ភ្នំពេញ៖ កម្មករនិយោជិត២០០នាក់ បានស្លាប់បាត់បង់ជីវិត ខណៈអ្នករងរបួស៣៤,៦០៨ នាក់ នៃហានិភ័យការងារ នៅក្នុងឆ្នាំ២០១៨ ដែលមានការថយចុះចំនួន ១៩.៤៥ ភាគរយ បើធៀបនឹងឆ្នាំ២០១៧ ដែលមានរងគ្រោះ ៤៧,៤៩៦ នាក់។ នេះបើតាមរបាយការណ៍បេឡាជាតិរបបសន្តិសុខសង្គមប្រចាំឆ្នាំ២០១៨។
បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដែលទទួលបានរបាយការណ៍ហានិភ័យការងារពីបណ្ដាសហគ្រាស គ្រឹះស្ថាន ទូទាំងប្រទេស បានបង្ហាញថា ក្នុងឆ្នាំ២០១៨ មានកម្មកររងគ្រោះដោយសារហានិភ័យការងារចំនួន ៣៤,៨០៨ នាក់ ក្នុងនោះកម្មករគ្រោះថ្នាក់នៅកន្លែងធ្វើការចំនួន ២៥,២០៦នាក់ ,គ្រោះថ្នាក់ចរាចរណ៍ពេលធ្វើដំណើរចំនួន ៩,៥៣០នាក់ និងផ្សេងៗចំនួន ៧២នាក់ ហើយចំពោះជំងឺវិជ្ជាជីវៈមិនមាននោះទេ។ របាយការណ៍ប.ស.ស ដដែល បានបន្ថែមថា កម្មកររងគ្រោះដោយសារហានិភ័យការងារនោះ មានអ្នកបាត់បង់ជីវិតចំនួន ២០០នាក់, រងរបួសធ្ងន់ចំនួន ២,៧១១ នាក់, និងរបួសស្រាល ៣១,៨៩៧ នាក់។
បើតាម ប.ស.ស តួលេខស្លាប់ និងការចំណាយសំណងហានិភ័យការងារក្នុងឆ្នាំ២០១៨ បានថយចុះចំនួន ១៩.៤៥ ភាគរយ បើធៀបនឹងឆ្នាំ២០១៧ ដែលមានអ្នកស្លាប់២២២នាក់ ក្នុងចំណោមអ្នករងគ្រោះថ្នាក់៤៧,៤៩៦ នាក់។
ក្រៅពីករណីគ្រោះថ្នាក់ការងារនោះ ករណីដួលសន្លប់របស់កម្មករនិយោជិត ក៏មានការថយចុះចំនួន ៥៤.៥៥ ភាគរយ បើធៀបនឹងឆ្នាំ២០១៧ មានចំនួន២២ សហគ្រាស និងគ្រឹះស្ថាន ខណៈឆ្នាំ២០១៨មានត្រឹម ១០សហគ្រាស -គ្រឹះស្ថានប៉ុណ្ណោះ។ នេះជាការបញ្ជាក់របស់ប.ស.ស។
លោក ហេង សុផាន់ណារិទ្ធ ប្រធានការិយាល័យគោលនយោបាយ នៃបេឡាជាតិរបបសន្តិសុខសង្គម បាននិយាយថា មូលហេតុចម្បងៗដែលបណ្តាលឲ្យមានករណីសន្លប់កើតមានឡើង រួមមានដូចជាបញ្ហាចិត្តសាស្ត្រសង្គម, បញ្ហាគីមី, បញ្ហារូបសាស្ត្រ, បញ្ហាធ្វើការងារលើសម៉ោង ,បញ្ហាជីវសាស្ត្រ ,បញ្ហាវិទ្យាសាស្ត្ររៀបចំការងារ និងបញ្ហាមេកានិចជាដើម។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ហេង សុផាន់ណារិទ្ធ បាននិយាយដូច្នេះថា៖«ក្រុមការងារកំពុងបង្កើនការផ្សព្វផ្សាយអប់រំបន្ថែមទៀត ដល់កម្មករនិយោជិតនៅតាមបណ្តាសហគ្រាស គ្រឹះស្ថាននានា ឲ្យមានការយល់ដឹងខ្ពស់បន្ថែមទៀតពាក់ពន្ធ័និងស្ថានភាពប្រឈមនេះ ដើម្បីកម្មករនិយោជិតទទួលបាននូវសុខភាពដ៏ល្អប្រសើរ ក្នុងការជំរុញដល់ការលើកកម្ពស់ជីវភាពរស់នៅដោយផ្ទាល់ ក៏ដូចជារួមចំណែកលើកកម្ពស់វិស័យសេដ្ឋកិច្ចកម្ពុជា»។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ) បានលើកឡើងថា ករណីគ្រោះថ្នាក់ការងារ និងករណីស្លាប់ មានការថយចុះគួរឲ្យកត់សម្គាល់ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកថា មូលហេតុដែលកាត់បន្ថយគ្រោះថ្នាក់នេះ ដោយសាររោងចក្រដែលស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អង្គការ ILO មានភាពល្អប្រសើច្រើនជាងមុន ខណៈក្រុមហ៊ុនដែលមិនបានចុះបញ្ជីត្រឹមត្រូវ ឬក្រុមហ៊ុនម៉ៅការមួយចំនួន នៅតែមិនគោរពទៅតាមលក្ខខណ្ឌការងារនោះឡើយ ទើបធ្វើឲ្យករណីគ្រោះថ្នាក់នៅតែបន្តកើតមានលើកម្មករ។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជារូបនេះ បាននិយាយថា៖«ខ្ញុំបានមើលឃើញថាក្រុមហ៊ុនប្រមាណ៦០០ក្រុមហ៊ុន ដែលធ្វើការជាមួយអង្គការ ILO ឃើញថាក្រុហ៊ុនទាំងនោះមានភាពល្អសើរជាងមុន ។យើងអាចនិយាយថា កាលមុនអាចថាល្អប្រសើប្រមាណ ៣០ ឬ៤០ ភាគរយ ប៉ុន្តែឥឡូវអាចថាល្អម្រមាណ ៦០ ឬ៧០ ភាគរយ។ ប៉ុន្តែក្រុមហ៊ុនដែលម៉ៅការបន្ត ក្រុមហ៊ុនគ្នានការចុះបញ្ជី និងក្រុមហ៊ុនដែលមិនបានត្រួតពិនិត្យច្បាស់លាសនៅតែមានលក្ខខណ្ឌការងារអាក្រក់ដ៏ដែល»។
បើតាមលោក អាត់ ធន់ បញ្ហាចម្បងដែលបណ្ដាលឲ្យកម្មករនិយោជិតនៅតែបន្តជួបហានិភ័យក្នុងម៉ោងការងា គឺមានកត្តាចំនួន២ ទី១ កម្មករនិយោជិតទទួលបានប្រាក់ខែតិច ដែលជំរុញឲ្យពួកគាត់ប្រឹងធ្វើការបន្ថែមម៉ោងលើសកម្លាំង ដែលបណ្ដាលឲ្យសុខភាពកម្មករចុះខ្សោយ និងទី២ រោងចក្រសហគ្រាសមួយចំនួន នៅតែមិនគោរតាមស្ដង់ដាបច្ចេកទេស និងប្រព័ន្ធសុវត្តិភាព ដែលបណ្ដាលឲ្យកម្មករដួលសន្លប់ និងជួបបញ្ហាសុខភាព។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០១៩-២០២៣ «ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ» ដែលផ្តល់នូវកាលានុវត្តជាយុទ្ធសាស្ត្រ ដើម្បីពង្រឹងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ។ ជាពិសេសការរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ ដែលជំរុញ និងលើកទឹកចិត្តដល់សហគ្រាស គ្រឹះស្ថានអនុវត្តតាមបទដ្ឋានការងារស្នូលសុវត្ថិភាព និងសុខភាពការងារ។
បច្ចុប្បន្នសហគ្រាស និងគ្រឹះស្ថានកាត់ដេរសរុប មានចំនួន ១១៣៩៧ សហគ្រាស ខណៈកម្មកររោងចក្រកាត់ដេរមានប្រមាណ ៧៦៣ ៨២០ នាក់។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការងារកាលពីឆ្នាំ ២០១៨។
របាយការណ៍របស់អង្គការ ILO អន្តរជាតិ បានបង្ហាញថា កម្មករនិយោជិតចំនួន ២,៧៨ លាននាក់ បានបាត់បង់ជីវិតដោយសារតែគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈជារៀងរាល់ឆ្នាំលើពិភពលោក។ ក្នុងនោះមានកម្មករនិយោជិតប្រមាណ ២,៤ លាននាក់បានស្លាប់ដោយសារជំងឺវិជ្ជាជីវៈ និងកម្មករនិយោជិតប្រមាណ ៣៧៤ លាននាក់ បានរងគ្រោះថ្នាក់ក្នុងការបំពេញការងារ ប៉ុន្តែមិនបណ្ដាលឲ្យស្លាប់។ នេះបើតាមការប៉ាន់ប្រមាណរបស់អង្គការ ILO អន្តរជាតិ ៕
ពាក្យគន្លឹះ៖
ជំងឺវិជ្ជាជីវៈ សំដៅជំងឺដែលកើតចេញពីការបំពេញការងារ។ ឧទាហរណ៍ កម្មកររោងចក្រ ទទួលរង ឬស្រូបសារជាតិពុលដែលចេញពីក្រណាត់ ឬឧស្ម័នពុលនៅក្នុងរោងចក្រជាដើម រួមមានផ្សេងៗទៀត។