កីឡាអន្តរជាតិ
អន្តរជាតិ
Tiger Woods ឈ្នះ​មេដាយ​កិត្តិយស​ខ្ពស់បំផុត​សម្រាប់​ជន​ស៊ីវិល​អាមេរិក​ពី​ដូ​ណា​ល់ ត្រាំ
07, May 2019 , 9:19 pm        
រូបភាព
​កំពូល​អ្នក​វាយកូនគោល​ពិភពលោក Tiger Woods ឈ្នះ​មេដាយ​លំដាប់​កំពូល​របស់​អាមេរិក Presidential Medal of Freedom នៅ​ឆ្នាំ​២០១៩ ដែល​ផ្តល់ជូន​ដោយផ្ទាល់​ពី​សំណាក់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​នៅឯ​សេត​វិមាន នា​ថ្ងៃទី​៧ ខែឧសភា​នេះ​។​


 
Presidential Medal of Freedom ជា​មេដាយ​កិត្តិយស​ដែល​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៦៣​មក សម្រាប់​ផ្តល់​ជូនទៅ​ឲ្យ​ជន​ស៊ីវិល​អាមេរិក​រូប​ណា​ដែល​បង្កើត​ភាពលេច​ធ្លោ​ជាងគេ​បំផុត​។ 
​កីឡាករ​វាយកូនគោល​សញ្ជាតិ​អាមេរិក​វ័យ​៤៣​ឆ្នាំ Tiger Woods បានបង្ហាញ​ខ្លួន​ដ៏​អស្ចារ្យ តាមរយៈ​ការ​ឈ្នះ​ពាន​កំពូល Masters ជា​លើក​ទី​៥​របស់ខ្លួន​យ៉ាង​ភ្ញាក់ផ្អើល​បំផុត នៅ​ឆ្នាំ​២០១៩​នេះ ដែល​ធ្វើ​ឲ្យ​លោក​ត្រាំ​សម្រេច​ផ្តល់​មេដាយ​នេះ​ឲ្យ​រូបគេ​តែម្តង​។ 


 
​ប្រធានាធិបតី​អាមេរិក​រូបនេះ​ថែមទាំង​សរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង និង​ឆន្ទៈ​របស់ Tiger Woods ផងដែរ​។​
 
«​គុណសម្បត្តិ​ទាំងនេះ​បាន​បញ្ចូល​ក្នុង​ស្មារតី​ប្រជាពលរដ្ឋ​អាមេរិក​ក្នុងការ​ជំរុញ​ទឹកចិត្ត​ក្នុងការ​ធ្វើ​អ្វីមួយ និង​ការខិតខំ​ដើម្បី​ភាព​អស្ចារ្យ​»​។ លោក​ត្រាំ​លើកសរសើរ​ទៅកាន់​អ្នក​វាយកូនគោល​លំដាប់​ទី​៦​ពិភពលោក​ដូច្នេះ​។​
 
​ប្រធានាធិបតី​ត្រាំ ធ្លាប់​ផ្តល់​មេដាយ​នេះ​ម្តង​រួចមកហើយ​កាលពី​ឆ្នាំមុន​ទៅ​ឲ្យ​អតីត​កីឡាករ​បាល់ទាត់​អាមេរិក (American Football) លោក Roger Staubach ចាប់តាំងពី​លោក​ឡើងកាន់តំណែង​នេះ​កាលពី​ឆ្នាំ​២០១៧​។ អតីត​ប្រធានាធិបតី​អាមេរិក Barack Obama ក្នុង​ឆ្នាំ​២០១៧ ក៏​ធ្លាប់​ផ្តល់​មេដាយ​នេះ​ដល់​អតីត​អនុ​ប្រធានាធិបតី​អាមេរិក Joe Biden ផងដែរ​៕

Tag:
 វាយកូនគោល​
  Tiger Woods
  Presidential Medal of Freedom
© រក្សាសិទ្ធិដោយ thmeythmey.com