រថយន្ត
អន្តរជាតិ
តើ​ទីក្រុង​នៅ​ប្រទេស​វៀតណាម​អាច​ហាមឃាត់​ការធ្វើដំណើរ​តាម​ទោចក្រយានយន្ត​បានទេ​?
08, May 2019 , 8:19 am        
រូបភាព
ដោយ: VOA
​ហូជីមិញ ៖ រាល់​អ្នកធ្វើដំណើរ​ទៅ​ប្រទេស​វៀតណាម សុទ្ធតែ​ធ្លាប់​ឆ្លងកាត់​បទពិសោធន៍​មួយ​ដែលថា​៖ ការធ្វើដំណើរ​ក្នុងប្រទេស​វៀតណាម​មិន​ពេញលេញ​ទេ រហូតដល់​អ្នកធ្វើដំណើ​រ​ឆ្លងកាត់​ផ្លូវ​ខ្វាត់ខ្វែង​ទៅមក​ដ៏​មមាញឹក​ដើម្បី​ហៅ​ម៉ូតូ​ជិះ ហើយ​អ្នកបើកបរ​ក៏​ឆ្វែល​ឆាប​ដឹក​អ្នកដំណើរ​។ ការណ៍​នេះ​មើលទៅ​ដូចជា​រឿង​គ្មាន​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ​ទាល់តែសោះ​។​

 
​ប្រទេស​វៀតណាម​គឺជា​អាណាចក្រ​ម៉ូតូ​។ ផែនទី​របស់​ក្រុមហ៊ុន Google ថែមទាំង​បាន​ណែនាំ​លក្ខណៈពិសេស​មួយ សម្រាប់​អ្នកធ្វើដំណើរ​ដោយ​ម៉ូតូ​កាលពី​ឆ្នាំមុន ដោយ​ផ្ដល់​ឲ្យ​ពួកគេ​នូវ​រយៈពេល​ធ្វើដំណើរ និង​ព័ត៌មាន​ទាក់ទង​នឹង​ផ្លូវ​បង់ប្រាក់​ជាដើម​។ ដូច្នេះ​តើ​អាច​ទេ​ដែលថា​ទីក្រុង​ធំ​បំផុត​ពីរ​របស់​វៀតណាម អាច​ហាមឃាត់​ការធ្វើដំណើរ​តាម​ទោចក្រយានយន្ត ដែល​ប្រជាជន​ជាង ១០០ លាន​នាក់​កំពុងតែ​ពឹងផ្អែក​លើ​សេវាកម្ម​បែប​សព្វថ្ងៃនេះ​?
 
​មន្ត្រី​សាលាក្រុង​បានស្នើ​ឲ្យ​មានការ​ហាមឃាត់​ការធ្វើដំណើរ​ដោយ​ម៉ូតូ​នៅតាម​ផ្នែក​ខ្លះ​នៃ​ទីក្រុង​ហាណូយ និង​ទីក្រុង​ហូជីមិញ​។ សំណើ​នេះ​ត្រូវបាន​គេ​ស្នើឡើង​ជារឿយៗ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ហើយ​ឥឡូវនេះ​វា​ក៏បាន​គេ​ស្នើឡើង​ម្ដងទៀត​។​
 
​គំនិត​នេះ​បាន​បញ្ឆេះ​ឲ្យ​មានការ​តស៊ូ​មតិ​អំពី​ការបំពុល​បរិស្ថាន ការស្ទះ​ចរាចរណ៍ ផែនការអភិវឌ្ឍន៍​ទី​ក្រុង និង​ការផ្ដល់​មធ្យោបាយ​ល្អ​បំផុត​សម្រាប់​ប្រជាជន​វៀតណាម​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​កន្លែង​ដែល​ពួកគេ​ចង់ទៅ ខណៈពេលដែល​សេដ្ឋកិច្ច​វៀតណាម​កំពុង​លូតលាស់ និង​កំពុង​ធ្វើ ឧស្សាហូបនីយកម្ម ក៏ដូចជា​ការធ្វើ​នគរូបនីយកម្ម​យ៉ាង​ឆាប់រហ័ស​។​
 
​អ្នកគាំទ្រ​សម្រាប់​ការបង្កើត​ឲ្យ​តំបន់ហាមឃាត់​សម្រាប់​ម៉ូតូ បាន​និយាយថា ការហាមឃាត់​ចាំបាច់​ត្រូវតែមាន ដើម្បី​កាត់បន្ថយ​ការបំពុល​បរិស្ថាន និង​បញ្ហា​ស្ទះចរាចរណ៍​។ ប៉ុន្តែ​អ្នក​មិន​គាំទ្រ​វិញ បាន​និយាយថា​ប្រជាជន​ជាច្រើន​មិនមាន​ជម្រើស​ផ្សេង​ទេ ដោយសារតែ​រថយន្ត​មានតម្លៃ​ថ្លៃ ហើយ​ការធ្វើដំណើរ​តាម​សេវា​ដឹកជញ្ជូន​សាធារណៈ​មានកំណត់​។​
 
​សារព័ត៌មាន​ក្នុងស្រុក​របស់​វៀតណាម​មួយ​បាន​ដកស្រង់​សម្ដី​លោក Nguyen Ngoc Dong រដ្ឋមន្ត្រីក្រសួង​សាធារណការ​របស់​វៀត​ណា​ម ដែល​បាន​ឲ្យ​ដឹង​ក្នុងពេល​ថ្មីៗ​នេះ​ថា​៖
 
«​ទីក្រុង​ហាណូយ​ឥឡូវនេះ​កំពុង​អភិវឌ្ឍ​គំនិត​នេះ​។ ហើយ​ថា មាន​បញ្ហា​ជាច្រើន​ទៀត​ដែល​តម្រូវ​ធ្វើការ​ស្រាវជ្រាវ វាយតម្លៃ និង​វិភាគ​មុន​សម្រេច​ចេញ​ផែនការ​ចុងក្រោយ​»​។​
 
​ការស្ទះ​ចរាចរណ៍ និង​ការបំពុល​បរិស្ថាន​
 
​គំនិត​នេះ គឺ​ចង់​ហាមឃាត់​អ្នកធ្វើដំណើរ​តាម​ម៉ូតូ​ក្នុងអំឡុងពេល​កកស្ទះ​ចរាចរណ៍​ខ្លាំង​បំផុត​ប្រចាំថ្ងៃ ឬ​នៅក្នុង​តំបន់​ដែល​អ៊ូអរ ជាពិសេស​នៅ​កណ្ដាល​ទីក្រុង​។ វា​ជា​ការពិត​មួយ​មិនអាច​ប្រកែក​បាន ដែលថា​ចរាចរណ៍​នៅតាម​វិថី​នានា កាន់តែ​ណែនណាន់តាន់តាប់​។​
 
​ចំនួន​ប្រជាជន​នៅក្នុង​ទីក្រុង​ហូជីមិញ បាន​កើនឡើង​រហូតដល់​ជាង ១៣ លាន​នាក់​។ ហើយ​គុណភាព​ខ្យល់ ក៏​កំពុងតែ​អាក្រក់​ទៅៗ​។ កម្រិត​នៃ​ការបំពុល​បរិយាកាស​ដែល​បណ្ដាលមកពី​បញ្ហា​នេះ ម្ដងម្កាល​អាក្រក់​ជាង​តំបន់​ទីប្រជុំជន​មួយចំនួន​នៅក្នុង​ប្រទេស​ចិន និង​ឥណ្ឌា​ទៅទៀត​។​


រូបភាព​ឯកសារ៖ មនុស្សម្នា​ជិះ​ម៉ូតូ​នៅ​លើ​ផ្លូវ Vo Di Nguy ក្នុង​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម។
 
​ដូច្នេះ​អ្នកគាំទ្រ​នៃ​ការហាម​ប្រាម​នេះ បាន​លើកឡើងថា បើសិន​ទីក្រុង​មួយចំនួន​នៅ​ប្រទេស​ចិន​អាចធ្វើ​រឿងនេះ​បាន វៀតណាម​ក៏​អាចធ្វើ​បានដែរ​។ តំបន់​អ៊ូអរ​មួយចំនួន​ចាប់​ទីក្រុង​ប៉េកាំង ទៅ​ទីក្រុង Mexico City ក៏បាន​ដាក់​កំហិត​លើ​បើកបរ​រថយន្ត​លើផ្លូវ​មួយចំនួន​។​
 
​ទីតាំង​ទាំងនោះ​អនុញ្ញាត​ឲ្យ​តែ​រថយន្ត​ដែលមាន​ស្លាក​លេខ​មាន​លេខ​សេស​ធ្វើដំណើរ​ឆ្លងកាត់​បាន​នៅ​ថ្ងៃ​ណាមួយ ហើយ​ថ្ងៃ​បន្ទាប់​អនុញ្ញាត​ឲ្យ​រថយន្ត​ដែលមាន​ស្លាក​លេខ​គូ​។ ទីក្រុង​ផ្សេងទៀត​ដូចជា​ទីក្រុង Stockholm ទទួលបាន​ជោគជ័យ​ក្នុង​ហាមឃាត់​រថយន្ត​មិន​ឲ្យ​បើកបរ​ឆ្លងកាត់​ផ្លូវ​អ្នក​ថ្មើរជើង​។​
 
​ប៉ុន្តែ​អ្វីដែល​ខុសគ្នា​ពី​ទីក្រុង​ទាំងនោះ​គឺថា ទីក្រុង​ទាំងឡាយ​នៅក្នុង​ប្រទេស​វៀតណាម មិនមាន​សេវា​ដឹកជញ្ជូន​សាធារណៈ​គ្រប់គ្រាន់ ដើម្បី​ជំនួស​ការ​ដំណើរ​ដំណើរ​ដោយ​ម៉ូតូ​ទេ​។ គម្រោង​សាងសង់​រថភ្លើង​ក្រោម​ដី ត្រូវបាន​ពន្យារពេល​ជា​បន្តបន្ទាប់ ហើយ​អ្នកធ្វើដំណើរ​មិន​ចង់​ធ្វើដំណើរ​តាម​ឡានក្រុង​ទេ ដោយសារតែ​ការធ្វើដំណើរ​តាម​ម៉ូតូ លឿន​ជាង ងាយស្រួល​ជាង​ការដូរ​ពី​ឡានក្រុង​មួយ​ទៅមួយ និង​មាន​តម្លៃថោក​។​
 
​ក្រុមហ៊ុន Piaggio វៀតណាម ដែលជា​ក្រុមហ៊ុន​ផលិត​ម៉ូតូ​ម៉ាក Vespa បាន​ឲ្យ​ដឹងថា ការហាមឃាត់​ការធ្វើដំណើរ​ដោយ​ម៉ូតូ អាច​ជំរុញ​ឲ្យ​ប្រជាជន​ប្ដូរ​ទៅធ្វើ​ដំណើរ​តាម​រថយន្ត ដែល​ការណ៍​នេះ​នឹងមិន​ជួយ​ដោះស្រាយ​បញ្ហា​បំពុលបរិស្ថាន និង​ស្ទះចរាចរណ៍​ឡើយ​។​
 
​នៅក្នុង​សន្និសីទ​ពាណិជ្ជកម្ម​មួយ​កាលពី​ខែកុម្ភៈ លោក Enrico Bruni ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Piaggio ប្រចាំ​តំបន់​អាស៊ី​បាន​ឲ្យ​ដឹង​ក្នុង​សម្ដី​ដើម​ថា​៖ «​យើង​ជឿជាក់ថា ដើម្បី​ឆ្លើយតប​ទៅនឹង​គោលបំណង​ទាំងនោះ ការហាមឃាត់​ការធ្វើដំណើរ​ដោយ​ម៉ូតូ​ជា​ដំណោះស្រាយ​បែប​ជ្រុលនិយម និង​មិនមាន​ប្រសិទ្ធភាព​»​។​
 
​ឧបករណ៍​វ័យឆ្លាត​ក្នុងការ​ត្រួតពិនិត្យ​ចរាចរណ៍​
 
​លោក​បន្ថែមថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អាជ្ញាធរ​វៀតណាម​គួរតែ​ផ្ដោតលើ​ការអប់រំ​សាធារណជន អំពី​បញ្ហា​ទាំងនោះ និង​គ្រប់គ្រង​ចំនួន​យានយន្ត​តាមរយៈ​ការធ្វើ​និយតកម្ម​ការបញ្ចេញ​ឧស្ម័ន ទើប​ជា​ការណ៍​ល្អ​។ ការណែនាំ​ផ្សេងៗ​ទៀត ដែល​អាជ្ញាធរ​វៀតណាម​គួរតែ​ដក​ពិសោធន៍ គឺ​ការគ្រប់គ្រង​លំហូរ​ចរាចរណ៍ ដូចជា​ការផ្លាស់ប្ដូរ​ម៉ោង​ចូលធ្វើការ ឬ​តាមរយៈ​ការប្រើ​ឧបករណ៍​វៃឆ្លាត​ក្នុងការ​ផ្ដល់​សញ្ញា នៅពេល​ផ្លូវ​កកស្ទះ ហើយនឹង​បញ្ចៀស​អ្នកធ្វើដំណើរ​ឲ្យ​ធ្វើដំណើរ​តាមផ្លូវ​ផ្សេង​។ 
 
​អ្នក​ផលិត​កម្មវិធី​ទូរស័ព្ទ​ទាក់ទង​នឹង​ការធ្វើដំណើរ​មួយ​បាន​និយាយថា កម្មវិធី​ទូរស័ព្ទ​របស់​របស់គាត់ អាច​ផ្ដល់​ទិន្នន័យ​ស្ដីពី​ចរាចរណ៍ ដើម្បី​ជួយ​ដល់​អ្នករៀបចំ​ផែនការអភិវឌ្ឍន៍​ទីក្រុង​។​
 
​វា​មិន​ងាយស្រួល​ទេ​ក្នុងការ​កាត់បន្ថយ​ទោចក្រយានយន្ត នៅក្នុង​កន្លែង​មួយ​ដែល​រូបភាព​ភាគច្រើន បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិ​មាន​ជាប់​រួប​ម៉ូតូ​មួយ ឬ​ពីរ​គ្រឿង​។ វា​មិនមែនជា​រឿង​ចម្លែក​ទេ នៅពេល​ឃើញ​គ្រួសារ​មួយ ដែលមាន​សមាជិក​ប្រាំ​នាក់​ធ្វើដំណើរ​នៅលើ​ម៉ូតូ​តែមួយ​។​
 
​អ្នក​ដឹកទំនិញ​ប្រើប្រាស់​ម៉ូតូ​ដើម្បី​ដឹក​តាំងពី​សត្វ​ជ្រូក រហូតដល់​តុ​បាយ​ក៏មាន​។ អ្នក​ទេសចរណ៍​ធ្វើដំណើរ​តាម​ម៉ូតូ ដើម្បី​រីករាយ​ជាមួយ​ដំណើរ​កម្សាន្ត​ហូប​អាហារ​។ ហើយ​អតីត​យោធិន ដែល​រក​ការងារ​ធ្វើ​មិនបាន ក៏​ងា​កមក​ប្រកប​របរ​រត់​ម៉ូតូឌុប​។​
 
​យានជំនិះ​គឺជា​ឧទាហរណ៍​បង្ហាញថា​តើ ប្រទេស​កាន់​របប​កុ​ម្មុយ​និ​ស្ត​ដូចជា​ប្រទេស​វៀតណាម​មានការ​ប្រែប្រួល​ខ្លាំង​ប៉ុណ្ណា​។ ប្រជាជន​ក្នុងស្រុក​ជាច្រើន នៅ​អាច​ចាំបាន​ពី​ពេល​មួយ ដែលថា​ពួកគេ​សំណាង​ហើយ បើសិន​ជាមាន​កង់​មួយ​ជិះ​នោះ​។ ប៉ុន្តែ​សព្វថ្ងៃនេះ​ពលរដ្ឋ​ស្ទើរតែ​គ្រប់គ្នា​ទាំងអស់​មានលទ្ធភាព​ទិញ​ម៉ូតូ ដែលមាន​តម្លៃ​ចន្លោះ​ពី​បួន​ទៅ​ប្រាំ​រយ​ដុល្លារ​។ ប្រទេស​វៀតណាម​គឺជា​ទីផ្សារ​ម៉ូតូ​ធំ​បំផុត​ទី​បួន ក្នុង​ពិភពលោក​បន្ទាប់ពី​ប្រទេស​ចិន ឥណ្ឌា និង​ឥណ្ឌូណេស៊ី ដែល​ប្រទេស​ទាំងអស់នោះ​យ៉ាងហោចណាស់​មាន​ចំនួន​ប្រជាជន​ទ្វេដង​នៃ​ចំនួន​ប្រជាជន​ក្នុងប្រទេស​វៀតណាម​។​
 
​តម្លៃ​សមរម្យ​គឺជា​មូលហេតុ​មួយ ដែល​អ្នក​រិះគន់​លើក​មក​និយាយថា ការហាមឃាត់​ការធ្វើដំណើរ​ដោយ​ម៉ូតូ​នឹងដាក់​បន្ទុក​ដ៏​ធ្ងន់​ដល់​ពលរដ្ឋ​ក្រីក្រ ដែល​ពឹង​ផ្អែកលើ​ម៉ូតូ ប៉ុន្តែ​ការណ៍​នេះ​នឹង​ជួយ​ដល់​អ្នកមាន​ទ្រព្យសម្បត្តិ​ដែលមាន​រថយន្ត​។ នេះ​ជា​ប្រទេស​ដែល​ប្រជាជន​ធ្វើដំណើរ​តាម​ម៉ូតូ ទោះបីជា​ការធ្វើដំណើរ​ក្នុង​ចម្ងាយ​ជិតៗ​ក៏ដោយ​។​
 
​មិនមាន​កន្លែង​សម្រាប់​អ្នក​ថ្មើរជើង​គ្រប់គ្រាន់ និង​អាកាសធាតុ​ក្ដៅ ៤០ អង្សា​សេ ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​ការធ្វើដំណើរ​ដោយ​ថ្មើរជើង​មិនសូវ​ពេញនិយម​។​
 
​នេះ​មិនមែន​មានន័យថា​ការហាមឃាត់​ការធ្វើដំណើរ​តាម​ម៉ូតូ​នៅ​ទីតាំង​មួយចំនួន​មិនមាន​ប្រសិទ្ធភាព​នោះទេ​។ ទីក្រុង​ហូជីមិញ បានចាប់ផ្ដើម​ហាមឃាត់​ការធ្វើដំណើរ​ដោយ​ម៉ូតូ​នៅក្នុង​តំបន់​ទីប្រជុំជន​លើផ្លូវ Nguyen Hue អស់​ជាច្រើន​ឆ្នាំ​មកហើយ​។​
 
​ទោះបីជា​មិនសូវមាន​ភាពងាយស្រួល​ក៏ដោយ ពលរដ្ឋ​ងាក​មក​រីករាយ​ជាមួយនឹង​ផ្លូវ​ដែល​អនុញ្ញាត​សម្រាប់​អ្នក​ថ្មើរជើង​នេះ ដែល​បច្ចុប្បន្ន​បានក្លាយ​ជា​តំបន់​ប្រជុំ​ដោយ​បារ​ដ៏​មាន​ប្រជាប្រិយភាព​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com