មណ្ឌលគិរី៖ ជនជាតិដើមភាគតិចព្នង ភឿ ថានូ បានប្រែក្លាយជីវិតពីកូនកសិករក្រីក្រនៅភូមិពូតាំង នៃក្រុងសែនមនោរម្យ រហូតបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងបច្ចុប្បន្នលោក ថានូ កំពុងបម្រើការងារនៅក្នុងមន្ទីរកិច្ចការនារី ខេត្តមណ្ឌលគិរី ក្នុងក្របខ័ណ្ឌជាមន្ត្រីរាជការពេញសិទ្ធិ ។ ជនជាតិព្នង ថានូ បានសម្រេចចិត្តបោះបង់ការងារនៅរាធានីភ្នំកាលពីឆ្នាំ២០១៥ ដោយបុរសវ័យ២៩ឆ្នាំរូបនេះ មានឱកាសមកអភិវឌ្ឍស្រុកកំណើត និងជំរុញឆន្ទៈយុវជនជនជាតិព្នងដទៃ ឲ្យបានបន្តការសិក្សាដូចរូបលោក ក្នុងគោលបំណងបណ្តុះធនធានជនជាតិដើមភាគតិចកាន់តែមានចំណេះដឹងទូលំទូលាយសម្រាប់អភិវឌ្ឍសហគមន៍របស់ពួកគេ។
ជាជនជាតិដើមភាគតិចព្នងរស់នៅក្រុងសែនមនោរម្យលោក ភឿ ថានូ មានចំណេះដឹង និងសមត្ថភាពប្រឡងជាប់ជាមន្ត្រីរាជការចូលបម្រើការងារនៅក្នុងមន្ទីរកិច្ចការនារី ខេត្តមណ្ឌលគិរី។ ថានូ បានក្លាយជាយុវជនគំរូម្នាក់ដែលចាស់ទុំ និងយុវជនដទៃ គោរពឲ្យតម្លៃនូវចំណេះដឹងរបស់លោកដែលបានក្លាយជាមន្ត្រីរាជការ ខណៈដែលកម្រនឹងមានជនជាតិដើមភាគតិចព្នងនៅភូមិកំណើតរបស់លោកអាចធ្វើបាន។
ក្តីស្រមៃដែលយុវជន ថានូ ចង់ក្លាយជាមន្ត្រីរាជការ និងមានឱកាសចូលរួមអភិវឌ្ឍនៅស្រុកកំណើតខ្លួន បានក្លាយជាការពិតនៅឆ្នាំ២០១៥ ពោលគឺក្រោយពេលដែល ភឿ ថានូ បានបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ និងបានធ្វើការនៅរាជធានីភ្នំពេញត្រឹមតែមួយរយៈពេលខ្លីប៉ុណ្ណោះ។
«ខ្ញុំមកស្រុកកំណើតខ្ញុំវិញ គឺដើម្បីអភិវឌ្ឍភូមិស្រុករបស់ខ្ញុំ និងបណ្ដុះបណ្ដាលប្អូនៗជំនាន់ក្រោយទៀត តាមលទ្ធភាពដែលអាចធ្វើបាន»។ នេះជាមូលហេតុដែលជំរុញឲ្យលោកលាឈប់ពីការងារក្នុងក្រុមហ៊ុនឯកជនមួយនៅរាជធានីភ្នំពេញ មកផ្តើមជីវិតជាមន្ត្រីរាជការបម្រើការងារនៅក្នុងមន្ទីរកិច្ចការនារី ខេត្តមណ្ឌលគិរី។ ហើយនេះ ក៏ជាក្តីស្រមៃរបស់ជនជាតិព្នងវ័យ២៩ឆ្នាំ ភឿ ថានូ ដែលចង់ឃើញប្អូនៗជនជាតិព្នងនៅភូមិស្រុករបស់លោក តស៊ូឲ្យបានរៀនបន្តនៅរាជធានីភ្នំពេញដូចរូបលោកយ៉ាងដូច្នេះដែរ។
លោក ភឿ ថានូ ដែលប្រែចាកភាពប្រក្រតីតាំងពីកំណើតដោយជើងខាងស្តាំរបស់លោកពុំស្មើគ្នានោះ បានរម្លឹករឿងរ៉ាវជាច្រើនក្នុងរយៈពេល៤ឆ្នាំនៃដំណើរជីវិតជានិស្សិតនៅរាជធានីភ្នំពេញយ៉ាងដូច្នេះថា៖ «លំបាកមែន! ដំបូងខ្ញុំចង់ត្រឡប់មកស្រុកកំណើតវិញ ព្រោះគ្រួសារខ្ញុំគាត់ខ្វះខាតប្រាក់ឲ្យខ្ញុំរៀន ហើយខ្ញុំកំព្រាម្តាយផង។ កាលនោះមានអង្គការមួយគេជួយចេញថ្លៃផ្ទះឲ្យខ្ញុំស្នាក់នៅ តែថ្លៃទឹកភ្លើងខ្ញុំចេញខ្លួនឯង។ ប៉ុន្តែ ខ្ញុំបានជម្នះខ្លួនឯងនិងតស៊ូគ្រប់បញ្ហាទាំងអស់ ដើម្បីបានបន្តការសិក្សា»។
៤ឆ្នាំក្រោយជីវិតកូនកសិករជនជាតិដើមភាគតិចព្នង ភឿ ថានូ ដែលបានស្ពាយបង្វេចខោអាវចាក់ចេញពីស្រុកកំណើតនៅខេត្តមណ្ឌលគិរី មកផ្តើមជីវិតជានិស្សិតនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១០ ប្រកបដោយមានគោលដៅច្បាស់លាស់នោះ បានក្លាយជាការពិត ដោយរូបលោកទទួលបានចំណោះដឹង និងសញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីមហាវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ នៅឆ្នាំ២០១៤។
មន្ត្រីរាជការជនជាតិព្នង ភឿ ថានូ ដែលកំពុងបម្រើការងារនៅមន្ទីរកិច្ចការនារី ខេត្តមណ្ឌលគិរី លើកទឹកចិត្តសិស្សប្អូនជំនាន់ក្រោយនៅភូមិស្រុករបស់លោកយ៉ាងដូច្នេះ៖ «ខ្ញុំចង់ឲ្យប្អូនៗតស៊ូរៀនបន្តទៀត ព្រោះអីជំនាន់ខ្ញុំនៅរៀនអ្វីក៏គ្មានដែរ រកលុយតែ៥រយរៀលក៏អត់មានដែរ។ តែប្អូនៗឥឡូវអន់បំផុតក៏មានកង់ជិះទៅរៀនដែរ។ អនាគតយើងនៅវែងឆ្ងាយ ពេលរៀនមានចំណេះដឹង យើងអាចជួយអភវិឌ្ឍភូមិឃុំស្រុកយើងបាន»។
បច្ចុប្បន្នលោក ភឿ ថានូ កំពុងបង្ហាញពីគំរូភាពជាមន្ត្រីក្របខ័ណ្ឌរដ្ឋដល់ជនជាតិដើមភាគតិចព្នងរបស់លោកនៅភូមិកំណើត ដើម្បីជំរុញលើកទឹកចិត្តជនជាតិដើមភាគតិចផ្សេងទៀត ឲ្យខំប្រឹងរៀនសូត្រដល់សាកលវិទ្យាល័យដូចរូបលោកដែរ។ ជនជាតិដើមភាគតិចព្នងរស់នៅភូមិពូតាំង សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី លោក ភឿ ថានូ ជឿជាក់ ថា ការបានសិក្សាជ្រៅជ្រះនឹងធ្វើឲ្យជនជាតិភាគតិចដូចរូបលោក មានចំណេះដឹងទូលំទូលាយដើម្បីបានរួមចំណែកអភិវឌ្ឍសង្គម និងធនធានមនុស្សដែលជាជនជាតិដើមភាគតិចព្នងនៅស្រុកកំណើតឲ្យកាន់តែបានច្រើន៕