ជាតិ
ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ប្រមូល​ពាក្យ​មហាជន​បាន​៤០០០​ពាក្យ សម្រាប់​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​វចនានុក្រម​ថ្មី
08, May 2019 , 7:59 am        
រូបភាព
លោក ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ
លោក ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ
​ភ្នំពេញ​៖ ភាពចម្រូងចម្រាស​រប​ស់​ប្រជាពលរដ្ឋ ទាក់ទង​នឹង​ការប្រើប្រាស់​ពាក្យ​សាម​ញ្ញ ឬ​ពាក្យ​មហាជន ដែល​បង្កើតឡើង​ដោយ​ប្រជាពលរដ្ឋ និយាយ​នៅតាម​តំបន់ ឬ​ហៅ​វត្ថុ​អ្វីមួយ តាម​ទម្លាប់​ធម្មតា ដែល​គ្មាន​នៅក្នុង​វចនានុក្រម​សម្ដេច​សង្ឃ ជួន ណាត នោះ ត្រូវបាន​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ ប្រមូល​យកមក​រៀបចំ​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​វចនានុក្រម​ថ្មី​ហើយ​។​

 
​លោក ហ៊ាន សុខុម បាន​និយាយថា ពាក្យ​ដែល​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ប្រមូល​យកមក​រៀបចំ​ដាក់​ក្នុង​វចនានុក្រម​ថ្មី​នោះ ភាគច្រើន​ផ្ដោតទៅលើ​ពាក្យ​របស់​ពលរដ្ឋ ដែល​ពួកគាត់​ប្រើប្រាស់​ប្រចាំថ្ងៃ សម្រាប់​ហៅ​អ្វីមួយ​ចំណាំ ហើយ​មានន័យ​គ្រប់គ្រាន់ ដែល​អាច​យកជាការបាន​។ បើតាម​លោក ហ៊ាន សុខុម នៅពេលនេះ​ស្ថាប័ន​លោក បាន​ប្រមូល​ពាក្យ​មហាជន​នេះ បាន​ជាង​៤០០០​ពាក្យ​ហើយ ។​
 
​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក​បណ្ឌិត ហ៊ាន សុខុម ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ ដូចតទៅ​៖



 
​ដ្បិត​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ កំពុង​ដោះស្រាយ​បញ្ហា​ប្រើប្រាស់​ពាក្យ​របស់​ពលរដ្ឋ​ក្តី ប៉ុន្តែ​លោក ហ៊ាន សុខុម ក៏​មិន​ចង់​ឲ្យ​ពលរដ្ឋ​ចេះតែ​ប្រើប្រាស់​ពាក្យ​ដែល​គ្មាន​ស្ដង់ដា​រដែរ​។ ត្រង់ចំណុច​នេះ​លោក ហ៊ាន សុខុម ជំរុញ​ឲ្យ​និស្សិត បញ្ញវ័ន្ត និង​ពលរដ្ឋ ប្រើប្រាស់​ពាក្យ ឬ​ភាសា​ខ្មែរ ឲ្យ​បាន​ត្រឹមត្រូវ​តាម​វចនានុក្រម ។ ជាពិសេស​ការប្រើប្រាស់​ពាក្យ​មានន័យ​គ្រប់គ្រាន់ ពោលគឺ​កុំ​ចេះតែ​បង្កើត​ពាក្យថ្មី ដែល​គ្មាន​អត្ថន័យ​អ្វី​ឡើយ​។​
 
​ក្រៅពី​ពាក្យ​ខាងលើនេះ ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានសម្រេច​ដាក់​ឲ្យ​ប្រើប្រាស់​ពាក្យ​បច្ចេកទេស​ស្របតាម​វិទ្យាសាស្ត្រ ដែល​បង្កើតឡើង​ថ្មី​នោះ បាន​ប្រហែល​២៥០០​ពាក្យ​ហើយ ចាប់តាំងពី​ឆ្នាំ​២០០៧​មក​។​
 
​ពាក្យ​ទាំងនោះ ភាគច្រើន​សុទ្ធតែជា​ពាក្យ​បច្ចេកទេស មាន​ទាំង​នៅក្នុង​ផ្នែក​សុខាភិបាល វប្បធម៌ ភូមិវិទ្យា គីមីវិទ្យា រូបវិទ្យា និង​ពាក្យ​ក្នុង​វិទ្យាសាស្ត្រ​នយោបាយ និង​ការទូត ដែលមាន​ជា​ភាសា​ខ្មែរ អង់គ្លេស បារាំង​ជាដើម​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហ៊ាន សុខុម ដែល​បាន​បន្ថែមថា​ពាក្យ​ទាំងនេះ គឺ​បង្កើតឡើង​ដើម្បី​បំពេញតម្រូវការ​បច្ចុប្បន្ន​ភាព​សង្គម​៕

Tag:
 ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​
  វចនានុក្រម​
  សន្ទានុក្រម
© រក្សាសិទ្ធិដោយ thmeythmey.com