ជាតិ
សេដ្ឋកិច្ច
អាមេរិក​លុបឈ្មោះ​ក្រុមហ៊ុន​កម្ពុជា​ចំនួន​២០​ចេញពី​បញ្ជី​នាំ​ទំនិញ​ចូល​
07, May 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន​នាំ​ផលិតផល​ចំណីអាហារ​របស់​កម្ពុជា​ចូល​សហរដ្ឋអាមេរិក​ចំនួន ២០ ត្រូវបាន​អាជ្ញាធរ​ចំណីអាហារ និង​ថ្នាំពេទ្យ​សហរដ្ឋអាមេរិក (U.S.FDA) លុបឈ្មោះ​ចេញពី​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​របស់ខ្លួន​សម្រាប់​ឆ្នាំ ២០១៩​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​។​

 
​ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់​នៅក្នុង​សេចក្តីជូនដំណឹង​នៅ​ថ្ងៃ​ចន្ទ​ថា ការណ៍​នេះ​ដោយសារតែ​ក្រុមហ៊ុន​ទាំងនោះ​មិនបាន​ជូនដំណឹង​ពី​ការចុះបញ្ជី​ឡើងវិញ​ឱ្យបាន​ត្រឹមត្រូវ នៅត្រឹម​ដំណាច់ឆ្នាំ ២០១៨​។​
 
​ក្រុមហ៊ុន​ពី​ប្រទេស​កម្ពុជា​បាន​ធ្លាក់ចុះ​ពី​ចំនួន ៥៦ មក​នៅត្រឹម ៣៦ ក្រុមហ៊ុន​នៅ​ដើមឆ្នាំ ២០១៩ នេះ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម ប៉ុន្តែ​មិនបាន​បញ្ជាក់​ឈ្មោះ​ក្រុមហ៊ុន​ទាំងនោះ​នៅឡើយ​ទេ​។​
 
​ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា​បាន​បន្ត​ស្នើឱ្យ​ក្រុមហ៊ុន​នានា​ទាក់ទង​នឹង​តំណាង​នៅ​សហរដ្ឋអាមេរិក គឺ​ក្រុមហ៊ុន Registrar Corp ដើម្បី​ជួយ​សម្រួល​ក្នុងការ​ចុះបញ្ជី​ជាថ្មី​។​
 
​ក្រសួងពាណិជ្ជកម្ម​បាន​បន្តថា​៖
 
«​ដើម្បី​ជៀសវាង​នូវ​ការ​ឃាត់ឃាំង ឬ​សកម្មភាព​និយ័តកម្ម​ផ្សេងៗ ក្រុមហ៊ុន Registrar Corp សហរដ្ឋអាមេរិក​នឹង​សម្របសម្រួល​ផ្តល់​សេវា​ផ្ទៀងផ្ទាត់​ដោយ​ឥតគិតថ្លៃ​ចំពោះ​ការចុះបញ្ជី​ទីតាំង​ផលិត​ចំណីអាហារ​ឡើងវិញ​សម្រាប់​សុពលភាព​ឆ្នាំ ២០១៩ ជាមួយ​U.S FDA ទើប​អាច​អនុញ្ញាតឱ្យ​ធ្វើការ​នាំចូល​និង​ចែកចាយ​នៅ​សហរដ្ឋអាមេរិក​បា​ន‍​»​។​

 
 
​សហរដ្ឋអាមេរិក​ទទួល​ទិញ​ទំនិញ​ពី​ប្រទេស​កម្ពុជា​ចំនួន ៣,៨ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៨ ក្នុងនោះ​ផលិតផល​កសិកម្ម​មាន​ចំនួន ២៤ លាន​ដុល្លារ​។ ផលិតផល​កសិកម្មរ​បស់​កម្ពុ​ជាមាន​ស្រូវ កៅស៊ូ អាហារសម្រន់ បន្លែ​និង​គ្រឿងទេស​។ នេះ​បើតាម​ការបញ្ជាក់​របស់​គេហទំព័រ​នៃ​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​។​
 
​ការ​លុបឈ្មោះ​ក្រុមហ៊ុន​បរទេស​ចេញពី​បញ្ជី​របស់​អាជ្ញាធរ​ចំណីអាហារ និង​ថ្នាំពេទ្យ​របស់​សហរដ្ឋអាមេរិក​គឺ​មិនមែន​តែ​លើ​ប្រទេស​កម្ពុ​ជាមួយ​ទេ​។ មាន​ក្រុមហ៊ុន​ចំនួន​៤៧.៦៣៥ ត្រូវបាន​លុបចេញ​ដែល​ត្រូវជា ២០ ភាគរយ​នៃ​ក្រុមហ៊ុន​ទាំងអស់ ដែល​បាន​ចុះបញ្ជី​ក្នុង​ឆ្នាំ ២០១៩​។ នេះ​បើតាម​ការបញ្ជាក់​នៅលើ​គេហទំព័រ​របស់​ការិយាល័យ​ក្រុមហ៊ុន Registrar Corp ។​
 
​បុគ្គលិក​ម្នាក់​នៃ​ក្រុមហ៊ុន Registrar Corp ដែល​សុំ​មិនឱ្យ​បញ្ចេញ​ឈ្មោះ ដោយសារតែ​លោកស្រី​គ្មាន​សិទ្ធិ​និយាយ​ជាមួយនឹង​អ្នកសារព័ត៌មាន​បានបញ្ជាក់​ប្រាប់​វី​អូ​អេ​ថា ក្រុមហ៊ុន​នានា​ត្រូវ​ចុះបញ្ជី​ឡើងវិញ នៅ​ចន្លោះ​ថ្ងៃទី​១ ខែតុលា ដល់​ថ្ងៃទី​៣១ ខែធ្នូ​ជា​រៀងរាល់ឆ្នាំ​គូ​។​
 
​លោកស្រី​បាន​បន្ថែមថា មិនដឹង​មូលហេតុ​អ្វីដែល​ក្រុមហ៊ុន​ទាំងនោះ​មិនបាន​ចុះបញ្ជី​ឡើងវិញ​ទេ​។ ប៉ុន្តែ​លោកស្រី​បញ្ជាក់ថា ការ​លុបឈ្មោះ​នេះ​គឺ​មិន​ពាក់ព័ន្ធ​នឹង​សេចក្តីស្នើច្បាប់​ពាណិជ្ជកម្ម​ដែល​សមាជិកសភា​និង​ព្រឹទ្ធសភា​របស់​សហរដ្ឋអាមេរិក​បានស្នើ​ឡើង​ឱ្យ​ដាក់ទណ្ឌកម្ម​លើ​ផលិតផល​របស់​កម្ពុជា​ទេ ដែល​ក្នុងនោះ​គឺ​ការដក​ឋានៈ​អនុគ្រោះ​ពន្ធ​លើ​ផលិតផល ដែល​កម្ពុជា​នាំចូល​សហរដ្ឋអាមេរិក​ក្នុងតម្លៃ​ជាង ៤០០ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​
 
​លោកស្រី​បន្ថែមថា ក្រុមហ៊ុន Registrar Corp ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋ Virginia នឹង​ធ្វើជា​តំណាង​នៅ​សហរដ្ឋអាមេរិក​សម្រាប់​ក្រុមហ៊ុន​ទាំងនោះ​។​
 
​អាជ្ញាធរ​ចំណីអាហារ​និង​ថ្នាំពេទ្យ​របស់​សហរដ្ឋអាមេរិក​នៅ​មិនទាន់បាន​ឆ្លើយតប​នឹង​សំណើសុំ​អត្ថាធិប្បាយ​របស់​វី​អូ​អេ​នៅឡើយ​ទេ​នៅ​ថ្ងៃ​ចន្ទ​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com