កីឡាអន្តរជាតិ
អន្តរជាតិ
ក្រៅពី Cech និង Ramsey ក៏មាន Welbeck ផងដែរ​ដែល​ត្រូវ​ចែកផ្លូវ​ពី Arsenal
06, May 2019 , 6:34 pm        
រូបភាព
 
Danny Welbeck នឹង​ចាក​ចេញពី​ក្លិប Arsenal នៅ​ចុងបញ្ចប់​រដូវ​កាល​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកចាត់ការ​ទូទៅ​ក្រុម​កាំភ្លើង​ធំ​លោក Unai Emery នៅ​ថ្ងៃទី​៥ ខែឧសភា​។​

Welbeck អាក់ខាន​បង្ហាញខ្លួន​ឲ្យ Arsenal ចាប់តាំងពី​រូបគេ​រងរបួស​បាក់ជើង​អំឡុង​ការប្រកួត Europa League ទល់នឹង​ក្រុម Sporting CP កាលពី​ខែវិច្ឆិកា​មក​។ យ៉ាងណាក៏ដោយ បើទោះជា​អតីត​សមាជិក​ក្រុម Manchester United រូបនេះ​អាច​ត្រឡប់​ចូល​ហ្វឹកហាត់​វិញ​ក៏ដោយ​ក៏​រូបគេ​មិនបាន​ផ្តល់​កិច្ចសន្យា​ថ្មី​ទៀតឡើយ​។​
 
 
​ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​វ័យ​២៨​ឆ្នាំ​រូបនេះ​បាន​រួមរស់​ជាមួយ​កាំភ្លើង​ធំ​រយៈពេល​៥​រដូវ​មកហើយ​ចាប់តាំងពី​ចាកចេញ​ពី​ទឹកដី Old Trafford ក្នុង​ឆ្នាំ​២០១៤​។ Welbeck ត្រូវ​ដល់​កិច្ចសន្យា​ជាមួយ Arsenal នៅ​ចុងបញ្ចប់​រដូវ​កាល ២០១៨-១៩​នេះហើយ​។​
 
Emery អ្នកចាត់ការ Arsenal បានបញ្ជាក់​ក្នុង​កិច្ចប្រជុំ​ក្លិប​ថា Welbeck បានសម្រេច​ចិត្ត​ចាក​ចេញពី​ទឹកដី Emirates ដោយ​រូបគេ​មិន​ផ្តល់​កិច្ចសន្យា​ថ្មី​ឡើយ​។​
 
 
​ក្រៅពី Welbeck មិត្ត​រួម​ក្រុម Arsenal របស់គេ​ពីររូប​ទៀត​រួមមាន​អ្នកចាំទី Petr Cech និង Aaron Ramsey ក៏​នឹង​ចាក​ចេញពី​ក្រុម​មាន​មូលដ្ឋាន​ក្នុង​ក្រុង​ឡុង​ដ៏​នេះ​ផងដែរ​។ Cech នឹង​ចូលនិវត្តន៍​ពី​អាជីព​អ្នកចាំទី​របស់ខ្លួន​ត្រឹមនេះ ខណៈ Ramsey ទៅ​ចូលរួម​ជាមួយ Juventus ដោយ​ចុះកិច្ចសន្យា​រយៈពេល ៤​ឆ្នាំ​៕
 

 

 

Tag:
 បាល់ទាត់​
  Danny Welbeck
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com