ជាតិ
សង្គមជាតិ
វីរបុរស​សង្គ្រោះ​ក្មេងស្រី​ពី​ការផ្ទុះ​រថយន្ត មិន​ចង់​ឲ្យ​គ្រួសារ​ជាប់បំណុល​ធនាគារ​ដើម្បី​ខ្លួន​នោះឡើយ​
07, May 2019 , 6:29 am        
រូបភាព
រូបថតលោក សំណាង កាលពីពេលមិនទាន់មានបញ្ហា និងពេលរងរបួស។ សូមអភ័យទោសចំពោះរូបភាពដែលអាចធ្វើឲ្យប៉ះពាល់អារម្មណ៍មិត្តអ្នកអាន)
រូបថតលោក សំណាង កាលពីពេលមិនទាន់មានបញ្ហា និងពេលរងរបួស។ សូមអភ័យទោសចំពោះរូបភាពដែលអាចធ្វើឲ្យប៉ះពាល់អារម្មណ៍មិត្តអ្នកអាន)
លោក ឃុ​ត សំណាង មាន​រាងកាយ​របួស និង​ស្លាកស្នាម​ពេញ​ខ្លួន​។ ស្ថានភាព​របស់លោក​ធ្លាក់​ទៅជា​បែបនេះ ដោយសារតែ​លោក​មិន​ខ្វល់​ពី​អាយុជីវិត​ខ្លួន ទៅ​ជួយសង្គ្រោះ​ក្មេងស្រី​ម្នាក់​ក្នុង​ហេតុការណ៍​ផ្ទុះ​ហ្គាស់​រថយន្ត​នៅ​ក្រុង​តាខ្មៅ ខេត្ត​កាលពី​ថ្ងៃទី​១២ ខែមេសា កន្លងមក​។ បច្ចុប្បន្ន បុរស​ចិត្តបុណ្យ​វ័យ​៥៣​ឆ្នាំ​រូបនេះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្តបាត់ដំបង​ដែលជា​ស្រុកកំណើត​របស់ខ្លួន​។ លោក​ត្រូវ​ប្រឈម​ការខ្វះខាត​គ្រប់បែបយ៉ាង ប៉ុន្តែ​លោក​មិន​ចង់​ឲ្យ​ក្រុមគ្រួសារ ជាពិសេស​កូនៗ​ជាប់បំណុល​ធនាគារ​ដើម្បី​ព្យាបាល​លោក​នោះឡើយ​។​



«​ដូច​ដឹង​ស្រាប់​ហើយ ខ្ញុំ​មិន​សុខ​សប្បាយ​ទេ ប៉ុន្តែ​ខ្ញុំ​ក៏​មិន​ស្តាយក្រោយ​នោះឡើយ នូវ​អ្វីដែល​ខ្ញុំ​បានធ្វើ​កន្លងមក ពីព្រោះ​ខ្ញុំ​បាន​ជួយ​ក្មេងស្រី​ឲ្យ​រួច​ផុតពី​គ្រោះថ្នាក់ បើទោះបីជា​ខ្ញុំ​មិនដឹងថា នាង​ជា​កូនចៅ​របស់​អ្នកណា​ក៏ដោយ​»​។ លោក ឃុ​ត សំណាង បាន​រៀបរាប់​យ៉ាង​ដូច្នេះ ជាមួយនឹង​សំឡេង​ខ្សាវៗ​ក្នុង​បទ​សម្ភាស​តាម​ទូរ​សព្ទ​ជាមួយ​សារព័ត៌មាន ThmeyThmey កាលពី​ថ្ងៃទី​៦ ខែឧសភា​។​

​ជា​អ្នករត់​តាក់ស៊ី ដែល​រស់នៅ​ភូមិ​កំពង់​សំបួរ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង តែ​លោក​មាន​វត្ត​មាននៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល នា​ថ្ងៃកើតហេតុ​។ ខណៈនោះ​លោក ឃុ​ត សំណាង ហៀបនឹង​ស្រស់ស្រូប​អាហារ​ទៅហើយ ប៉ុន្តែ​លោក​ស្រាប់តែ​ឮ​សំឡេង​ផ្ទុះ​រថយន្ត ហើយ​នៅក្បែរនោះ​លោក​បានឃើញ​ក្មេងស្រី​ម្នាក់​។ លោក​បានរ​ត់ទៅ​រុញ​ក្មេងស្រី​តូច​រូបនោះ ចេញពី​ឲ្យ​ផុតពី​កន្លែងកើតហេតុ​។ ក្មេងស្រី​បាន​រួចផុតជីវិត ប៉ុន្តែ​ចៃដន្យ​អាក្រក់ រថយន្ត​បាន​បន្ត​ផ្ទុះ​ម្តងទៀត ធ្វើ​ឲ្យ​ភ្លើង​ឆាបឆេះ​ពេញ​ខ្លួន​របស់លោក​តែម្តង​។​



«​ក្រោយ​ភ្លើង​ឆេះ​លើ​ខ្លួន​រលត់​បាន​ប្រមាណ​១០​នាទី ព្រោះតែ​ខ្លាច​ភ្លើង​ឆេះ​ដល់​ឡាន​របស់ខ្លួន ខ្ញុំ​ខំ​ដើរ​ទាំង​ត្រដរ ទាំង​ខ្លួន​រោល​ខ្មៅ​ខ្លោច​ស្បែក​អស់​ទៅហើយនោះ ទៅ​បើកឡាន​ចេញពី​​កន្លែងកើតហេតុ ហើយ​បាន​ប្រមាណ​៣០​ម៉ែត្រ មុនពេល​ខ្ញុំ​ដួល​ដេក​ទៅលើ​ដី​»​។ នេះ​ជាការ​រៀបរាប់​ផ្ទាល់​របស់ លោក ឃុ​ត សំណាង​។​

 ​ប្រាប់​សារព័ត៌មាន ThmeyThmey បុរស​អ្នករត់​តាក់ស៊ី​ចិត្តបុណ្យ​ម្នាក់នេះ ទទួលស្គាល់ថា ជីវិត​របស់លោក​កំពុងស្ថិត​ក្នុងស្ថានភាព​ដ៏​អាក្រក់ ប៉ុន្តែ​លោក​មិនដែល​សៅហ្មង​ចិត្ត​ឡើយ​។ លោក​សប្បាយចិត្ត​ ដោយសារ​លោក​បានធ្វើ​នូវ​ទង្វើ​ដែល​គួរ​ធ្វើ ព្រោះ​ប្រសិនបើ​លោក​មិន​អើពើ ក្មេងស្រី​នោះ ​ច្បាស់​ជា​ស្លាប់​មិន​ខាន​។ ប៉ុន្តែ​ធម្មជាតិ​របស់លោក មិនអាច មិន​ឈឺឆ្អាល​នោះឡើយ​។​


ក្រុមគ្រូពេទ្យ​លាងរបួស។ (សូមអភ័យទោសចំពោះរូបភាពដែលអាចធ្វើឲ្យប៉ះពាល់អារម្មណ៍មិត្តអ្នកអាន)/ Facebook

​លោក​បាន​គូសបញ្ជាក់ថា​៖ «​ប្រហែលជា​គុណបុណ្យ​របស់ខ្ញុំ មនុស្ស​ជាច្រើន ជាពិសេស​សាច់ញាតិ មិត្តភក្តិ​ជិតខាង សប្បុរសជន ចាប់អារម្មណ៍​មកលើ​ស្ថានភាព​របួស​របស់ខ្ញុំ​យ៉ាងខ្លាំង។ ខ្ញុំ​បានទទួល​ការឧបត្ថម្ភ​ជា​បន្ត​បន្ទាប់ពី​សំណាក់​ពួកគាត់​។ ខ្ញុំ​ពិតជា​រំជួលចិត្ត​ណាស់​។ គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ ព​-២ ឬ​អតីត​ពេទ្យ​យោធា ក៏​យកចិត្តទុកដាក់​ព្យាបាល​ខ្ញុំ​ជាពិសេស​ផងដែរ​»​។​

​ទោះបីជា​លោក សំណាង មិន​បង្ហើប​ប្រាប់​ត្រង់ៗ​ក៏ដោយ ប៉ុន្តែ​ស្ថានភាព​របួស​របស់លោក ពិតជា​ត្រូវ​ការចំណាយ​ច្រើនណាស់ ហើយ​លោក​ក៏​មិន​ចង់​ឲ្យ​គ្រួសារ ជាពិសេស​កូនៗ​ទាំង​៣​របស់លោក មាន​ផល​លំបាកទៅ​អនាគត​ដោយសារតែ​ប្រឹង​ដោះបំណុល​ធានា​គារ​នោះដែរ​។​

​កន្លងមក ដោយសារ​មិនមាន​ប្រាក់​បង់ថ្លៃ​ការព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ រួមទាំង​ការ​នឹក​ស្រុកកំណើត​ផង​នោះ លោក សំណាង បាន​ប្ដូរ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ព​- ២ (​អតីត​ពេទ្យ​យោធា​) ក្នុង​ខេត្តបាត់ដំបង​របស់ខ្លួន​វិញ​។ លោក​និយាយ​ទាំង​អួលដើមក​ថា ៖«​ពេល​លាង​របួស​បី​ថ្ងៃ​ម្ដង​ហ្នឹង ខ្ញុំ​ស្រែក​ដូច​គោ​អ៊ីចឹង​។ ឈឺ​ណាស់​។ បើ​នៅ​កាល់ម៉ែ​ត្រ ​មុន​លាង​គេ​ចាក់​ថ្នាំ​សន្លប់ តែ​នៅ ព​-២ គេ​លាង​ឆៅ​តែម្ដង​។ ខ្ញុំ​មិនអាច​ព្យាបាល​នៅ​ពេទ្យ​កាល់​ម៉ែត្រ​បានទេ។ មួយថ្ងៃ​អស់​ជាង​១០០​ដុល្លារ ហើយ​គេ​យកប្រាក់​មុន​ទៀត​។ ខ្ញុំ​ជា​អ្នករត់​ឡាន មិនមាន​ទ្រព្យ​សល់​ច្រើន​នោះឡើយ​»​។


លោក សំណាង និងគ្រួសារ ទទួល​ថវិកាឧបត្ថម្ភពីគ្រូពេទ្យ។  (សូមអភ័យទោសចំពោះរូបភាពដែលអាចធ្វើឲ្យប៉ះពាល់អារម្មណ៍មិត្តអ្នកអាន)/ Facebook

​អាការ​ជំងឺ​របស់លោក ឃុ​ត សំណាង ដែល​ធ្ងន់ធ្ងរ​គួរឱ្យកត់សម្គាល់​នោះ​គឺ លោក​ហត់​ពេល​និយាយ​ច្រើន និង​ឈឺ​របួស​ខ្លាំង​ពេល​លាង​មុខរបួស​រាល់ពេល​បី​ថ្ងៃ​ម្ដង​។ លោក​ថា​៖ «​ដោយសារ​តែមាន​របរ​ជា​អ្នករត់​តាក់ស៊ី ខ្ញុំ​តែងតែ​ផ្លាស់​ទី​ចល័ត​ច្រើន។ ដូច្នេះ​អារម្មណ៍​របស់លោក​នាពេល​បច្ចុប្បន្ន គឺ​ពិតជា​ពិបាក​ខ្លាំងណាស់​។ «​ខ្ញុំ​តប់ប្រមល់​ខ្លាំងណាស់ ​ដែល​នៅតែ​មួយកន្លែង ហើយ​មិនបាន​ងូតទឹក​។ ខ្ញុំ​សង្ឃឹមថា អាច​ទៅផ្ទះ​វិញ​បាន​ឆាប់ៗ​»៕


លោក សំណាង និងគ្រួសារ ទទួល​ថវិកាឧបត្ថម្ភជាបន្តបន្ទាប់ពីសប្បុរសជន​។  (សូមអភ័យទោសចំពោះរូបភាពដែលអាចធ្វើឲ្យប៉ះពាល់អារម្មណ៍មិត្តអ្នកអាន)/ Facebook

ចំណាំ៖ នេះជាលេខទូរសព្ទផ្ទាល់របស់​លោក ឃុត សំណាង ០៨៦ ៩៨ ៤៦ ៨៦



Tag:
 ឃុត សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com