អន្តរជាតិ
នៅ​ចិន អាគារ​ពាណិជ្ជកម្ម​ភាគច្រើន​ខ្ពស់ៗ តែ​អាគារ​ក្រុមហ៊ុន​«​ជេ​ក ម៉ា​»​ទាប ហេតុអ្វី​?
06, May 2019 , 6:01 pm        
រូបភាព
​ក្រុង​ហាង​ចូ​វ​៖ អាគារ​ពាណិជ្ជកម្ម​នៅក្នុង​ទីក្រុង​ហាង​ចូ​វ ខេត្ត​ជឺ​ជាំ​ង ប្រទេស​ចិន ភាគច្រើន​មាន​កម្ពស់​ខ្ពស់ ប៉ុន្តែ ខុសប្លែក​ពី​អាគារ​ក្រុមហ៊ុន Alibaba របស់​មហាសេដ្ឋី​ចិន​លោក ជេ​ក ម៉ា ដែល​សង់​អាគារ​ត្រឹមតែ​៦​ជាន់​ប៉ុណ្ណោះ​។ ជា​មហាសេដ្ឋី​មាន​ប្រាក់​​ចាយ​មិន​អស់ តើ​ហេតុអ្វី​បានជា​លោក ជេ​ក ម៉ា មិន​ចំណាយ​ប្រាក់​សង់​អាគារ​ពាណិជ្ជក​ម្ម​កម្ពស់​រាប់សិប​ជាន់ ដូច​ក្រុមហ៊ុន​ដទៃ​នៅក្នុង​ប្រទេស​ចិន​?
 
«​តាម​សមត្ថភាព​លោក​ជេ​ក ម៉ា អាច​សាងសង់​អាគារ​ខ្ពស់ៗ​៣០-៤០​ជាន់​ក៏បាន​ដែរ​។ តែ​លោក ជេ​ក ម៉ា ចូលចិត្ត​អាគារ​មាន​លក្ខណៈ​ដូចនឹង​សាលារៀន ដែលមាន​កម្ពស់​មិន​ខ្ពស់ ហើយ​អាច​ដើរ​ឆ្លងកាត់​ពី​អាគារ​មួយ​ទៅ​អាគារ​មួយទៀត​បាន​យ៉ាង​ស្រួល​»​។ លោក WU Szhe បុគ្គលិក​នៃ​ក្រុមហ៊ុន Alibaba បាន​ឆ្លើយ​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​នៅក្នុង​ក្រុមហ៊ុន Alibaba កាលពី​ចុងខែ​មេសា ឆ្នាំ​២០១៩​កន្លងទៅ​។​
 
សូមអញ្ជើញទស្សនាវីដេអូខ្លី នៅខាងក្រោមនេះ៖



​លោក ជេ​ក ម៉ា ដែលជា​អតីត​គ្រូបង្រៀន​ម្នា​ក់នៅ​ប្រទេស​ចិន ហាក់​ជាប់​ចិត្តនឹង​ទិដ្ឋភាព​អាគារ​សាលារៀន ដែលមាន​កម្ពស់​ទាប​ល្ម​ម អមដោយ​រុក្ខជាតិ​តូចធំ និង​មានបរិ​ស្ថាន​ស្អាត​ត្រជាក់​ភ្នែក​នៅ​ជុំវិញខ្លួន​របស់លោក នេះហើយ​ជាហេតុ​ជំរុញ​ទឹកចិត្ត​ឲ្យ​លោក ជេ​ក ម៉ា សាងសង់​អាគារ​ពាណិជ្ជ​កម្ម​របស់​របស់លោក មាន​លក្ខណៈ​ដូចនឹង​សាលារៀន​។ 
 
​ដូច្នេះ​អាគារ​របស់​ក្រុមហ៊ុន Alibaba ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ទីក្រុង​ហាង​ចូ​វ មាន​ចំនួន​៩​អាគារ និង​កម្ពស់​ត្រឹមតែ ៦​ជាន់​ប៉ុណ្ណោះ ហើយ​អាច​ដើរ​ឆ្លងកាត់​ពី​អាគារ​មួយ​ទៅ​អាគារ​មួយទៀត​បាន​យ៉ាង​ស្រួល​។​
 
​សូមបញ្ជាក់ថា ក្រុមហ៊ុន Alibaba របស់​មហាសេដ្ឋី​ចិន​លោក ជេ​ក ម៉ា បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៩ ហើយ​បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​មាន​បុគ្គលិក​បម្រើការ​ជិត ៨​ម៉ឺន​នាក់​៕

Tag:
 ជេ​ក ម៉ា​
  Alibaba
  ចិន​
  ហាង​ចូ​វ​
  ជឺ​ជាំ​ង​
© រក្សាសិទ្ធិដោយ thmeythmey.com