ជាតិ
សេដ្ឋកិច្ច
EBA ជះឥទ្ធិពលប្រហែល ៦០០លានដុល្លារក្នុងមួយឆ្នាំដល់ការនាំចេញរបស់កម្ពុជា ករណីព្យួរមែន
× ភ្នំពេញ៖ ប្រសិនមានការព្យួរការអនុគ្រោះពន្ធ EBA ការនាំចេញរបស់កម្ពុជាអាចធ្លាក់ចុះដែលគិតជាទឹកប្រាក់ក្នុងរង្វង់៦០០លានុដល្លារក្នុងមួយឆ្នាំ។ ការធ្លាក់ចុះនៃការនាំចេញនេះ គឺគិតលើផលិតផលសំខាន់ៗដែលរួមមាន សម្លៀកបំពាក់ ស្បែកជើង និងអង្ករ។ នេះបើតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាដែលចេញផ្សាយដោយធនាគារពិភពលោក។
ករណី EBA នឹងក្លាយជាបញ្ហាប្រឈមសេដ្ឋកិច្ចមួយរបស់កម្ពុជា បើសិនណាសភាពអឺរ៉ុបសម្រេចព្យួរមែននោះ។ ទោះមិនទាន់មានការសម្រេចព្យួរ ឬមិនព្យួរប្រព័ន្ធអនុគ្រោះពន្ធលើអ្វីៗទាំងលើកលែងតែអាវុធនេះ ដែលត្រូវរង់ចាំរហូតដល់ក្នុងរង្វង់ខែសីហា ឆ្នាំ២០២០ តែធនាគារពិភពលោក (World Bank) បានគណនាពីទំហំប៉ះពាល់ ដល់ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារមួយនេះ ក្នុងករណីមានការព្យួរមែន។
ករណីមានការព្យួរការអនុគ្រោះពន្ធ EBA ពីកម្ពុជា នោះការនាំចេញនឹងអាចធ្លាក់ចុះ ដែលគិតជាទឹកប្រាក់ចន្លោះប្រមាណ ៥១៣លានដុល្លារ ទៅ ៦៥៤លានដុល្លារក្នុងមួយឆ្នាំ។ ការគណនានេះ ដោយផ្អែកតួលេខនៃនាំចេញទៅ EU ឆ្នាំ២០១៨ ទំហំ ៤៣៤០លានដុល្លារ នៃផលិតផលសម្លៀកបំពាក់ ស្បែកជើង និងអង្ករ ដោយមិនគិតផលិតផលកង់។ គួរបញ្ជាក់ថា គ្រាន់តែសម្លៀកបំពាក់ កាន់ទំហំដល់ទៅ ៨០ភាគរយនៃការនាំចេញសរុបរបស់កម្ពុជាទៅ EU ។
លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់ធនាគារពិភពលោក បានថ្លែងក្នុងពិធីសម្ពោធរបាយការណ៍ខាងលើដូច្នេះថា៖«ប្រសិនយើងបាត់បង់ EBA យើងនឹងត្រូវបង់ពន្ធគយប្រហែល ១២ភាគរយ ហើយបើអ្នកនាំចូលបញ្ចូនតម្លៃពន្ធ (យកតម្លៃពន្ធបញ្ចូលលើថ្លៃផលិតផល) ទៅអ្នកប្រើប្រាស់ ដូចនេះតម្លៃផលិតរបស់យើង នឹងឡើង១២ភាគរយ ដែលផលិតផលយើងលក់ថ្លៃជាងគេ ហើយការបាត់បង់ប្រហែល ៦០០លានដុល្លារ ដោយសារការទិញធ្លាក់ចុះ»។
របាយការណ៍ធនាគារពិភព បានជំរុញឲ្យកម្ពុជាបន្តកាត់បន្ថយថ្លៃដើមផលិត និងសម្រួលដល់ការធ្វើធុរកិច្ច ដើម្បីទាក់ទាញវិនិយោគ និងពង្រឹងភាពប្រកួតប្រជែងរបស់វិស័យឯកជន និងដើម្បីទប់ទល់នឹងបញ្ហាប្រឈមសេដ្ឋកិច្ចដូចជាករណី EBA ជាដើម។
របាយការណ៍នេះ ក៏បានលើកឡើងពីវិធានការថ្មីៗរបស់រដ្ឋាភិបាល ដូចជាដកអង្គភាពកាំកុងត្រូលពីច្រកព្រំដែន លុបភ្នាក់ងារកាំសាប លុបការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតផលិតផល (CO) លើកលែងតែប្រទេសនាំចូលនោះតម្រូវ និងការបញ្ចុះកម្រៃសេវានៅកំពង់ផែ ជាដើម។
មិនមានការគណនាណាមួយ ចេញពីធនាគារពិភពលោកនៅឡើយទេ បើទោះប្រមុខរដ្ឋាភិបាលអះអាងថា វិស័យឯកជនចំណេញប្រមាណ ៤០០លានដុល្លារ ពីវិធានការសម្រួលពាណិជ្ជកម្មខាងលើនេះ។ ទោះមិនអាចបញ្ជាក់បានពីទំហំនៃការកាត់កង រវាងបន្ទុកពន្ធរបស់EU និងការបញ្ចុះថ្លៃដើមក្នុងស្រុក តែលោក លី សូដេត លើកឡើងថា វិធានការខាងលើនេះ នឹងជួយបន្ធូរបន្ធយឥទ្ធិពល EBA បានខ្លះ បើមានករណីព្យួរមែននោះ។ «វិធានការទាំងនោះល្អដែរ ខ្ញុំគិតថានឹងសម្រួលឲ្យថ្លៃដើមឲ្យធ្លាក់ចុះ ហើយករណីព្យួរ EBA នោះ នឹងមិនឥទ្ធិពលពេញនោះទេ អ៊ីចឹងបើមានឥទ្ធិពលខាតមិនដល់ ៦០០លានដុល្លារទេ គឺខាតតិចជាងនេះ»។ លោក លី សូដេត ថ្លែងបែបនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com