ONE Championship
កីឡាជាតិ
ជាតិ
អ្នកជំនាញ MMA ថា ចាន់ រតនា អាច​ប្រជែង​ខ្សែក្រវាត់​នៅ​សង្វៀន ONE ក្រោយ​ឈ្នះ Agustian
06, May 2019 , 10:19 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី  
 
​អ្នកជំនាញ​គុន​ចម្រុះ​លោក Alan Mccune និង​ជា​គ្រូបង្វឹក​នៅ​ក្លិប​ប្រដាល់ Phnom Penh MMA ថា ចាន់ រតនា អាច​ដណ្ដើម​ខ្សែក្រវាត់​ក្នុង​កម្រិត​គីឡូ Flyweight Champions ដំបូង​គេ​សម្រាប់​កម្ពុជា​លើស​ង្វៀន​កម្រិត​ពិភពលោក ONE Championship​។ Alan មើលឃើញ​បែបនេះ​បន្ទាប់ រតនា ឈ្នះ​ជើង​ខ្លាំង​របស់​ឥណ្ឌូណេស៊ី Rudy Agustian នា​ល្ងាច​ថ្ងៃទី ៣ ខែ ឧសភា ម្សិលមិញ លើស​ង្វៀន​ONE :FOR HONOR​។


 
​គ្រូបង្វឹក​សញ្ជាតិ​ស្កុ​តឡែ​ន​ដែល​បង្វឹក​គុន​ចម្រុះ​តាំងពី​ឆ្នាំ ១៩៩៦ មក​នោះ​គូសបញ្ជាក់​ទៀតថា​៖«​ចាន់ រតនា បានបង្ហាញ​ថា​គេ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ពិភព​គុន​ចម្រុះ​របស់​កម្ពុ​ជានា​យប់​ម្សិលមិញ​។ មួយទៀត គេ​ពិតជា​ឆ្លាត​ណាស់ដែ​លអាច​ដោះខ្លួន និង ដោះ​ក្បាច់​ឃ្លេ​របស់ Rudy នៅ​ទឹក​ទី​១ ពេល កីឡាករ​ឥណ្ឌូណេស៊ី ព្យាយាម​ផ្ដួល​រូបគេ​ម្ដង​ជា​ពីរដង​នៅ​ទឹក​ដំបូង​។ ហើយ រតនា បានបង្ហាញ​ក្បាច់​អស្ចារ្យ​ណាស់​នៅ​ទឹក​ទី​២ ដោយ​ការ​ទាត់​កាត់ និង ក្បាច់​ប្រដាល់​គុន​ខ្មែរ​។​»
 
​គ្រូបង្វឹក​ដែល​រស់នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រយៈ​ពេល ៧ ឆ្នាំ​មកនេះ​បន្តថា ម្ចាស់​ក្លឹប «​សិល្បៈ​» បាន​សងសឹក​ឲ្យ​កូនសិស្ស​របស់ខ្លួន ខុន ស៊ី​ចាន់ បន្ទាប់ពី ចាញ់ Rudy ក្នុង​ទឹក​ទី​១ កាល​ចុងខែ កុម្ភៈ ឆ្នាំ ២០១៩ កន្លងទៅ​នៅ​សិង្ហ​បុរី និង បង្ហាញ​អំពី​មោទនភាព​ចំពោះ​អ្នកគាំទ្រ​នៅ​កម្ពុជា​ទាំងមូល​។ 


 
​ជាមួយគ្នា​នោះ​លោក​បាន​កោតសរសើរ​ថា​គ្រូបង្វឹក​របស់ ចាន់ រតនា លោក Lorenzo បាន​បង្វឹក រតនា យ៉ាង​ល្អ​មុន​ការប្រកួត​ចាប់ផ្ដើម ជាពិសេស​ក្បាច់​គេច​ចេញពី​ការជាប់​ឃ្លេ​។ បន្ទាប់ពី​ការទទួល​ជ័យជម្នះ ចាន់ រតនា បានផ្ដល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​ថា ៖« Rudy Agustian មាន​កម្លាំង​ខ្លាំង​ក្នុងការ​ចូលចាប់​ឃ្លេ ប៉ុន្តែ​ខ្ញុំ​បាន​ហាត់​ខ្លាំង​ក្នុង​ក្បាច់​ដោះ​ឃ្លេ​នេះ​បាន​នៅ​ទឹក​ទី​១​។ ពេល​ចូល​ទឹក​ទី​២ ខ្ញុំ​ព្យាម​វ៉ៃ​មិន​ឲ្យ Rudy ចូលចាប់​ទេ ហើយ​ទឹក​២​នេះ ភរិយា​ខ្ញុំ​ថា Rudy អស់ហើយ​បុក​ទៅ ទើប​ខ្ញុំ​ដើរចូល​វ៉ៃ​យកឈ្នះ​តែម្ដង​។ ហើយ​បើ​ដល់​ទឹក​ទី​៣ គាត់​ក៏​គ្មាន​ស៊ុ​ហ្វ​ដែរ ព្រោះ​គាត់​ធ្លាក់​កម្លាំង​តាំងពី​ទឹក​ទី​២​។ បើ​មិន​ឈ្នះ​ទឹក​២ ក៏​ខ្ញុំ​នៅ​ឈ្នះ​ទឹក​ទី​៣​ដែរ​»​។ 
 
​ទន្ទឹមគ្នា​នោះ​គ្រូបង្វឹក​ដែល​គ្រប់គ្រង​ក្រុមហ៊ុន​សន្តិសុខ​អន្តរជាតិ​រូបនេះ បញ្ចេញ​ទស្សនៈ​ថា នៅ ស្រី​ពៅ ចាញ់ ក៏ពិតមែន​ប៉ុន្តែ កីឡាការិនី កម្ពុជា​ធ្វើបាន​ល្អ​ដោយ​អាច​រើ​ចេញពី​ក្តា​រេញ​។ លោក​បញ្ជាក់ថា​៖« Priscilla មើលទៅ​គឺ​ខ្លាចញញើត​នឹង​ក្បាច់​ប្រយុទ្ធ​របស់ ស្រី​ពៅ ដូច្នេះ​គេ​ត្រូវតែ​ចូល​វ៉ៃ​ឲ្យ​កៀក​។ យ៉ាងណាក្ដី ស្រី​ពៅ បាន​ខំប្រឹង​យ៉ាងខ្លាំង​ក្លា និង អាច​ក្លាយជា​កីឡាការិនី​កំពូល​គុន​ចម្រុះ​របស់​កម្ពុជា​នៅ​ថ្ងៃ​អនាគត​»​។ 
 
​នៅ​សង្វៀន ONE: FOR HONOR នា​ថ្ងៃទី ៣ ឧសភា ចាន់ រតនា វ៉ៃ កីឡាករ​សញ្ជាតិ​ឥណ្ឌូណេស៊ី​ឲ្យ​ចុះចាញ់ ត្រឹម​ទឹក​ទី​២​។ ចំណែក នៅ ស្រី​ពៅ ចាញ់​ពិន្ទុ​កីឡាការិនី​សញ្ជាតិ​ឥណ្ឌូណេស៊ី​មានបទពិសោធន៍​ច្រើន​វ័យ​៣០​ឆ្នាំ Priscilla Hertati Lumban Gaol​។ រីឯ​កីឡាករ​ថៃ Sam-A ដែលមាន​ស្រុកកំណើត​នៅ​បុរី​រ៉ុំ​ា និង និយាយ​ខ្មែរ​បាន​ច្រើន​នោះ​របូត​ខ្សែក្រវាត់ ONE SUPER SERIES FLYWEIGHT WORLD CHAMPION ដោយ​ចាញ់​ពិន្ទុ​កីឡាករ​មកពី​ចក្រភព​អង់គ្លេស Jonathan Haggerty៕ 
 

Tag:
 MMA
  ចាន់ រតនា
© រក្សាសិទ្ធិដោយ thmeythmey.com