កីឡាអន្តរជាតិ
អន្តរជាតិ
លោក Rodgers ផ្តល់ក្តីសង្ឃឹមដល់ Liverpool ថា Vardy នឹងបង្អាក់ដំណើរ Man City
× អ្នកចាត់ការទូទៅក្រុម Leicester City លោក Brendan Rodgers គាំទ្រនិងជឿជាក់លើខ្សែប្រយុទ្ធ Jamie Vardy ថារូបគេនឹងធ្វើឲ្យក្រុម Manchester City ទទួលការឈឺចាប់តាមរយៈការបង្អាក់ដំណើរក្រុមការពារជើងឯកក្នុងការប្រជែងពាន Premier League រដូវកាលនេះ។
ក្រុមរបស់លោក Pep Guardiola អាចនាំមុខ Liverpool ត្រឡប់ទៅឈរលើកំពូលតារាងវិញបើសិនពួកគេអាចយកឈ្នះ Leicester នាការប្រកួតសប្តាហ៍ទី៣៧ នៅកីឡដ្ឋាន Etihad យប់ថ្ងៃទី៦ ខែឧសភានេះ។
ប៉ុន្តែយ៉ាងណា លោក Rodgers អាចនឹងធ្វើឲ្យអតីតក្រុមរបស់លោក Liverpool ស្គាល់រសជាតិលើកពាននេះជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩០ តាមរយៈការរារាំងក្រុមមេឃខៀវដោយពឹងលើឥទ្ធិពលរបស់ Vardy ដែលជាខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់។
«Vardy ជាខ្សែប្រយុទ្ធដែលធ្វើឲ្យគូប្រកួតរអាបំផុត ហើយគ្មានក្រុមណាអាចរារាំងគាត់បានឡើយ។ នៅពេលត្រៀមតទល់ជាមួយគាត់ អ្នកគ្រាន់តែដឹងថាអ្នកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគាត់។ មានក្រុមច្រើនណាស់ទទួលរងការឈឺចាប់ដោយសារគាត់ ព្រោះគាត់តែងតែសម្រេចទីក្រុមទាំងនោះបាន។ អ្នកចាត់ការសញ្ជាតិអៀរឡង់បាននិយាយបែបគំរាមក្រុម Man City ទៅកាន់កាសែត UK ដូច្នេះ។
ខ្សែប្រយុទ្ធសញ្ជាតិអង់គេ្លស វ័យ៣២ឆ្នាំរកគ្រាប់ស៊ុតបញ្ចូលទីឲ្យ Leicester ចំនួន១៨គ្រាប់ហើយសម្រាប់ការបង្ហាញខ្លួននៅ Premier League រដូវកាលនេះ។
ប្រសិនបើក្រុមរហស្សនាមកញ្ជ្រោងឈ្នះក្រុមមេឃខៀវ ពួកគេនឹងឡើងទៅឈរលេខ៨ក្នុងតារាង និងមានឱកាសប្រជែងយកលេខ៧ ជាមួយ Wolves នៅប្រកួតចុងក្រោយដើម្បីដណ្តើមកៅអីលេង Europa League ទៀតផង។
ដោយឡែក Man City ប្រសិនចាញ់ Leicester នៅប្រកួតនេះពួកគេនឹងតាមពីក្រោយ Liverpool ចំនួន២ពិន្ទុវិញ៕
Tag:
បាល់ទាត់
Brendan Rodgers
Jamie Vardy
Premier League
© រក្សាសិទ្ធិដោយ thmeythmey.com