អន្តរជាតិ
ក្រុង​បាងកក គ្រោង​ដាំ​ដើម​ឈើ​១០​ម៉ឺន​ដើម​សម្រាប់​លម្អ​សោភ័ណភាព​បៃតង​
07, May 2019 , 7:39 pm        
រូបភាព
ប្រភពរូប៖ Asia One
ប្រភពរូប៖ Asia One
ដោយ:
​អាជ្ញាធរ​ក្រុង​បាងកក មាន​ផែនការ វិនិយោគ​លុយ ៣០​លាន​បាត ឬ​ស្មើនឹង​ជាង ៩៤​ម៉ឺន​ដុល្លារ ក្នុង​ការដាំ​ឈើ​១០​ម៉ឺន​ដើម​នៅ​ឆ្នាំ​២០១៩​នេះ ។ គម្រោង​នេះ គឺជា​កិច្ចប្រឹងប្រែង​មួយ​របស់​រដ្ឋាភិបាល​ក្នុង​គោលដៅ​បង្កើន​សោភ័ណភាព​បៃតង​របស់​រាជធានី​បាងកក​។

 
​គម្រោង​ដាំ​ឈើ​១០​ម៉ឺន​ដើម​ក្នុង​ទីក្រុង​បាងកក​នេះ ត្រូវបាន​បញ្ជូន​ទៅកាន់​ការិយាល័យ​អភិបាលក្រុង​បាងកក ដើម្បី​ត្រួតពិនិត្យ និង​អនុម័ត​កញ្ចប់​ថវិកា​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Wiparat Chaiyanukij លេខាធិការ​រង​នៃ​រដ្ឋបាល​ក្រុង​បាងកក (BMA) នៅ​ថ្ងៃ​អង្គារ​ទី​៧ ឧសភា ដោយ​បន្ថែមថា គម្រោង​នេះ នឹងត្រូវ​បែងចែក​ជា​ពីរ​ដំណាក់កាល​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត The Nation ។ 
 
​បើតាម​លោក Wiparat សម្រាប់​ដំណាក់កាល​ទីមួយ ដើមឈើ​៥​ម៉ឹ​ន​ដើម ដែល​ត្រូវការ​លុយ​៥​លាន​បាត ឬ​ស្មើនឹង​ជាង ១៥​ម៉ឺន​ដុល្លារ នឹងត្រូវ​ដាំ​នៅ​ឧទ្យាន​សាធារណៈ និង​ការិយាល័យ​រដ្ឋ​។ ចំណែកឯ សម្រាប់​ដំណាក់កាល​ទី​ពីរ ដើមឈើ​៥​ម៉ឺន​ដើម​បន្ថែមទៀត ដែល​ម្តងនេះ​ត្រូវការ​លុយ​២៥​លាន​បាត ឬ​ស្មើនឹង​ជាង​៧៨​ម៉ឺន​ដុល្លារ នឹងត្រូវ​ដាំ​នៅ​លើដី​របស់​អង្គការ​ឯកជន វិហារ និង​សាលារៀន​ជាដើម​។ 
 
​សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ទីក្រុង​បាងកក មាន​តំបន់​បៃតង ៣២០០ ហិច​តា ក្នុង​ទម្រង់​ជា​ឧទ្យាន​សាធារណៈ និង​សួនច្បារ​។ កន្លងទៅ សាលាក្រុង​ថៃ ក៏បាន​ចាប់ផ្តើម​អនុវត្ត​ដំណោះស្រាយ​បី​ធំៗ​ដើម្បី​ពង្រីក​ផ្ទៃដី​បៃតង​ខ្លួន​ផងដែរ​។ ទីមួយ គឺ​ស្វែងរក​ផ្ទៃដី​ទំនេរ​ដែល​ស្ថិតក្រោម​ការកាន់កាប់រ​បស់​ខ្លួន រួចហើយ​ប្រែក្លាយ​តំបន់​នោះ​សម្រាប់​ការប្រើប្រាស់​សាធារណៈ​។​
 
​ទី​ពីរ គឺ​បង្កើន​ចំនួន​ឧទ្យាន​សាធារណៈ​ឲ្យ​លើស​ចំនួន​បច្ចុប្បន្ន​៣៥​កន្លែង​។ ចុងក្រោយ គឺ​លើកទឹកចិត្ត​ឲ្យ​វិស័យ​ឯកជន ជួយ​បង្កើត​សោភ័ណភាព​បៃតង​លើ​ការិយាល័យ​ខ្លួន និង​ជារួម គាំទ្រ​គម្រោង​របស់​សាលាក្រុង​បាងកក​ក្នុង​គោលដៅ​បង្កើន​ទីតាំង​បៃតង​៕

Tag:
 ថៃ​
  ក្រុង​បាងកក​
  បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com