ជាតិ
​​​ន​យោ​បាយ​ជាតិ​
លើកដំបូង ដែល​លោក សុខ ទូច ត្រូវ​តុលាការ​កោះហៅ ក្រោម​បណ្តឹង​បក្ស​ខ្មែរ​ក្រោក​
07, May 2019 , 4:20 pm        
រូបភាព
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា
ដោយ: ថ្មីៗ
​លោក វ៉ា សក្តា ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​កោះហៅ​លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ឲ្យ​ចូល​បំភ្លឺ នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៩ ជុំវិញ​បណ្តឹង​របស់​គណបក្ស​ខ្មែរ​ក្រោក ដែលមាន​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ហៅ វិ​លាម ហ្គ័​ង ជា​ប្រធាន​។


 
​យោងតាម​ដីកា​របស់​ព្រះរាជអាជ្ញា គណបក្ស​ខ្មែរ​ក្រោក បាន​ប្តឹង​លោក សុខ ទូច ពីបទ​កុបកម្ម និង បទ​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​ទៅក្នុង​ការបំពេញ​មុខងា​រ​សាធារណៈ​។ ព្រះរាជអាជ្ញា ប្រា​ប់លោក សុខ ទូច យ៉ាង​ដូច្នេះ​ថា «​សាមីខ្លួន ត្រូវ​អញ្ជើញ​តាម​ដីកាកោះ​នេះ ឲ្យ​បាន​ទាន់ពេលវេលា និង​យក​លិខិត​ផ្សេងៗ ដែល​ទាក់ទង​នឹង​រឿង​ខាងលើ​មកជា​មួយ​ផង បើ​មាន​»​។ 
 
​ជា​លើក​ទី​១ សម្រាប់​លោក សុខ ទូច ដែល​ត្រូវបាន​តុលាការ​កោះហៅ​។ ប្រធាន​រាជបណ្ឌិត្យសភា​រូបនេះ សរសេរ​លើ​បណ្តាញ​សង្គម យ៉ាង​ដូច្នេះ​ថា «​វា ជា​រឿង​ចម្លែក​ក្នុង​ជីវិត​របស់ខ្ញុំ ព្រោះ​មិន​ធ្លាប់​ត្រូវបាន​តុលាការ​កោះហៅ​ទេ តែ​ពេលនេះ ត្រូវបាន​ព្រះរាជអាជ្ញា កោះហៅ តាម​បណ្តឹង​របស់​គណបក្ស​ខ្មែរ​ក្រោក​។ ទោះបី​ខ្ញុំ មមាញឹក​រក​ពេល​សម្រាក​មិនបាន​ក្នុងការ​បំពេញការងារ​រាជការ ក៏​ខ្ញុំ​នឹង​ចូលខ្លួន​តាម​ការកោះហៅ​នេះ​»។ 

លោក សុខ ទូច រងបណ្តឹងខាងលើ គឺដោយសារតែរិះគន់គណបក្សខ្មែរក្រោក ដែលធ្វើយុទ្ធនាការប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ ដើម្បីប្តឹងទារយកកោះត្រល់វិញ។ កាលនោះ លោក សុខ ទូច​ លើកឡើងថា ការទាមទារកោះត្រល់គឺជាភារកិច្ចរបស់រដ្ឋាភិបាល ហើយលោក យល់ថា សមត្ថកិច្ច​ គួរចាត់វិធានការ (ចាប់ដាក់គុក) ចំពោះអ្នកផ្សេង ដែលធ្វើចលនាទាមទារកោះត្រល់នេះ៕ 

Tag:
 សុខ ទូច​
  តុលាការ​
  បក្ស​ខ្មែរ​ក្រោក
© រក្សាសិទ្ធិដោយ thmeythmey.com