ជាតិ
២៥ខេត្ត/រាជធានី
ជនជាតិ​ព្នង ភឿ ថា​នូ បោះបង់​ការងា​នៅ​ភ្នំពេញ មក​អភិវឌ្ឍ​ធនធានយុវជន​នៅ​ស្រុកកំណើត​វិញ​
07, May 2019 , 5:11 pm        
រូបភាព
​មណ្ឌលគិរី​៖ ជនជាតិដើម​ភាគតិច​ព្នង ភឿ ថា​នូ បានប្រែក្លាយ​ជីវិត​ពី​កូន​កសិករ​ក្រីក្រ​នៅ​ភូមិ​ពូ​តាំង នៃ​ក្រុង​សែន​មនោ​រម្យ រហូត​បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ និង​បច្ចុប្បន្ន​លោក ថា​នូ កំពុង​បម្រើ​ការងារ​នៅក្នុង​មន្ទីរ​កិច្ចការនារី ខេត្តមណ្ឌលគិរី ក្នុង​ក្របខ័ណ្ឌ​ជា​មន្ត្រីរាជការ​ពេញសិទ្ធិ ។ ជនជាតិ​ព្នង ថា​នូ បានសម្រេច​ចិត្ត​បោះបង់​ការងារ​នៅ​រា​ធានី​ភ្នំ​កាលពី​ឆ្នាំ​២០១៥ ដោយ​បុរស​វ័យ​២៩​ឆ្នាំ​រូបនេះ មានឱកាស​មក​អភិវឌ្ឍ​ស្រុកកំណើត និង​ជំរុញ​ឆន្ទៈ​យុវជន​ជនជាតិ​ព្នង​ដទៃ ឲ្យ​បាន​បន្ត​ការសិក្សា​ដូច​រូបលោក ក្នុង​គោលបំណង​បណ្តុះ​ធនធាន​ជនជាតិដើម​ភាគតិច​កាន់តែ​មានចំណេះ​ដឹង​ទូលំទូលាយ​សម្រាប់​អភិវឌ្ឍ​សហគមន៍​របស់​ពួកគេ​។​

 
​ជា​ជនជាតិដើម​ភាគតិច​ព្នង​រស់នៅ​ក្រុង​សែន​មនោ​រម្យ​លោក ភឿ ថា​នូ មានចំណេះដឹង និង​សមត្ថភាព​ប្រឡង​ជាប់​ជា​មន្ត្រីរាជការ​ចូល​បម្រើ​ការងារ​នៅក្នុង​មន្ទីរ​កិច្ចការនារី ខេត្តមណ្ឌលគិរី​។ ថា​នូ បាន​ក្លាយជា​យុវជន​គំរូ​ម្នាក់​ដែល​ចាស់ទុំ និង​យុវជន​ដទៃ គោរព​ឲ្យ​តម្លៃ​នូវ​ចំណេះដឹង​របស់លោក​ដែល​បាន​ក្លាយជា​មន្ត្រីរាជការ ខណៈដែល​កម្រ​នឹងមាន​ជនជាតិដើម​ភាគតិច​ព្នង​នៅ​ភូមិកំណើត​របស់លោក​អាចធ្វើ​បាន​។​
 
 
​ក្តី​ស្រមៃ​ដែល​យុវជន ថា​នូ ចង់​ក្លាយជា​មន្ត្រីរាជការ និង​មានឱកាស​ចូលរួម​អភិវឌ្ឍ​នៅ​ស្រុកកំណើត​ខ្លួន បានក្លាយ​ជាការ​ពិត​នៅ​ឆ្នាំ​២០១៥ ពោលគឺ​ក្រោយ​ពេលដែល ភឿ ថា​នូ បានបញ្ចប់​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ និង​បានធ្វើការ​នៅ​រាជធានី​ភ្នំពេញ​ត្រឹម​តែមួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។ 
 
«​ខ្ញុំ​មក​ស្រុកកំណើត​ខ្ញុំ​វិញ គឺ​ដើម្បី​អភិវឌ្ឍ​ភូមិ​ស្រុក​របស់ខ្ញុំ និង​បណ្ដុះបណ្ដាល​ប្អូនៗ​ជំនាន់​ក្រោយ​ទៀត តាម​លទ្ធភាព​ដែល​អាច​ធ្វើបាន​»​។ នេះ​ជា​មូលហេតុ​ដែល​ជំរុញ​ឲ្យ​លោក​លាឈប់​ពី​ការងារ​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​រាជធានី​ភ្នំពេញ មក​ផ្តើម​ជីវិត​ជា​មន្ត្រីរាជការ​បម្រើការ​ងារ​នៅក្នុង​មន្ទីរ​កិច្ចការនារី ខេត្តមណ្ឌលគិរី​។ ហើយ​នេះ ក៏​ជា​ក្តី​ស្រមៃ​របស់​ជនជាតិ​ព្នង​វ័យ​២៩​ឆ្នាំ ភឿ ថា​នូ ដែល​ចង់ឃើញ​ប្អូនៗ​ជនជាតិ​ព្នង​នៅ​ភូមិ​ស្រុក​របស់លោក តស៊ូ​ឲ្យ​បាន​រៀន​បន្ត​នៅ​រាជធានី​ភ្នំពេញ​ដូច​រូបលោក​យ៉ាង​ដូច្នេះ​ដែរ​។​


 
​លោក ភឿ ថា​នូ ដែល​ប្រែ​ចាក​ភាពប្រក្រតី​តាំងពី​កំណើត​ដោយ​ជើង​ខាងស្តាំ​របស់លោក​ពុំ​ស្មើគ្នា​នោះ បាន​រម្លឹក​រឿងរ៉ាវ​ជាច្រើន​ក្នុង​រយៈពេល​៤​ឆ្នាំ​នៃ​ដំណើរ​ជីវិត​ជា​និស្សិត​នៅ​រាជធានី​ភ្នំពេញ​យ៉ាង​ដូច្នេះ​ថា​៖ «​លំបាក​មែន​! ដំបូង​ខ្ញុំ​ចង់​ត្រឡប់មក​ស្រុកកំណើត​វិញ ព្រោះ​គ្រួសារ​ខ្ញុំ​គាត់​ខ្វះខាត​ប្រាក់​ឲ្យ​ខ្ញុំ​រៀន ហើយ​ខ្ញុំ​កំព្រាម្តាយ​ផង​។ កាលនោះ​មាន​អង្គការ​មួយ​គេ​ជួយ​ចេញថ្លៃ​ផ្ទះ​ឲ្យ​ខ្ញុំ​ស្នាក់នៅ តែ​ថ្លៃ​ទឹក​ភ្លើង​ខ្ញុំ​ចេញ​ខ្លួនឯង​។ ប៉ុន្តែ ខ្ញុំ​បាន​ជម្នះ​ខ្លួនឯង​និង​តស៊ូ​គ្រប់​បញ្ហា​ទាំងអស់ ដើម្បី​បាន​បន្ត​ការសិក្សា​»​។​


 
៤​ឆ្នាំក្រោយ​ជីវិត​កូន​កសិករ​ជនជាតិដើម​ភាគតិច​ព្នង ភឿ ថា​នូ ដែល​បាន​ស្ពាយ​បង្វេចខោអាវ​ចាក់​ចេញពី​ស្រុកកំណើត​នៅ​ខេត្តមណ្ឌលគិរី មក​ផ្តើម​ជីវិត​ជា​និស្សិត​នៅ​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០១០ ប្រកប​ដោយមាន​គោលដៅ​ច្បាស់លាស់​នោះ បានក្លាយ​ជាការ​ពិត ដោយ​រូបលោក​ទទួលបាន​ចំណោះ​ដឹង និង​សញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​ពី​មហាវិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ឆ្នាំ​២០១៤​។​


 
​មន្ត្រីរាជការ​ជនជាតិ​ព្នង ភឿ ថា​នូ ដែល​កំពុង​បម្រើ​ការងារ​នៅ​មន្ទីរ​កិច្ចការនារី ខេត្តមណ្ឌលគិរី លើកទឹកចិត្ត​សិ​ស្សប្អូន​ជំនាន់​ក្រោយ​នៅ​ភូមិ​ស្រុក​របស់លោក​យ៉ាង​ដូច្នេះ​៖ «​ខ្ញុំ​ចង់​ឲ្យ​ប្អូនៗ​តស៊ូ​រៀន​បន្តទៀត ព្រោះ​អី​ជំនាន់​ខ្ញុំ​នៅ​រៀន​អ្វី​ក៏​គ្មាន​ដែរ រកលុយ​តែ​៥​រយ​រៀល​ក៏​អត់​មាន​ដែរ​។ តែ​ប្អូនៗ​ឥឡូវ​អន់​បំផុត​ក៏មាន​កង់​ជិះ​ទៅ​រៀន​ដែរ​។ អនាគត​យើង​នៅ​វែងឆ្ងាយ ពេល​រៀន​មានចំណេះដឹង យើង​អាចជួយ​អ​ភ​វិ​ឌ្ឍ​ភូមិ​ឃុំ​ស្រុក​យើង​បាន​»​។​


 
​បច្ចុប្បន្ន​លោក ភឿ ថា​នូ កំពុង​បង្ហាញ​ពី​គំរូ​ភាពជា​មន្ត្រី​ក្របខ័ណ្ឌ​រដ្ឋ​ដល់​ជនជាតិដើម​ភាគតិច​ព្នង​របស់លោក​នៅ​ភូមិកំណើត ដើម្បី​ជំរុញ​លើកទឹកចិត្ត​ជនជាតិដើម​ភាគតិច​ផ្សេងទៀត ឲ្យ​ខំប្រឹង​រៀនសូត្រ​ដល់​សាកលវិទ្យាល័យ​ដូច​រូបលោក​ដែរ​។ ជនជាតិដើម​ភាគតិច​ព្នង​រស់នៅ​ភូមិ​ពូ​តាំង សង្កាត់​រម្យ​នា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី លោក ភឿ ថា​នូ ជឿជាក់ ថា ការ​បាន​សិក្សា​ជ្រៅជ្រះ​នឹងធ្វើ​ឲ្យ​ជនជាតិភាគតិច​ដូច​រូបលោក មានចំណេះដឹង​ទូលំទូលាយ​ដើម្បី​បានរួម​ចំណែក​អភិវឌ្ឍ​សង្គម និង​ធនធានមនុស្ស​ដែលជា​ជនជាតិដើម​ភាគតិច​ព្នង​នៅ​ស្រុកកំណើត​ឲ្យ​កាន់តែ​បាន​ច្រើន​៕



Tag:
 ជនជាតិភាគតិច​
  ព្នង​
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com