ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​អាច​បង្កឡើង​ដោយ​មូលហេតុ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទាំងនេះ​ដែរ​
08, May 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យើងទាំងអស់គ្នា​ដឹង​ហើយ​ថា ការដែល​មិនបាន​ញ៉ាំ​ទឹក​គ្រប់គ្រាន់ នឹងធ្វើ​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​។ រឿងនេះ​កើតឡើង​ជាការ​ពិត​ដែរ​ចំពោះ​ករណី​រាករូស ព្រមទាំង​បែកញើស​ច្រើន​ដោយសារតែ​អាកាសធាតុ​ក្តៅ ឬ​ហាត់ប្រាណ​ខ្លាំង​។ ប៉ុន្តែ​តើ​អ្នកមាន​ដឹង​ទេ​ថា មាន​មូលហេតុ​ផ្សេងៗ​ទៀត​នាំ​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ដែរ​ទេ ហើយ​ភាគច្រើន​គឺ​មិនសូវមាន​នរណា​ដឹង​ទេ​។​


 
​ញ៉ាំ​កាហ្វេ​
 
​វា​គឺជា​ចំណេះដឹង​ទូទៅ​មួយ​ដែល​និយាយថា ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​កាហ្វេ​គឺជា​សារធាតុ​ភ្ញោ​ច តែ​វា​អាច​បង្កើន​សកម្មភាពរ​បស់​ប្រព័ន្ធ​សរសៃប្រសាទ​មនុស្ស​យើង​បាន​។ តែ​ជាតិ​កាហ្វេ​អ៊ី​ន​ក៏​អាច​ទាញ​ជាតិ​ទឹក​ចេញពី​ក្នុង​ខ្លួន​ច្រើន​ដែរ​។ ដូច្នេះ​បើសិនជា​អ្នក​ញ៉ាំ​កាហ្វេ​ច្រើនៗ​ពេក​ក្នុង​មួយថ្ងៃ ជាពិសេស​កាហ្វេ​ចាស់​ទៀត​នោះ អ្នក​ពិតជា​ងាយ​នឹង​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​ណាស់​។ 
 
​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​
 
​គ្រឿង​ស្រវឹង​មិនសូវ​ខុសគ្នា​នឹង​កាហ្វេ​ឡើយ​គឺថា វា​ក៏​ធ្វើ​ឲ្យ​អ្នក​នោម​ច្រើនជាង​ធម្មតា ដោយសារតែ​វា​មាន​ផ្ទុក​ទៅដោយ​សារធាតុ​បញ្ចុះ​ទឹកនោម​។ នេះហើយ​គឺជា​ហេតុផល​ជាក់លាក់​មួយ​ដែល​អ្នក​គួរតែ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​បាន​ហើយ​។ ក្រៅពី​ខ្សោះ​ជាតិ​ទឹក ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ក៏​នាំ​ឲ្យ​មាន​ជំងឺ​ជាច្រើន​ថែមទៀត​ដែរ ចាប់ពី​ជំងឺ​ខ្លាញ់​រុំ​ថ្លើម ជំងឺ​ទឹកនោមផ្អែម រហូតដល់​ជំងឺ​បេះដូង​។ 
 
​ញ៉ាំ​អាហារ​ហិ​រ​ច្រើន​
 
​តើ​អ្នកជា​មនុស្ស​ដែល​ចូលចិត្ត​ញ៉ាំ​ហិ​រដែរ​ទេ​? បើ​ចឹ​ង​មែន​មិនបាច់​ភ្ញាក់ផ្អើល​អី​បើសិនជា​អ្នក​យល់ថា​ខ្លួនឯង​ដូចជា​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​នោះ​។ អ្នក​ដែល​ចេះ​វិធី​សម្រក​ទម្ងន់​ដោយ​ការ​ញ៉ាំ​អាហារ​ហិ​រ​ប្រហែលជា​ដឹង​ហើយ​ថា វា​នឹងធ្វើ​ឲ្យ​ចង្វាក់​នៃ​ការរំលាយ​អាហារ​លឿន ហើយ​ការ​លឿន​បែបនេះ​មិន​ត្រឹមតែ​ជួយ​រំលាយ​ជាតិ​ខ្លាញ់​ដែល​លើស​ទេ តែ​ក៏​ប្រើប្រាស់​ទឹក​ច្រើន​ដែរ​។ 
 
​ជីវិត​ពោរពេញ​ទៅដោយ​ភាព​ស្ត្រេ​ស​
 
​ការដែល​ស្ត្រេ​ស​នឹងធ្វើ​ឲ្យ​ចរន្តឈាម​ទៅជា​មាន​អ័រម៉ូន​ស្ត្រេ​ស​ច្រើន​។ អ័រម៉ូន​ស្ត្រេ​ស​ខ្លះ​ត្រូវបាន​ផលិត​ចេញពី​ក្រពេញ​ជាច្រើន ដែល​ឆ្លើយតប​នឹង​ការសម្របសម្រួល​ដល់ក​ម្រិ​ត​ជាតិ​ទឹក​ក្នុង​ខ្លួន ហើយក៏​វា​អាចធ្វើ​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ដែរ​បើសិនជា វា​ត្រូវបាន​ផលិត​ច្រើនពេក​។ 
 
​ការ​មក​រដូវ​រាល់​ខែ​
 
​តើ​អ្នកជា​ស្ត្រី​ដែល​កំពុងតែ​មក​រដូវ​ដែរ​ទេ​? បើ​អ៊ីចឹង​មែន អ្នក​ទំនងជា​ងាយ​នឹង​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​ហើយ ដោយសារតែ​ហេតុផល​ពីរ​យ៉ាង​។ ទីមួយ អតុល្យភាព​អ័រម៉ូន​អាច​នាំ​ឲ្យ​អតុល្យភាព​ដល់​ជាតិ​ទឹក​ដែរ​។ ទី​ពីរ អ្នក​ងាយ​នឹង​បាត់បង់​ឈាម​ក្នុងពេល​មក​រដូវ និង​ផ្នែក​មួយ​នៃ​សមាសធាតុ​របស់​ឈាម​គឺ​ទឹកតែ​ម្តង​។ 
 
​កំពុង​តែមាន​ជំងឺ​ណាមួយ​
 
​ជំងឺ​មួយចំនួន​ត្រូវបាន​គេ​ស្គាល់​ថា​ជា​មូលហេតុ​នាំ​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​។ ជំងឺ​ដែល​ញឹកញាប់​បំផុត​នោះ​គឺ ជំងឺ​ទឹកនោមផ្អែម​តែម្តង ដែល​វា​ត្រូវបាន​សម្គាល់​ដឹង​តាមរយៈ​វត្តមាន​ជាតិ​ស្ករ​ក្នុង​ឈាម​ច្រើន​។​កាលណា​ជាតិ​ស្ករ​ក្នុង​ឈាម​ច្រើន អាចធ្វើ​ឲ្យ​នោម​កាន់តែច្រើន ដូច្នេះ​វា​នឹងធ្វើ​ឲ្យ​ឈាម​ខាប់​រហូតដល់​ខ្សោះ​ជាតិ​ទឹក​ដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com