ជាតិ
​​​ន​យោ​បាយ​ជាតិ​
កាត់ទោស​លោក សម រង្ស៊ី ៨​បទល្មើស ឲ្យ​ជាប់គុក​១៣​ឆ្នាំ និង​បង់ប្រាក់​ជាង​១​លាន​ដុល្លារ​
06, May 2019 , 10:39 pm        
រូបភាព
នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៤ លោក សម រង្ស៊ី ទៅចូលរួមពិធីរម្លឹកខួប១៧ឆ្នាំ នៃការសម្លាប់អ្នកគាំទ្ររបស់លោក១៦នាក់ និងជាង១០០នាក់ទៀត រងរបួស ដោយសារការបំផ្ទុះគ្រាប់បែក កាលពីឆ្នាំ១៩៩៧ (រូបពីAFP)
នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៤ លោក សម រង្ស៊ី ទៅចូលរួមពិធីរម្លឹកខួប១៧ឆ្នាំ នៃការសម្លាប់អ្នកគាំទ្ររបស់លោក១៦នាក់ និងជាង១០០នាក់ទៀត រងរបួស ដោយសារការបំផ្ទុះគ្រាប់បែក កាលពីឆ្នាំ១៩៩៧ (រូបពីAFP)
ដោយ: ថ្មីៗ
​គិត​ត្រឹម​ខែឧសភា ឆ្នាំ​២០១៩ លោក សម រង្ស៊ី មេដឹកនាំ​ក្រុមប្រឆាំង ដែល​កំពុង​និរទេស បាន​រង​បណ្តឹង​ដល់​ទៅ​១០​ឯណោះ ដោយ​ក្នុងនោះ បណ្តឹង​៨ ត្រូវបាន​ជំនុំជម្រះ​រួចហើយ ខណៈ​បណ្តឹង​២​ទៀត កំពុងស្ថិត​ក្នុង​នីតិវិធី​របស់​តុលាការ​។


 
​បណ្តឹង​ដែល​ត្រូវបាន​កាត់ក្តី​រួច រួមមាន​៖
 
១. បណ្តឹង​របស់លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​៖ តុលាការ បាន​ផ្តន្ទាទោស​លោក សម រង្ស៊ី ឲ្យ​ជាប់ពន្ធនាគា​ររ​២​ឆ្នាំ និង ពិន័យ​ជា​ប្រាក់​៨​លាន​រៀល (២០០០​ដុល្លារ​) ពីបទ «​ញុះញង់​ឲ្យ​មានការ​រើសអើង​»​។ 
 
២. បណ្តឹង ដែល​ព្រះរាជអាជ្ញា​ដើរតួ​ជាដើម​បណ្តឹង​ខ្លួនឯង​៖ លោក សម រង្ស៊ី ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​៥​ឆ្នាំ​។ តែ​ចៅក្រម សម្រេច​ឲ្យ​លោក​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​តែ​៣​ឆ្នាំ​ប៉ុណ្ណោះ ហើយ​២​ឆ្នាំ​ទៀត ត្រូវបាន​ព្យួរ​។ ក្នុង​សំណុំ​រឿងនេះ តុលាការ បាន​ចោទ​លោក ពីបទ «​សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម​។ (​តុលាការ ដូចជា​មិនបាន​តម្រូវ​ឲ្យ​លោក​បង់ប្រាក់​ក្នុង​បទល្មើស​នេះ​ទេ​?)​។​
 
៣. បណ្តឹង​របស់លោក សោម សឿន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​៖ តុលាការ បាន​ចោទ​លោក សម រង្ស៊ី ពីបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​» ។ តុលាការ តម្រូវ​ឲ្យ​លោក បង់ប្រាក់​១០​លាន​រៀល (២៥០០​ដុល្លារ​) ចូល​រដ្ឋ និង​១៥​លាន​រៀល (៣៧៥០​ដុល្លារ​) ឲ្យ​ទៅ​ដើមបណ្តឹង​។ បណ្តឹង​នេះ កើតឡើង​ដោយសារតែ​លោក ចោទ​សម្តេច ហ៊ុន សែន ថា បញ្ជា​មន្ត្រីក្រោមឱវាទ​ឲ្យ​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ ដើម្បី​យកទៅ​ចុច Like លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន​។ បណ្តឹង​នេះ ពុំ​ផ្តន្ទាទោស​លោក ឲ្យ​ជាប់​ពន្ធនាការ​នោះទេ​។ 
 
៤. បណ្តឹង​របស់​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​៖ តុលាការ បាន​តម្រូវ​ឲ្យ​លោក សម រង្ស៊ី បង់ប្រាក់​១០​លាន​រៀល (២៥០០​ដុល្លារ​) ចូលទៅ​រដ្ឋ និង បង់​១៥០​លាន​រៀល (៣៧៥០០​ដុល្លារ​) ទៅ​ឲ្យ​សម្តេច ហេង សំរិន ដែលជា​ដើមបណ្តឹង ទុកជា​ការសង​សំណង​ជំងឺ​ចិត្ត​។ សម្តេច ហេង សំរិន បាន​ប្តឹង​លោក ពីបទ «​បរិហារ​កេ​រិ៍្ត​ជា​សាធារណៈ​»​។ បណ្តឹង​នេះ ពុំ​ផ្តន្ទាទោស​លោក ឲ្យ​ជាប់​ពន្ធនាការ​នោះទេ​។​
 
៥. បណ្តឹង​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​៖ បណ្តឹង​នេះ ធ្វើ​ឲ្យ​លោក សម រង្ស៊ី ជាប់ទោស​១​ឆ្នាំ​៨​ខែ ក្រោម​បទ​ចោទ «​បរិហាកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​អំពើ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ក្នុង​សន្តិសុខ​សង្គម​»​។ លោក រង​បណ្តឹង​នេះ ព្រោះ​លោក បាន​ចោទ​សម្តេច ហ៊ុន សែន ក៏ដូចជា រដ្ឋាភិបាល ថា នៅ​ពី​ក្រោយខ្នង​នៃ​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី​។ ក្នុង​បណ្តឹង​នេះ តុលាការ បាន​ពិន័យ​លោក ឲ្យ​បង់ប្រាក់​១០​លាន​រៀល (២៥០០​ដុល្លារ​) ចូលទៅ​រដ្ឋ តែ​តុលាការ ឲ្យ​លោក​បង់​តែ​១០០​រៀល​ប៉ុណ្ណោះ ទៅ​ឲ្យ​សម្ដេច ហ៊ុន សែន ព្រោះ​សម្តេច ហ៊ុន សែន ទាមទារ​តែ​ប៉ុណ្ណឹង​។​
 
៦. បណ្តឹង​របស់​សម្តេច ហ៊ុន សែន ដដែល​៖ តុលាការ ឲ្យ​លោក សម រង្ស៊ី បង់​៤​ពាន់​លាន​រៀល (១​លាន​ដុល្លារ​) ទុក​ជាការ​សងជំងឺចិត្ត​ដល់​សម្ដេច ហ៊ុន សែន និង បង់​១០​លាន​រៀល (២៥០០​ដុល្លារ​) ចូលទៅ​រដ្ឋ ពីបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​»​។ រង​បណ្តឹង​នេះ ព្រោះ​លោក បាន​ចោទ​សម្ដេច ហ៊ុន សែន ថា​ផ្ដល់​ថវិកា​១​លាន​ដុល្លារ​ឲ្យ​កញ្ញា ធី សុវណ្ណ​ថា សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឲ្យ​វាយប្រហារ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ បណ្តឹង​នេះ មិន​ធ្វើ​លោក ឲ្យ​ជាប់ទោស​ពន្ធនាគារ​ឡើយ​។​
 
៧. បណ្តឹង​របស់​ក្រសួងការពារជាតិ​៖ តុលាការ កំណត់​ឲ្យ​លោក សម រង្ស៊ី ជាប់ពន្ធនាគារ​៤​ឆ្នាំ ពីបទ​ញុះញង់​កងទ័ព​មិន​ឲ្យ​ស្តាប់​បទបញ្ជា និង តម្រូវ​ឲ្យ​លោក បង់ប្រាក់​១០​លាន​រៀល (២៥០០​ដុល្លារ​) ចូលទៅ​រដ្ឋ​។ 
 
៨. បណ្តឹង​ពីបទ​ប្រមាថ​ព្រះមហាក្សត្រ​៖ ក្នុង​បទល្មើស​នេះ តុលាការ ផ្តន្ទាទោស​លោក សម រង្ស៊ី ស្មើនឹង​បទ​ញុះញង់​កងទ័ព​ដែរ គឺ​ឲ្យ​លោក ជាប់ពន្ធនាគារ​៤​ឆ្នាំ និង បង់ប្រាក់​១០​លាន​រៀល (២៥០០​ដុល្លារ​) ចូលទៅ​រដ្ឋ​។​
 
​សរុប​ទោស​ទាំង​៨​បទល្មើស​នេះ លោក សម រង្ស៊ី ត្រូវបាន​ជាប់ពន្ធនាគា​រ​១៣​ឆ្នាំ​និង​២​ខែ ហើយ​ត្រូវ​បង់ប្រាក់​ទាំងអស់ ១.០៥៨.២៥០ ដុល្លារ និង ១០០​រៀល​។ 
​យ៉ាងណាក៏ដោយ មកដល់ពេលនេះ លោក សម រង្ស៊ី មិនទាន់បាន​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​នោះទេ ដ្បិត​លោក កំពុងស្ថិត​នៅឯ​ក្រៅប្រទេស​ឯណោះ​។ ចំណែក​ប្រាក់​ទាំង​ប៉ុន្មាន ដែល​តុលាការ តម្រូវ​ឲ្យ​លោក​បង់ ក៏​លោក មិនទាន់បាន​បង់​ដែរ​។ 
 
​ប៉ុន្តែ កន្លងមក តុលាការ បាន​រឹបអូស​យក​ទ្រព្យសម្បត្តិ​របស់លោក​ក្នុងប្រទេស​កម្ពុជា​ជា​បណ្តោះអាសន្ន គឺ​អតីត​ទីស្នាកការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​។ តុលាការ ប្រាប់ថា ដើម្បី​ឲ្យ​មានការ​លុបចោល​នូវ​ការ​រឹបអូស​នេះ លោក សម រង្ស៊ី ត្រូវយក​ប្រាក់​៤២៥០​លាន​រៀល (​ជា​ប្រាក់​រំដោះ​) ទៅ​តម្កល់​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​បណ្តឹង​២​ទៀត ដែល​មិនទាន់​កាត់ក្តី​គឺ​៖ 
 
១. បណ្តឹង​របស់​កញ្ញា ធី សុ​វណ្ណថា​៖ ពេល​លោក សម រង្ស៊ី ចោទ​សម្តេច ហ៊ុន សែន ថា​ឲ្យ​លុយ​ទៅ​កញ្ញា ធី សុវណ្ណ​ថា ដើម្បី​ឲ្យ​កញ្ញា វាយប្រហារ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ សម្តេច ហ៊ុន សែន ក៏​ដាក់ពាក្យ​ប្តឹង ហើយ​កញ្ញា ក៏​ដាក់ពាក្យ​ប្តឹង​ដែរ​។ តែ​រហូតមក​ដល់ពេលនេះ បណ្តឹង​របស់​កញ្ញា នៅ​មិនទាន់​ឈានដល់​ការជំនុំជម្រះ​នោះទេ ខណៈ​បណ្តឹង​របស់​សម្តេច ហ៊ុន  សែន បាន​ជំនុំជម្រះ​រួចរាល់​ហើយ​។ កញ្ញា បាន​ប្តឹង​លោក សម រង្ស៊ី ពីបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​» ដោយ​ទារ​សំណង​ជំងឺ​ចិត្ត​២​សែន​៥​ម៉ឺន​ដុល្លារ​។​
 
២. បណ្តឹង​របស់​ព្រះរាជអាជ្ញា​៖ រឿងក្តី​នេះ គឺពាក់ព័ន្ធ​នឹង​បទ «​ញុះញង់ បង្កចលាចល ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​» ដែល​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ជា​អ្នកដើរតួ​ជាដើម​បណ្តឹង​។ អង្គហេតុ ដែល​នាំ​ឲ្យ​បណ្តឹង​នេះ គឺ​ទាក់ទង​នឹង​សារ​នយោបាយ​របស់លោក សម រង្ស៊ី ដែល​បាន​ថ្លែង​នៅក្នុង​វត្ត​ខ្មែរ​មួយ ក្នុងប្រទេស​បារាំង កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៦​។ ចំពោះ​បណ្តឹង​នេះ ហាក់​ស្ថ​តិ​ក្នុង​សភាព​ស្ងៀមស្ងាត់ ដោយ​ពុំទាន់​ឮ​តុលាការ កោះហៅ​លោក សម រង្ស៊ី ទៅ​សាកសួរ ឬក៏​បញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ​ឡើយ​។ 
 
​ទោះ​រង​បណ្តឹង​ច្រើនសន្ធឹក​សន្ធាប់​បែបនេះ​ក្តី ក៏​មិន​ធ្វើ​ឲ្យ​លោក សម រង្ស៊ី ពិបាកចិត្ត​ដែរ​។ កាលពី​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៩ លោក បាន​សរសេរ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ឌឺ​ឲ្យ​រដ្ឋាភិបាល និង​តុលាការ​កម្ពុជា យ៉ាង​ដូច្នេះ​ថា «​សម្រាប់​ខ្ញុំ ជា​កិត្តិយស​វិញ​ទេ ដែល​ត្រូវបាន​ផ្តន្ទាទោស ឲ្យ​ជាប់ពន្ធនាគារ​ច្រើន​ឆ្នាំ​បែបនេះ ដោយសារ​ខ្ញុំ គ្រាន់តែ​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​សន្តិវិធី​។ នេះ​បង្ហាញថា​ខ្ញុំ កំពុងតែ​ធ្វើ​ត្រូវ​ហើយ ដោយ​ខិតខំ​ទាមទារ​សេរីភាព ជូន​ប្រជារាស្ត្រ​ខ្មែរ​ទាំងមូល​»​។​
 
​ម្យ៉ាងទៀត ទោះជា​រដ្ឋាភិបាល ព្រមាន​ចាប់​ដាក់ពន្ធនាគារ​ក៏ដោយ មេដឹកនាំ​ក្រុមប្រឆាំង​រូបនេះ នៅតែ​ប្រកាសថា នឹង​វិល​មក​កម្ពុជា​វិញ នៅ​ឆ្នាំ​២០១៩។ លោក ជឿជាក់ថា វត្តមាន​របស់លោក នឹងធ្វើ​ឲ្យ​កម្ពុជា​មានការ​ផ្លាស់ប្តូរ​៕  
 

Tag:
 សម រង្ស៊ី​
  បណ្តឹង​
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com