ជាតិ
សង្គមជាតិ
ព្រះ​សាកលវិទ្យាធិការរង រិះគន់​មន្ត្រី​សង្ឃ និង​គ្រហស្ថ​ដែល​យកតែ​តួនាទី ហើយ​មិន​បំពេញការងារ​
07, May 2019 , 7:19 pm        
រូបភាព
 រូបពីពុទ្ធិកសាកលវិទ្យាព្រះសីហនុរាជ
រូបពីពុទ្ធិកសាកលវិទ្យាព្រះសីហនុរាជ
​ព្រះ​តេជគុណ ធម្ម​ឃោ​សា​ចា​រ្យ ឃី សុវណ្ណ​រតនា សាកលវិទ្យាធិការរង​នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ បានចេញ​សេចក្តីជូនដំណឹង​មួយ ប្រគេន​និង​ជូនទៅ​ព្រះសង្ឃ និង គ្រហស្ថ ដែលជា​គ្រូបង្រៀន និង​ជាម​ន្ត្រី​នៃ​សាកលវិទ្យាល័យ​នេះ ឲ្យ​មាន​វត្ត​មាននៅ​កន្លែង​ការងារ និង​ត្រូវបំពេញ​កាតព្វកិច្ច​រប​ស់​ខ្លួន​តាមច្បាប់​កំណត់​។


 
​តាមរយៈ​សេចក្តីជូនដំណឹង ដែល​ចេញ​នៅ​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៩ ព្រះអង្គ មាន​សង្ឃដីកា យ៉ាង​ដូច្នេះ​ថា «​ករណី​ព្រះ​តេជគុណ អស់លោក លោកស្រី មិនបាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ មិន​ទទួលខុសត្រូវ​ចំពោះ​ការ​បង្កក​ប្រាក់ខែ​របស់ខ្លួន​ឡើយ​»​។ 
 
 
​មិន​ត្រឹមតែ​ចេញ​សេចក្តីជូនដំណឹង​ទេ ព្រះអង្គ នៅ​បង្ហោះ​សា​រលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ព្រះអង្គ​ថែមទៀត ជំវិញ​រឿងនេះ ដោយ​ព្រះអង្គ បាន​សរសេរ​អម​ជាមួយនឹង​សេចក្តីជូនដំណឹង​បែបនេះ​ថា «​មាន​ងារ​ហើយ សូម​មក​បំពេញការងារ​ផង កុំ​យកតែ​តួនាទី មិន​មក​បំពេញ​កាតព្វកិច្ច​កា​រងារ​នោះ មិនល្អ​សោះឡើយ​»​។ 


ព្រះតេជគុណ ឃី សុវណ្ណរតនា ព្រះសាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ 

​លោក សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មិនមាន​ព្រះសង្ឃ និង​មន្ត្រី​ណា មិន​បំពេញ​កាតព្វកិច្ច​នោះទេ​។ លោក បកស្រាយ​ថា ព្រះអង្គ ឃី សុវណ្ណ​រតនា ចេញ​សេចក្តីជូនដំណឹង​នេះ គឺជា​ការ​ដាស់តឿន​ព្រះសង្ឃ​និង​មន្ត្រី ឲ្យ​ចូលធ្វើការ ព្រោះ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ ទើបនឹង​បើក​បវេសនកាល​ឡើងវិញ សម្រាប់​ឆ្នាំ​សិក្សា​២០១៩-២០២០​។   
 
​អ្នកនាំពាក្យ​រូបនេះ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​សាលា​ឈប់សម្រាក ហើយ​ឥឡូវ​ចូលរៀន​វិញ អ៊ីចឹង ព្រះអង្គ​គ្រាន់តែ​ដាស់តឿន​»៕ 
 

Tag:
 ឃី សុវណ្ណ​រតនា​
  សាសនា​
  ព្រះសង្ឃ​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com