កីឡាជាតិ
ជាតិ
ក្លិប​ភ្នំពេញ​ក្រោ​ន​ចែកផ្លូវ​ជាមួយ​លោក Leonardo Vitorino ក្រោយ​ដឹកនាំ​បាន​៧​ប្រកួត​
07, May 2019 , 12:49 pm        
រូបភាព
រូបភាពពីវេបសាផ្លូវការក្លិបភ្នំពេញក្រោន
រូបភាពពីវេបសាផ្លូវការក្លិបភ្នំពេញក្រោន
ដោយ: ថ្មីៗ
​ក្លិប​កីឡាបាល់ទាត់​ភ្នំពេញ​ក្រោ​ន​បានប្រកាស​ចែកផ្លូវ​ជាមួយ​គ្រូបង្វឹក Leonardo Vitorino ហើយ ក្រោយ​ដឹកនាំ​ក្រុម​បាន​៧​ប្រកួត ឈ្នះ​តែ​២​លើក និង​ចាញ់​៥​លើក​។ នេះ​បើតាម​ការប្រកាស​របស់​ក្លិប​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ​របស់​ពួកគេ នៅ​ថ្ងៃទី​៧ ខែឧសភា​នេះ​។​


​សំណេរ​នៅលើ​វេ​ប​សាយ​ភ្នំពេញ​ក្រោ​ន​បានសរសេរថា​ក្លិប និង​លោក Leonardo Vitorino បាន​ឯកភាពគ្នា​បញ្ចប់​កិច្ចសន្យា​ជា​ផ្លូវការ​ក្រោយ​ដឹកនាំ​ក្រុម​បាន​ត្រឹម​សប្តាហ៍​ទី​៦ នៃ​លី​គ​កំពូល​កម្ពុជា រដូវ​កាល​២០១៩​នេះ​។​

យ៉ាងណាមិញ ជើងឯកលីគកំពូលកម្ពុជា៦សម័យនេះ មិនបានបញ្ជាក់ពីមូលហេតុនៃការចែកផ្លូវគ្នានេះឡើយ ប៉ុន្តែសុខភាពរបស់លោក​ Vitorino អាចជាមូលហេុតមួយដែរ។ មុនការប៉ះគ្នាជាមួយក្រុមណាហ្គានៅថ្ងៃទី៥ ខែឧសភា លោក Vitorino ជួបបញ្ហាសម្ពាធបេះដូង។ លើសពីនោះ លទ្ធផលមិនល្អនាពេលកន្លងមក ក៏ទំនងជាកត្តាមួយដែរ។ 
 
​អតីត​គ្រូ​ជម្រើសជាតិ​កម្ពុជា​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ ដឹកនាំ​ក្រុម​ភ្នំពេញ​ក្រោ​ន​ក្នុង​ការប្រកួត​ផ្លូវ​ការសរុប​ទាំងអស់​ចំនួន​៧​លើក ដោយ​ក្នុងនោះ​៦​ប្រកួត​ក្នុង​លី​គ​ឈ្នះ​តែ​២​លើក​ប៉ុណ្ណោះ និង​ចាញ់​៤​ដង មាន​៦​ពិន្ទុ​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​១០ ក្នុង​តារាង​លី​គ​កំពូល​កម្ពុជា​៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com