អន្តរជាតិ
ឥណ្ឌូណេស៊ី កម្ទេច​ទូក​នេសាទ​វៀតណាម​ខុសច្បាប់​១៣​គ្រឿង ដែល​បំពាន​ក្នុង​អធិបតេយ្យ​ខ្លួន​
07, May 2019 , 11:11 am        
រូបភាព
រូបភាពឯកសារ ( Internaational Business Times)
រូបភាពឯកសារ ( Internaational Business Times)
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា បន្ត​អនុវត្ត​គោលនយោបាយ​ម៉ឺងម៉ាត់​ក្នុងការ​កម្ទេច និង​ពន្លិច​ទូក​នេសាទ​ទាំងឡាយណា ដែល​ចូលក្នុង​ដែន​អធិបតេយ្យ​របស់ខ្លួន​ដោយ​ខុសច្បាប់​។ សម្រាប់​ក្រុង​ហ្សា​ការ​តា មានតែ​ពលរដ្ឋ​ឥណ្ឌូណេស៊ី​ប៉ុណ្ណោះ​នោះទេ ដែល​អាច​ទទួលផល​នេសាទ​ក្នុង​ដែនទឹក​របស់ខ្លួន​។


 
​កង​ល្បាត​ព្រំ​ដែនទឹក​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃ​ចុង​សប្តាហ៍​មុន បាន​ពន្លិច​ទូក​នេសាទ​វៀតណាម ១៣ គ្រឿង ដែល​ចូល​នេសាទ​ខុសច្បាប់​ក្នុង​ដែន​អធិបតេយ្យ​របស់ខ្លួន និង​សន្យា​បន្ត​បេសកកម្ម​ប្រយុទ្ធប្រឆាំង​រាល់​សកម្មភាព​នេសាទ​ខុសច្បាប់​នានា​នៅក្នុង​ប្រទេស​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ឥណ្ឌូណេស៊ី Jakarta Globe នៅ​ថ្ងៃ​៥ ឧសភា​។​
 
​តាម​ប្រភព​ដដែល​នោះ លោក​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ដែនសមុទ្រ និង​នេសាទ​ឥណ្ឌូណេស៊ី  Susi Pudjiastuti បានប្រកាស​ការពារ​គោល​នយោបាយ​របស់ខ្លួន ថា ការកម្ទេច​ទូក​នេសាទ​ទាំងនេះ គឺ​ដើម្បី​បញ្ឈប់​ការនេសាទ​ខុសច្បាប់​ក្នុង​ដែនទឹក​ឥណ្ឌូណេស៊ី​ប៉ុណ្ណោះ​។ លោកស្រី​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា​៖« ធនធាន​សមុទ្រ​របស់​យើង គួរតែ​ប្រជាជន​របស់​យើង​ជា​អ្នកទទួលផល មិនមែន​អ្នកនេសាទ​បរទេស​នោះទេ​»​។ 
 
​ជុំវិញ​ចំណាត់ការ​ក្តៅ​នេះដែរ លោក​រដ្ឋមន្ត្រី ដែល​ជាញ​ញឹកញាប់​ប្រើពាក្យ «​ពន្លិច​ចោល​ទាំងអស់​ទៅ​» លើ​ទូក​នេសាទ​ខុសច្បាប់ បាន​អះអាង​ផងដែរ​ថា រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ក៏បាន​ព្រមាន​តាមរយៈ​មន្ត្រី​ទូត របស់​បណ្តា​ប្រទេស​ដែល​ទូក​នេសាទ​ជាប់​សញ្ជាតិ​ដូចគ្នា​។​
 
​សូម​ជម្រាប​ផងដែរ​ថា ឥណ្ឌូណេស៊ី បានចាប់ផ្តើម​ចាត់វិធានការ​តឹងរ៉ឹង​ប្រឆាំងនឹង​ការនេសាទ​ខុសច្បាប់ ចាប់តាំងពី​លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ឡើងកាន់តំណែង​ក្នុង​ឆ្នាំ​២០១៤​មក​។ វិធានការ​នេះ ធ្វើឡើង​ក៏​ដោយសារតែ​ការនេសាទ​ខុសច្បាប់ បានធ្វើ​ឲ្យ​ឥណ្ឌូណេស៊ី​បាត់បង់​ចំណូល​ជាតិ​ជាច្រើន​លាន​ដុល្លារ ។ បើតាម​ការអះអាង​រប​ស់​មន្ត្រី​ឥណ្ឌូណេស៊ី សកម្មភាព​នេសាទ​ខុសច្បាប់ បានធ្វើ​ឲ្យ​ឥណ្ឌូណេស៊ី បាត់បង់​ចំណូល​រហូតដល់​២៥​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ឯណោះ​។​
 
​តាម​របាយការណ៍​រប​ស់​ក្រសួង​កិច្ចការ​ដែនសមុទ្រ និង​នេសាទ​ឥណ្ឌូណេស៊ី គិត​ចាប់ពី​ឆ្នាំ​២០១៤ ឥណ្ឌូណេស៊ី បាន​បំផ្លាញ​ទូក​នេសាទ​ខុសច្បាប់​ជាច្រើន​រយ​គ្រឿង​ដែល​មកពី​បណ្តា​ប្រទេស​ដូច​ចិន​, នី​ហ្សេ​រី​យ៉ា​, ម៉ាឡេស៊ី​, ថៃ​, ហ្វីលីពីន និង​វៀតណាម​ជាដើម​។ ជា​កត់សម្គាល់​នោះ ទូក​នេសាទ​ខុសច្បាប់​មក​វៀតណាម មាន​ច្រើនជាងគេ​ជាមួយនឹង​តួលេខ​រហូតដល់​ជាង​២០០​គ្រឿង ខណៈ​ហ្វីលីពីន ថៃ និង​ម៉ាឡេស៊ី នៅ​លំដាប់​បន្តបន្ទាប់​គ្នា​៕

Tag:
 ឥណ្ឌូណេស៊ី​
  នេសាទ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com