កីឡាជាតិ
ជាតិ
ក្រុម​ប៉េតង់​កម្ពុជា​មិនបាន​ទទួល​មេដាយ​អ្វី​ឡើយ​ពី​ព្រឹត្តិការណ៍​ជើងឯក​ពិភពលោក​នៅ​អេ​ស្ប៉ា​ញ​
07, May 2019 , 8:59 am        
រូបភាព
ដោយ:
​ក្រុម​កីឡាករ​កីឡាការិនី​ប៉េតង់​កម្ពុជា មិនបាន​ទទួលលទ្ធផល​ល្អ​ឡើយនា​ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ពិភពលោក​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​។ ក្នុងចំណោម​៥​វិញ្ញាសា មានតែ​ពីរ​វិញ្ញាសា​ប៉ុណ្ណោះ ដែល​កម្ពុជា​បាន​ឡើងទៅ​កាន់​វគ្គ​ខ្វែង ខណៈ​ក្រៅពីនេះ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​។

 
 ក្រុម​កីឡាករ​កីឡាការិនី​ប៉េតង់​កម្ពុជា​មិន​ទទួលបាន​មេដាយ​ឡើយ ពី​ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ពិភពលោក ដែល​រៀបចំ​ចន្លោះ​ពីថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៩ នៅ​ប្រទេស​អេ​ស្ប៉ា​ញ​។ ក្នុងចំណោម​៥​វិញ្ញាសា មានតែ​វិញ្ញាសា​វាយ​ទោល​នារី​របស់​កីឡាការិនី អ៊ុក ស្រីមុំ និង​វាយ​គូ​ចម្រុះ ដែល​ជាការ​ចាប់ដៃគ្នារ​វាង​កីឡាការិនី កែ ឡេង ជាមួយ​កីឡាករ សុខ ចាន់​មាន ប៉ុណ្ណោះ ដែល​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​ទៅកាន់​វគ្គ​ខ្វែង​។ 
 
​នា​ការប្រកួត​វគ្គ​ជម្រុះ​លើ​វិញ្ញាសា​វាយ​ទោល​នារី​កីឡាការិនី អ៊ុក ស្រីមុំ បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៧​។ បន្ទាប់មក​កីឡាការិនី​រូបនេះ​បាន​បន្ត​យកឈ្នះ​កីឡាការិនី​ន័​រ​វែ​ស ក្នុង​លទ្ធផល ១៣-៣ នៅ​វគ្គ​១/៨ ប៉ុន្តែ​ចាញ់​កីឡាការិនី​ថៃ ១៣-៥ នៅ​វគ្គ​១/៤ ដែល​ធ្វើ​ឲ្យ​នាង​បាត់បង់​ឱកាស​ឡើងទៅ​វគ្គ​បន្ត​។ កីឡាការិនី​បារាំង Charlotte Darodes ទទួលបាន​មេដាយមាស ក្រោយ​យកឈ្នះ​កីឡាការិនី​ថៃ Phantipha Wongchuvej ក្នុង​លទ្ធផល ១៣-១០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ 
 
​សម្រាប់​វិញ្ញាសា​វាយ​គូ​ចម្រុះ​(​បុរស​-​នារី​)​ដែល​ជាការ​ចាប់ដៃគ្នារ​វាង​កីឡាការិនី កែ ឡេង ជាមួយ​កីឡាករ សុខ ចាន់​មាន បាន​ឡើងទៅ​កាន់​វគ្គ​១/៨ ក្រោយ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​១១​នៅ​វគ្គ​ជម្រុះ​ដំបូង​។ ប៉ុន្តែ​ពួកគេ​ទាំង​ពីរបាន​អស់​ឱកាស​ឈានទៅ​វគ្គ​បន្ត ក្រោយ​ចាញ់​ស៊ុយអែត​យ៉ាង​ប្រផិតប្រផើយ ១៣-១១ នៅ​វគ្គ​នេះ​។ ក្រុម​កីឡាករ​ថៃ​ទទួលបាន​មេដាយមាស ក្រោយ​យកឈ្នះ​ក្រុម​បារាំង​ក្នុង​លទ្ធផល ១៣-៩​។ 
 
​ដោយឡែក​វិញ្ញាសា​វាយ​គូ​បុរស ដែល​ជាការ​ចាប់ដៃគ្នារ​វាង​កីឡាករ សុខ ចាន់​មាន ជាមួយ សៅ សុភា​រ៉ា​ន់ បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៣៩​ក្នុងចំណោម​៤៨​ប្រទេស ខណ​វាយ​គូ​នារី​របស់​កីឡាការិនី អ៊ុក ស្រីមុំ ជាមួយ កែ ឡេង បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​២១​ក្នុងចំណោម​៤២​ប្រទេស និង​វាយ​ទោល​កីឡាករ សុខ ចាន់​មាន បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៣៤​ក្នុងចំនោម​កីឡាករ​៤២​រូប​។  
 
​កីឡាការិនី អ៊ុក ស្រីមុំ ម្ចាស់​មេដាយមាស​ពិភពលោក​លើ​វិញ្ញាសា​១​នាក់​ទល់​១​នាក់​នៅ​បែលហ្ស៊ិក​ឆ្នាំ​២០១៧ ខណៈ​កីឡាការិនី កែ ឡេង ម្ចាស់​មេដាយមាស​៣​ជំនាន់​លើ​វិញ្ញាសា​វាយយក​ពិន្ទុ ក្នុងនោះ​នៅ​បារាំង​ឆ្នាំ​២០១៣ ថៃ​ឆ្នាំ​២០១៥ និង​ចិន​ឆ្នាំ​២០១៧​។ ចំណែក​កីឡាករ សុខ ចាន់​មាន ម្ចាស់​មេដាយមាស​ពិភពលោក​លើ​វិញ្ញាសា​វាយយក​ពិន្ទុ​នៅ​ប្រទេស​ម៉ា​ដា​ហ្គា​ស្កា​ឆ្នាំ​២០១៦​។ 
 
​សម្រាប់​ការប្រកួត​ជើងឯក​ពិភពលោក​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​នេះ កម្ពុជា​បាន​បញ្ជូន​កីឡាករ​កីឡាការិនី​៤​ឲ្យ​ចូលរួម រួមមាន​កីឡា​រិ​នី កែ ឡេង​, អ៊ុក ស្រីមុំ​, កីឡាករ សុខ ចាន់​មាន និង​កីឡាករ សៅ សុភា​រ៉ា​ន់​។ បើ​គ្មាន​ការប្រែប្រួល ប្រតិភូ​កីឡា​ប៉េតង់​កម្ពុជា​នឹង​មកដល់​មាតុភូមិ​វិញ​នៅ​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៩​។​
 
​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ពិភពលោក​នៅ​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ​។ ដូច្នេះ​តាមរយៈ​លទ្ធផល​ដ៏​មិនគួរ​ឲ្យ​ជឿ​ខាងលើ ទាមទារ​ឲ្យ​កីឡាករ​កីឡាការិនី​កម្ពុជា ត្រូវ​យកចិត្តទុកដាក់ និង​បង្កើន​ការហ្វឹកហាត់​ឲ្យ​កាន់តែខ្លាំង​ទ្វេដង ដើម្បី​ពង្រឹង និង​អភិវឌ្ឍ​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ​៕        

Tag:
 ប៉េតង់​
  អ៊ុក ស្រីមុំ​
  កែ ឡេង​
  សុខ ចាន់​មាន
© រក្សាសិទ្ធិដោយ thmeythmey.com