់ការលូតលាស់របស់វិស័យសំណង់ទៀតផង។
តែយ៉ាងណាធនាគារពិភពលោក ក៏បានព្រមានពីហានិភ័យ នៃការរីកចម្រើនសេដ្ឋកិច្ចកម្ពុជាផងដែរ។ ហានិយភ័យ ដែលធនាគារពិភពលោក លើកឡើងនោះ គឺទាក់ទងនឹងបញ្ហាអនុគ្រោះពន្ធ (Everything But Arms)។ ត្រង់ចំណុចនេះ ធនាគារពិភពលោក បានសង្កត់ធ្ងន់ថា ទីផ្សារសហភាពអឺរ៉ុប បានទទួលទិញទំនិញកម្ពុជា ប្រមាណ ២ភាគ៣ នៃទំហំផលិតផលសរុប ជាពិសេសសម្លៀកបំពាក់ ស្បែកជើង និងទោចក្រយាន។ ដូច្នេះលទ្ធភាពដែលកម្ពុជា អាចបាត់បង់ការអនុគ្រោះពន្ធនាំចូលទំនិញនោះ ទំនងវាក៏ជាបញ្ហាប្រឈមមួយ ដែលបន្ថយល្បឿននាំចេញរបស់កម្ពុជាដែរ។
ត្រង់ចំណុចនេះហើយដែល ធនាគារពិភពលោក បានដាស់តឿនពីហានិភ័យនៃវិស័យសំណង់ និងអចលនទ្រព្យវិញម្ដង។ ក្នុងន័យនេះ នាយកគ្រប់គ្រងធនាគារពិភពលោក លោកស្រី អ៊ិនហ្គូណា ដូប្រាចា បាននិយាយថា វិស័យទាំងពីរនេះ កំពុងស្ថិតនៅក្នុងស្ថានភាពឆាប់ប៉ោង និងងាយផ្ទុះបែកវិញ។
«វិស័យសំណង់ និងអចលនទ្រព្យ កាន់តែងាយធ្លាក់ក្នុងវដ្តស្ថានភាពឆាប់ប៉ោង ហើយឆាប់ផ្ទុះទៅវិញ ហើយកំណើនការផ្ដល់ហិរញ្ញប្បទាន ក្នុងការស្រុកនៅក្នុងវិស័យសំណង់ នឹងកាន់តែបង្កើនហានិភ័យថែមទៀត ដល់វិស័យហិរញ្ញវត្ថុដែរ»។ នេះជាការលើកឡើង របស់លោកស្រី អ៊ិនហ្គូណា ដែលមិនទាន់អាចវាយតម្លៃ ពីរយៈពេលនៃការធ្លាក់ចុះវិញ របស់វិស័យទាំងពីរនេះនៅឡើយ។
របាយការណ៍ធនាគារពិភពលោកកន្លងមក បានបង្ហាញថា កម្ចីដល់វិស័យសំណង់ និងអចលនទ្រព្យ បន្តកើនឡើងថែមទៀត ខណៈដែលកំណើនឥណទានទូទៅ មានការថមថយ។ កម្ចីផ្ដល់ដោយធនាគារសម្រាប់វិស័យសំណង់ និងអចលនទ្រព្យ មានកំណើន ៣៦,៣ ភាគរយ នៅត្រឹមដំណាច់ឆ្នាំ២០១៧ និងកើនពី ២៨,៤ភាគរយ នៅក្នុងខែឧសភាឆ្នាំដដែលនេះ។ ហើយឥណទានក្នុងវិស័យនេះ បានកាន់កាប់ចំណែកដល់ ២៦ភាគរយ នៃឥណទានរួមក្នុងឆ្នាំ២០១៧ ដែលកើនពី ២២ភាគរយ នៅឆ្នាំ២០១៦។
អ្នកជំនាញអចលនទ្រព្យខ្លះ ក៏បានមើលឃើញពីភាពផុយស្រួយ នៃធ្លាក់ចុះវិស័យអចលនទ្រព្យ និងសំណង់នេះដែរ។ ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់នៃ CBRE Cambodia លោក ជែមស៍ ហូសាន់ មើលឃើញថា ការវិនិយោគលើវិស័យអចលនទ្រព្យ ដូចជាការកសាងលំនៅដ្ឋាន ខុនដូរ ការិយាល័យជួល និងផ្សារទំនើបយ៉ាងគំហុកបែបនេះ វាកំពុងលើសតម្រូវការរបស់អ្នកទិញ ឬអ្នកប្រើប្រាស់ នៅក្នុងប្រទេសកម្ពុជា ខណៈដែលលទ្ធភាពពលរដ្ឋកម្ពុជានៅមានកម្រិត គួបផ្សំនឹងការយល់ដឹងរបស់ពួកគេ ដែលមិនយល់ថាអ្វីជា ខុនដូរ ឬការិយាល័យជួលនៅឡើយ។ ដ្បិតមិនទាន់មានការសន្និដ្ឋានច្បាស់លាស់ជាផ្លូវការក្តី ប៉ុន្តែលោក ជេមស៍ ហូសាន់ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗកន្លងមកថា តម្លៃអចលនទ្រព្យអាចនៅទ្រឹង ឬធ្លាក់ចុះ នៅក្នុងឆ្នាំ២០១៩ ដល់២០២១ ហើយវានឹងអាចមានសន្ទុះឡើងវិញ នៅឆ្នាំបន្ទាប់នោះ។
ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចកម្ពុជា នាយកគ្រប់គ្រងធនាគារពិភពលោក លោកស្រី អ៊ិនហ្គូណា ក៏ក្រើនរំឭកឲ្យកម្ពុជាពង្រឹង និងបំពេញភាពខ្វះខាតផ្នែកជំនាញ និងការវិនិយោគទៅលើមូលធនមនុស្ស ដើម្បីផ្ដល់ជាគ្រឹះសម្រាប់កំណើនសេដ្ឋកិច្ចដ៏យូរអង្វែង។ ការបង្កើនទំហំ និងប្រសិទ្ធផលនៃការវិនិយោគទាំងនេះ ពីសំណាក់បុគ្គលផ្ទាល់ និងវិស័យសាធារណៈ និងឯកជន អាចជួយធានាឲ្យកុមារកម្ពុជា មានចំណុចចាប់ផ្ដើមល្អមួយឆ្ពោះទៅអនាគត ក្នុងការជួយជ្រោងការអភិវឌ្ឍប្រទេសជាតិ។
លោកស្រី អ៊ិនហ្គូណា ដូប្រាចា បាននិយាយដូច្នេះថា៖«ការធ្វើឲ្យប្រសើរឡើងដល់បរិយាកាសវិនិយោគ និងការកាត់បន្ថយថ្លៃចំណាយក្នុងការធ្វើធុរកិច្ច ព្រមទាំងការកសាងជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត សុទ្ធតែជាអាទិភាពគន្លឹះ សម្រាប់រក្សាកំណើនខ្លាំងក្នុងរយៈពេលមធ្យម។ ភស្តុតាងនានាបានរំលេចឲ្យឃើញថា ការវិនិយោគទៅលើប្រជាជន មានសារៈសំខាន់ណាស់ ដើម្បីជំរុញឲ្យមានវឌ្ឍនភាពសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការវិនិយោគទៅលើប្រជាជន និងការកែលម្អគុណភាពនៃមូលធនមនុស្សរបស់កម្ពុជា គួរតែបន្តនៅជាស្នូលនៃសេចក្តីប្រាថ្នារបស់កម្ពុជា ក្នុងការឈានទៅសម្រេចគោលដៅជាសេដ្ឋកិច្ច មានចំណូលមធ្យមខ្ពស់ត្រឹមឆ្នាំ២០៣០»៕