ជាតិ
២៥ខេត្ត/រាជធានី
កុំគ្រាន់តែជឿអ្នកលក់ថា ជាបន្លែសុវត្ថិភាព តែអ្នកទិញត្រូវដឹងពីគោលការណ៍ដាំបន្លែសុវត្ថិភាព កញ្ញា សោម ចាន់ឆវី អ្នកឯកទេសទីផ្សារនៃអង្គការ GRET
× សៀមរាប៖ ក្រៅពីផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកដាំនិងអ្នកបរិភោគ នៅក្នុង«វេទិកាអ្នកប្រើប្រាស់បន្លែសុវត្ថិភាព» ដែលរៀបចំដោយអង្គការ GRET កាលពីថ្ងៃទី៥ ឧសភានេះ ក៏បានផ្តល់ចំណេះដឹងដល់អ្នកបរិភោគបន្លែពីគោលការណ៍ត្រួតពិនិត្យ និងដំណើរការដាំបន្លែសុវត្ថិភាពទៅកាន់ទីផ្សារ ដើម្បីកុំឲ្យអ្នកបរិភោគភ័ន្តច្រឡំ ឬមិនអាចបែងចែកដាច់រវាងបន្លែប្រើប្រាស់ថ្នាំពុលគីមី និងបន្លែសុវត្ថិភាព។ ជំនួបលើកទីពីររវាងអ្នកដាំបន្លែនិងអ្នកបរិភោគបន្លែ នេះ ធ្វើឡើងបន្ទាប់ពីមានកសិករ៦៦គ្រួសារ ក្នុងឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានប្រែក្លាយជាក្រុមតូចៗទៅជាសហគមន៍«ចម្ការសុវត្ថិភាពធម្មជាតិ»។
កញ្ញា សោម ចាន់ឆវី អ្នកឯកទេសទីផ្សារនៃអង្គការ GRET បានលើកឡើងក្នុងវេទិកាអ្នកប្រើប្រាស់បន្លែសុវត្ថិភាព កាលពីថ្ងៃទី៥ ឧសភា ឆ្នាំ២០១៩ ថា ចំណេះដឹងនៃដំណើរការផលិតបន្លែសុវត្ថិភាពនេះ គឺផ្តោតសំខាន់ទៅលើអ្នកប្រើប្រាស់ ឬអ្នកបរិភោគបន្លែសុវត្ថិភាពឱ្យយល់តែច្បាស់អំពីបន្លែទាំងនេះ។ កញ្ញា ចាន់ឆវី បានបញ្ជាក់យ៉ាងដូច្នេះ៖ «ក្នុងន័យនេះ អ្នកប្រើប្រាស់បន្លែសុវត្ថិភាព មិនត្រឹមតែនិយាយថា ខ្លួនបានទិញ ឬទទួលបន្លែសុវត្ថិភាពពីកសិករ ឬអ្នកលក់នោះទេ។ ពាក្យថា បន្លែសុវត្ថិភាព អ្នកបរិភោគត្រូវដឹងថា កសិករទាំងនោះបានអនុវត្តន៍សកម្មភាពអ្វីខ្លះ បានហ៊ាននិយាយថាបន្លែនោះ ជាបន្លែសុវត្ថិភាព»។
ដំណើរការអនុវត្តបន្លែសុវត្ថិភាពរបស់សហគមន៍«ចម្ការសុវត្ថិភាពធម្មជាតិ»នេះ គឺត្រូវបានត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំតាមដំណាក់កាលនីមួយៗ ដោយមានអ្នកចូលរួមពីតំណាងក្រុមដាំបន្លែសុវត្ថិភាព, ប្រធានក្រុមប្រឹក្សាបច្ចេកទេសកសិកម្ម, អាជ្ញាធរមូលដ្ឋាន និងពិសេសអ្នកប្រើប្រាស់បន្លែសុវត្ថិភាពផ្ទាល់។ នេះបើតាមការពន្យល់ពីអ្នកឯកទេសទីផ្សារនៃអង្គការ GRET កញ្ញា សោម ចាន់ឆវី។ ការត្រួតពិនិត្យនិងវាយតម្លៃជាប្រចាំនេះ ដើម្បីផ្តល់ទំនុកចិត្តដល់អតិថិជនតាមរយៈការបញ្ជាក់សុវត្ថិភាព និងតុល្យភាពក្នុងផលិតបន្លែសុវត្ថិភាព។
ចំណែកឯ ការអនុវត្តទៅតាមគោលការណ៍ស្តង់ដារបន្លែសុវត្ថិភាពរបស់សហគមន៍«ចម្ការសុវត្ថិភាពធម្មជាតិ» ត្រូវបានកញ្ញា ចាន់ឆវី ពន្យល់យ៉ាងដូច្នេះ៖ «ដំណាំទាំងនោះប្រើប្រាស់គ្រាប់ពូជបន្លែក្នុងស្រុក, ចម្ការសុវត្ថិភាពត្រូវនៅដាច់ដោយឡែកពីចម្ការធម្មតា, ប្រើប្រាស់ជីនិងថ្នាំពុលធម្មជាតិ ដោយមិនប្រើប្រាស់ថ្នាំពុលគីមី, ដាំបន្លែចម្រុះចាប់ពី៣មុខឡើងទៅ និងឈប់ប្រើជី-ថ្នាំពុលធម្មជាតិក្នុងរយៈពេល៧ថ្ងៃ មុខនឹងប្រមូលផលបន្លែទាំងនោះ»។
បន្ទាប់ពីអ្នកឯកទេសទីផ្សារនៃអង្គការ GRET កញ្ញា សោម ចាន់ឆវី ពន្យល់ពីដំណើរការនៃការដាំបន្លែដោយអនុវត្តតាមគោលការណ៍ស្តង់ដារបន្លែសុវត្ថិភាពរបស់សហគមន៍«ចម្ការសុវត្ថិភាពធម្មជាតិ» អ្នកចូលរួមប្រមាណ១០០នាក់ នៅក្នុង«វេទិកាអ្នកប្រើប្រាស់បន្លែសុវត្ថិភាព» ដែលរៀបចំដោយអង្គការ GRET កាលពីថ្ងៃទី៥ ឧសភា ឆ្នាំ២០១៩ នៅភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខែសៀមរាប នេះ បានចុះឈ្វែងយល់ពីការអនុវត្តជាក់ស្តែងរបស់កសិករនៅក្នុងសហគមន៍«ចម្ការសុវត្ថិភាពធម្មជាតិ»៕
Tag:
កសិកម្ម
បន្លែសុវត្ថិភាព
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com