អន្តរជាតិ
ហ្គេម​បៀរ Solitaire ជាប់​ជ័យលាភី «World Video Game Hall of Fame»
06, May 2019 , 9:59 pm        
រូបភាព
ដោយ: ធីតា
​សារមន្ទីរ​ជាតិ​អាមេរិក The Strong, National Museum of Play ដែលមាន​មូលដ្ឋាន​នៅ​ក្រុង​ញូវយ៉ក បានប្រកាស​ជ័យលាភី World Video Game Hall of Fame សម្រាប់​ហ្គេម​វីដេអូ​ដែលមាន​ឥទ្ធិពល និង​អាយុកាល​យូរ​ជាងគេ ដោយ​ហ្គេម​ទាំងនោះ​នៅតែ​ទទួលបាន​ការពេញនិយម​។ លទ្ធផល​បាន​បង្ហាញថា ហ្គេម​បៀរ Solitaire ស្ថិតក្នុង​ចំណោម​ជ័យលាភី​ទាំង​៤​។​

 
 
​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន Microsoft នៅ​ឆ្នាំ​១៩៩០ ហ្គេម Solitaire មាន​វត្តមាន​រួចជាស្រេច​នៅលើ Windows កុំព្យូទ័រ​នីមួយៗ​។ ទោះបី​មាន​រយៈពេល​យូរ​ក៏ដោយ ក៏​ហ្គេម​មួយ​នេះ នៅតែ​ជា​ជម្រើស​បំបាត់​ការ​អផ្សុក​របស់​អ្នកប្រើប្រាស់​កុំព្យូទ័រ​ជាច្រើន ដោយសារតែ​វា​មិនមាន​ភាពសាំញ៉ាំ​ដែល​ត្រូវការ​ការណែនាំ​ពន្យល់​ច្រើន បន្ថែម​ពីលើ​នេះ ការលេង​ហ្គេម Solitaire ក៏​ជា​ការរៀន​អនុវត្ត​ប្រើប្រាស់ កូនកណ្តុរ (Mouse) ឲ្យ​ត្រឹមត្រូវ​ផងដែរ​។​


 
​ក្រៅពី Microsoft Windows Solitaire វីដេអូ​ហ្គេម​បី​ផ្សេងទៀត ក៏ត្រូវ​បានដាក់​បញ្ចូល​ក្នុង World Video Game Hall of Fame របស់​សារមន្ទីរ The Strong, National Museum of Play ប្រចាំឆ្នាំ​២០១៩​នេះ​ផងដែរ ដោយ​ក្នុងនោះ​មាន Colossal Cave Adventure, Mortal Kombat និង Super Mario Kart​។​
 
​ជ័យលាភី​ទាំង​៤ ត្រូវបាន​ជ្រើសរើស​ចេញពី​ក្នុងចំណោម​ហ្គេម​ចុងក្រោយ​ចំនួន​១២​។ ហ្គេម​វីដេអូ​៨​ផ្សេងទៀត ដែល​ខក​ឱកាស​ចូលក្នុង Hall of Fame រួមមាន Candy Crush Saga, Centipede, Dance Dance Revolution, Half-Life, Myst, NBA 2K, Sid Meier’s Civilization និង Super Smash Bros. Melee។


 
​ការដាក់បញ្ចូល​ក្នុង Hall of Fame មានន័យថា ហ្គេម​ទាំង​៤ នឹង​ទទួលបាន​កិត្តិយស​សម្រាប់​តាំង​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​ពិ​ព័រ​ណ៌​ធំៗ​ដែល​ពាក់ព័ន្ធ​។ សារមន្ទីរ The Strong, National Museum of Play ដាក់បញ្ចូល​ហ្គេម​ចំនួន​២០​ហើយ​ក្នុង World Video Game Hall of Fame​។​
 
​ជ័យលាភី​២០​កន្លងមក​រួមមាន Final Fantasy VII, John Madden Football, Spacewar!, Tomb Raider (​ឆ្នាំ​២០១៨), Donkey Kong, Halo: Combat Evolved, Pokémon Red and Green, Street Fighter II (​ឆ្នាំ​២០១៧), Grand Theft Auto III, Sonic the Hedgehog, Space Invaders, The Legend of Zelda, The Oregon Trail, The Sims (​ឆ្នាំ​២០១៦), DOOM, Pac-Man, Pong, Super Mario Bros., Tetris និង World of Warcraft នៅ​ឆ្នាំ​២០១៥៕
 

Tag:
 ហ្គេម​
  Solitaire
© រក្សាសិទ្ធិដោយ thmeythmey.com