កីឡាអន្តរជាតិ
អន្តរជាតិ
១​គ្រាប់​ពី​ចម្ងាយ​របស់ Kompany ជួយ Man City មានប្រៀប​លើ Liverpool វិញ​
07, May 2019 , 10:14 am        
រូបភាព
​ខ្សែការពារ Vincent Kompany ស៊ុត​បាល់​ពី​ចម្ងាយ​យ៉ាង​អស្ចារ្យ​ដើម្បី​បំប៉ោង​សំណាញ់​ទី Leicester City ជួយ Manchester City យកបាន​ជ័យជម្នះ​ក្នុង​លទ្ធផល ១-០ និង​ជួយ​ក្រុម​ឡើងទៅ​ឈរ​កំពូល​តារាង Premier League វិញ​។​


 
​ការប្រកួត​សប្តាហ៍​ទី​៣៧​នៅ​ទឹកដី Etihad នៅ​ថ្ងៃទី​៦ ខែឧសភា ខ្សែការពារ​សញ្ជាតិ​ប៊ែ​ល​ហ្ស៊ិ​ក វ័យ​៣៣​ឆ្នាំ​បាន​ក្លាយជា​វីរបុរស​ក្នុង​ការនាំ​ក្រុម​របស់លោក Pep Guardiola ទទួលបាន​៣​ពិន្ទុ​បន្ថែម​ដោយ​នាំមុខ Liverpool ចំនួន​១​ពិន្ទុ​វិញ​។ 


 
​ជ័យជម្នះ ១-០ របស់​មេឃ​ខៀវ​លើ​ក្រុម Leicester ដែល​សម្រេច​ទី​បាន​នៅ​នាទី​៧០ ដោយ​ការ​ស៊ុត​ពី​ចម្ងាយ​របស់ Kompany បានធ្វើ​ឲ្យ​គូប្រជែង Liverpool ខកចិត្ត​មិន​ស្ទើរ​ឡើយ​។ ហង្ស​ក្រហម​រំពឹងថា Leicester ជា​ក្រុម​ចុងក្រោយ​ដែល​អាច​រារាំង Man City បាន​ដើម្បី​ពួកគេ​នៅ​រក្សា​កំពូល​តារាង​ក៏ដូចជា​មាន​ភាគរយ​ខ្ពស់​ដើម្បី​ប្រជែង​ពាន​លី​គ​កំពូល​អង់គ្លេស​រដូវ​កាល​នេះ​។​


 
​ម្ចាស់​ការពារ​តំណែង​ជើងឯក​រកបាន​៩៥​ពិន្ទុ​ពី​ការប្រកួត​៣៧​លើក នាំមុខ Liverpool ដែលមាន​៩៤​ពិន្ទុ​។ ក្រុម​ទាំងពីរ​នៅសល់​១​ប្រកួត​ចុងក្រោយ​ដើម្បី​កាត់សេចក្តី​ថា​ក្រុម​ណា​នឹង​ក្លាយជា​ម្ចាស់​ពាន Premier League រដូវ​កាល ២០១៨-១៩​នេះ​។ ការប្រកួត​បិទ​រដូវ​កាល Man City ទទួល​ទៅផ្ទះ Brighton & Hove Albion ស្រប​ពេលដែល Liverpool ត្រូវ​ទទួលភ្ញៀវ Wolverhampton Wanderers ដែលជា​ក្រុម​មិនអាច​មើលស្រាល​បាន​៕
 

Tag:
 បាល់ទាត់​
  Premier League
  Vincent Kompany
© រក្សាសិទ្ធិដោយ thmeythmey.com