អន្តរជាតិ
ដឹកនាំ​ប្រទេស​បាន​ជិត​មួយឆ្នាំ លោក មហា​ធៀ ឲ្យ​ពិន្ទុ​រដ្ឋមន្ត្រី​ត្រឹម​៥​លើ​១០
07, May 2019 , 8:39 pm        
រូបភាព
​ចូល​ដឹកនាំ​ប្រទេស​បាន​ជិត​មួយឆ្នាំ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ នៅ​មិនទាន់​ពេញចិត្ត​លទ្ធផល​សម្រេចបាន​ដោយ​សមាជិក​គណៈរដ្ឋមន្ត្រី​របស់លោក​ឡើយ​។ មេដឹកនាំ​ជើងចាស់​រូបនេះ បានផ្ដល់​ពិន្ទុ​ត្រឹម​៥​ប៉ុណ្ណោះ​ឲ្យ​គណៈរដ្ឋមន្ត្រី​របស់លោក ដោយ​លោក​អះអាងថា មន្ត្រី​រដ្ឋាភិបាល​ភាគច្រើន​នៅ​ក្មេង​នៅឡើយ មិនទាន់មាន​បទពិសោធ​គ្រប់គ្រាន់ ហើយ​ខ្លះទៀត​ខ្លាច​ការបង្កើត​កំហុស​ទៅទៀត​។ ប៉ុន្តែ លោក​នឹងមិន​ដោះដូរ​តំណែង​ពួកគេ​ឡើយ​។​

 
​គិត​ត្រឹម​ថ្ងៃទី​៧ ខែឧសភា នៅសល់​ពីរ​ថ្ងៃ​ប៉ុណ្ណោះ នឹង​ដល់​ថ្ងៃ​គម្រប់​មួយឆ្នាំ​នៃ​ការបោះឆ្នោត​នៅ​ម៉ាឡេស៊ី​។ កាលពី​ថ្ងៃទី​៩ ខែឧសភា ការភ្ញាក់ផ្អើល​បានកើត​ឡើង​ក្នុង​ឆាកនយោបាយ​ម៉ាឡេស៊ី ក្រោយ​សម្ព័ន្ធភាព​ប្រឆាំង Pakatan Harapan ដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់ ផ្ដួល​សម្ព័ន្ធភាព​កាន់អំណាច Barisan Nasional របស់លោក ណា​ជីប រ៉ា​ហ្សា​ក់ ដែល​កាន់អំណាច​តាំងពី​ម៉ាឡេស៊ី​បាន​ឯករាជ្យ​នៅ​ឆ្នាំ​១៩៥៧ ។​
 
​ជិត​មួយឆ្នាំ​ក្នុង​អំណាច រដ្ឋាភិបាល​ថ្មី​ដឹកនាំ​លោក មហា​ធៀ ផ្ទាល់ រង​ការរិះគន់​មិនតិច​ឡើយ​ជុំវិញ​បរាជ័យ​មិនអាច​អនុវត្តតាម​ពាក្យសន្យា​របស់ខ្លួន ខណៈ​ប្រជាជន​ម៉ាឡេស៊ី​ខ្លះ​យល់ឃើញថា រដ្ឋាភិបាល​ថ្មី មិន​ខុសពី​រដ្ឋាភិបាល​មុន​ឡើយ​។ ក្នុង​ការស្ទង់មតិ​ចុងក្រោយ ប្រជាប្រិយភាព​របស់លោក មហា​ធៀ និង​របស់​រដ្ឋាភិបាល​បាន​ធ្លាក់ចុះ​យ៉ាងគំហុក​។ 
 
​ទោះយ៉ាងណា នាយករដ្ឋមន្ត្រី​វ័យ​៩៣​ឆ្នាំ​រូបនេះ នឹងមិន​រុះរើ​គណៈរដ្ឋមន្ត្រី​ឡើយ​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​៦ ខែឧសភា លោក មហា​ធៀ អះអាងថា លោក​គ្មាន​មូលហេតុ​ដែល​ត្រូវ​ផ្លាស់ប្ដូរ​សមាជិក​គណៈរ​ដ្ឋ​មន្ត្រី​របស់លោក​ឡើយ​។ តប​នឹង​សំណួរ​ពាក់ព័ន្ធ​ការងារ​របស់​សមាជិក​រដ្ឋាភិបាល​ដែលមាន​អាយុ​ជិត​មួយឆ្នាំ​នេះ លោក​បានដាក់​ពិន្ទុ​ឲ្យ​បណ្ដា​មន្ត្រី​នានា​ត្រឹម​៥​លើ​១០ ប៉ុណ្ណោះ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន The Star ។​
 
​ក្នុង​កិច្ច​សម្ភាស​ដដែល​នោះ លោក មហា​ធៀ ពន្យល់ថា លោក​ធ្លាប់​ដឹកនាំ​ប្រទេស​២២​ឆ្នាំ​ទៅហើយ ដូចនេះ​លោក​ដឹង​ច្បាស់​ពី​ដំណើរការ​របស់​រដ្ឋាភិបាល​។ ប៉ុន្តែ​រដ្ឋមន្ត្រី​បច្ចុប្បន្ន ជា​មនុស្ស​ថ្មី ហើយ​មិនសូវ​យល់​ពី​ដំណើរការ​រដ្ឋាភិបាល​ឡើយ​។ លោក​បន្តថា មាន​រដ្ឋមន្ត្រី​ខ្លះ ខ្លាច​រង​ពាក្យរិះគន់​នៅពេល​សម្រេចចិត្ត​ខុស​លើ​បញ្ហា​អ្វីមួយ ប៉ុន្តែ​ឆ្លៀត​សរសើរ​វិញ​ថា ថ្នាក់ក្រោម​របស់លោក ជា​មនុស្ស​ដែល​រៀនសូត្រ​បាន​រហ័ស​។ 
 
​សូមបញ្ជាក់ថា សមាជិក​រដ្ឋាភិបាល​ម៉ាឡេស៊ី​ទាំងមូល កើតចេញពី​សម្ព័ន្ធភាព Pakatan Harapan ដែលមាន​បក្ស​ធំៗ​ចំនួន​៤ ហើយ​មាន​លោក មហា​ធៀ ដែល​ធ្លាប់ជា​នាយករដ្ឋមន្ត្រី​នៅ​ឆ្នាំ​១៩៨១-២០០៣ ជា​មេដឹកនាំ​សំខាន់ៗ​។ វត្តមាន​របស់លោក មហា​ធៀ ដែលជា​រដ្ឋបុរស​មួយរូប​របស់​ម៉ាឡេស៊ី ជា​មូលហេតុ​សំខាន់​ដែល​នាំ​ឲ្យ​សម្ព័ន្ធភាព​ប្រឆាំង​មួយ​នេះ​ផ្ដួល​បក្ស​កាន់អំណាច ដែល​លោក មហា​ធៀ ផ្ទាល់​ធ្លាប់​ដឹកនាំ​ដែរនោះ​៕ 

Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com