ក្រសួងបរិស្ថានសហការជាមួយសហព័ន្ធកីឡាយានយន្តកម្ពុជា រៀបចំការប្រកួតប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ ខ្មែររ៉ាលីរ៉េដក្នុងដែនជម្រកសត្វព្រៃឡង់ ដើម្បីផ្សព្វផ្សាយនិងការពារធនធានធម្មជាតិ និងជីវៈចម្រុះនៅតំបន់នោះ។ ព្រឹត្តិការណ៍ដែលធ្វើឡើងក្រោមប្រធានបទ«រួមគ្នាថែរក្សាបរិស្ថាននិងធនធានធម្មជាតិ»នេះ ក៏ដើម្បីបណ្តុះស្មារតីឲ្យប្រជាពលរដ្ឋចេះស្រលាញ់បរិស្ថាននិងធនធានធម្មជាតិផងដែរ។ ព្រឹត្តិការណ៍នេះរៀបចំឡើងចន្លោះពីថ្ងៃទី១៧-២០ ខែឧសភា ដោយឆ្លងកាត់ខេត្តក្រុមចំនួន៣។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន រំពឹងព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ«ខ្មែររ៉ាលីរ៉េដ» ក្នុងដែនជម្រកសត្វព្រៃឡង់ ជួយផ្សព្វផ្សាយពីសក្តានុពលព្រៃឈើ និងជីវៈចម្រុះដ៏សម្បូរបែបក្នុងតំបន់ព្រៃឡង់ ឲ្យប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាភ្ញៀវបរទេសស្គាល់កាន់តែច្បាស់។ លោកជឿជាក់ថា ព្រឹត្តិការណ៍នេះនឹងក្លាយជាចលករជួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនានៅតំបន់ទេសចរណ៍ធម្មជាតិមួយនេះ។
រដ្ឋលេខាធិការរូបនេះ ក៏រំពឹងផងដែរថា ព្រឹត្តិការណ៍នេះ នឹងជួយផ្លាស់ប្តូរទម្លាប់របស់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះ ពីការចូលកាប់ព្រៃឈើ និងបរបាញ់សត្វ ក្លាយជាអ្នកទាញផលប្រយោជន៍ពីធនធានជាតិធម្មជាតិទាំងនេះ តាមរយៈបង្កើតមុខរបរដែលបម្រើឲ្យវិស័យទេសចរណ៍។ បន្ថែមលើនេះ វានឹងជួយអប់រំ ក៏ដូចជាបណ្តុះស្មារតីឲ្យប្រជាពលរដ្ឋចេះស្រលាញ់និងការពារបរិស្ថាននិងធនធានជីវចម្រុះកាន់តែខ្លាំងថែមទៀត។
«ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គក្នុងដែនជម្រកសត្វព្រៃឡង់ នឹងចូលរួមផ្សព្វផ្សាយពីសក្តានុពល នៃដែនជម្រកសត្វព្រៃឡង់ ដែលសម្បូរដោយព្រៃឈើ និងជីវៈចម្រុះដល់សាធារណជន ក៏ដូចជាបណ្តុះស្មារតីស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិដល់ប្រជាពលរដ្ឋ ហើយយើងទាំងអស់គ្នាចូលរួមថែរក្សាបរិស្ថាន និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស»។ លោក នេត្រ ភក្ត្រា ថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៨ ខែឧសភា នៅទីស្នាក់ការ NOCC។
សម្រាប់លោក នេត្រ ភក្ត្រា ការផ្សព្វផ្សាយពីសក្តានុពលដែនជម្រកសត្វព្រៃឡង់ និងការអប់រំឲ្យប្រជាពលរដ្ឋចេះស្រលាញ់បរិស្ថាននិងធនធានធម្មជាតិ ធ្វើឡើងតាមរយៈការបិតពាក្យស្លោកនៅលើយានយន្ត និងដងផ្លូវ ការចូលរួមរបស់កីឡាករ និងការផ្សពផ្សាយរបស់បណ្តាញសារព័ត៌មាន និងការចុះទៅអប់រំផ្ទាល់របស់មន្ត្រីបរិស្ថាន។
«យើងគ្រាន់តែជិះឡាន ម៉ូតូ តើយើងអាចបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋដោយរបៀបណា? ទី១នៅយានយន្តយើងមានបិតទិសស្លោករួមគ្នាទាំងអស់គ្នាក្នុងការថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិរបស់យើង។ ជាមួយគ្នានេះ មន្ត្រីឧទ្យាននុរក្សរបស់យើង ក៏ជម្រាបដល់ប្រជាពលរដ្ឋ ហើយការផ្សព្វផ្សាយពីរូបភាពរបស់ប្រព័ន្ធផ្សព្វផ្សាយ ក៏ចូលរួមចំណែកផងដែរ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក នេត្រ ភក្ត្រា។
បើតាមរដ្ឋលេខាធិការក្រសួងបរិស្ថានខាងលើ ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ ក្រោមប្រធានបទ«រួមគ្នាការពារបរិស្ថាននិងធនធានធម្មជាតិ»នេះ មិនត្រឹមតែធ្វើឡើងក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ប៉ុណ្ណោះទេ កីឡាករកីឡាការិនីត្រូវឆ្លងកាត់តំបន់ដែនជម្រកសត្វមួយចំនួនទៀតរួមមានដែនជម្រកសត្វព្រៃបឹងពែ និងដែនជម្រកសត្វព្រៃព្រៃព្រះរកា និងតំបន់ឧទ្យានជាតិភ្នំគូលែន និងតំបន់អភិរក្សជាច្រើនទៀត។
សកម្មភាពប្រកួតប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គកាលពីឆ្នាំ២០១៨
ព្រៃឡង់ជាដែនជម្រកសត្វព្រៃដ៏សំខាន់របស់កម្ពុជា ដែលគ្របដណ្តប់លើផ្ទៃដីទំហំ៤៣១,៦៨៣ហិកតាដោយលាតសន្ធឹងលើខេត្តចំនួន៤រួមមានក្រចេះ ស្ទឹងត្រែង កំពង់ធំ និងព្រះវិហារ។ ប៉ុន្តែការប្រកួតលើកនេះ ឆ្លងកាត់ខេត្តក្នុងដែនជម្រកសត្វព្រៃឡង់តែពីរនោះ គឺខេត្តកំពង់ធំ និងព្រះវិហារ។
លោក ហូ សិទ្ធិគុណ អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជាបានបញ្ជាក់ថា ការប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ រៀបចំចន្លោះពីថ្ងៃទី១៧-២០ ខែឧសភា ឆ្នាំ២០១៩ ដោយឆ្លងកាត់ខេត្តចំនួន៣រួមមានកំពង់ធំ ព្រះវិហារ និងខេត្តសៀមរាប ដែលមានចម្ងាយជាង៦០០គីឡូម៉ែត្រ។ ការប្រកួតនេះមានកីឡាករចំនួន៦៤នាក់មកពី៨ប្រទេសចូលរួម រួមកម្ពុជា ថៃ អូស្ត្រាលី នូវែលសេឡង់ វែល ស្គត់លែន បារាំង និងហូរឡង់ ដោយមានរថយន្តនិងម៉ូតូចំនួន៤១(រថយន្ត២១)គ្រឿងចូលរួម៕