រថយន្ត
អន្តរជាតិ
ថៃ គ្រោង​យក​គំរូ​តាម​ជប៉ុន ដោយ​អនុវត្ត «​ប្រព័ន្ធ​កាត់​ពិន្ទុ​» លើ​បណ្ណ​បើកបរ
08, May 2019 , 9:29 am        
រូបភាព
ប្រភពរូប៖ pattayamail.com
ប្រភពរូប៖ pattayamail.com
ដោយ:
​ដើម្បី​ធានា​សុវត្ថិភាព​អ្នក​ថ្មើរជើង និង​ពង្រឹង​វិន័យ​អ្នកបើកបរ រដ្ឋាភិបាល​ថៃ គ្រោង​យក​គំរូ​តាម​ជប៉ុន ដោយ​អនុវត្ត «​ប្រព័ន្ធ​កាត់​ពិន្ទុ​» លើ​បណ្ណ​បើកបរ​។ ប្រព័ន្ធ​នេះ នឹងត្រូវ​ដាក់បញ្ចូល​ទៅក្នុង​សេចក្តីព្រាងច្បាប់​ស្តីពី​ចរាចរណ៍​ថៃ​ថ្មី ដែលមាន​ស្ថាន​ទម្ងន់ទោស​ចាប់ពី​ការពិន័យ​ជា​សាច់ប្រាក់ ដល់​ការជាប់​ពន្ធនាគារ​។​

 
​ក្រសួង​ដឹកជញ្ជូន​ថៃ បានចាប់ផ្តើម​ធ្វើការ​ជាមួយ​ភាគី​ជប៉ុន ដើម្បី​ស្វែងយល់​ពី​ប្រព័ន្ធ​កាត់​ពិន្ទុ​បណ្ណ​បើកបរ ។ អំឡុងពេល​ធ្វើការ​ជាមួយគ្នានេះ អាជ្ញាធរ​ជប៉ុន​បាន​ចែករំលែក​ចំណេះដឹង​អំពី​ជោគជ័យ​របស់ខ្លួន ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ​កាត់​ពិន្ទុ (Point-deduction System) លើ​បណ្ណ​បើកបរ ដើម្បី​ពង្រឹង​វិន័យ​ក្នុងចំណោម​អ្នកបើកបរ ជា​ជនជាតិ​ជប៉ុន​។ នេះ​បើតាម​ការបញ្ជាក់​របស់ Chirute Visalachitra លេខាធិការ​អចិន្ត្រៃយ៍​រង​នៃ​ក្រសួង​ដឹកជញ្ជូន​ថៃ នៅ​ថ្ងៃទី​៧ ខែឧសភា​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់កា​សែត​បាងកក​ប៉ុស្តិ៍ មន្ត្រី​ថៃ​រូបនេះ គូសបញ្ជាក់​ទៀតថា ប្រព័ន្ធ​ដ៏​តឹងរ៉ឹង​នេះ នឹងត្រូវ​ដាក់បញ្ចូល​ក្នុង​សេចក្តីព្រាងច្បាប់​ស្តីពី​ការដឹកជញ្ជូន​ផ្លូវគោក​ថ្មី ដែល​ច្របាច់​បញ្ចូល​គ្នា​រវាង​ច្បាប់​យានយន្ត​ឆ្នាំ​១៩៧៩ ជាមួយនឹង​ច្បាប់​ដឹកជញ្ជូន​ផ្លូវគោក​ឆ្នាំ​១៩៧៩​។ បច្ចុប្បន្ននេះ សេចក្តីព្រាងច្បាប់​នេះ ឈានដល់​ដំណាក់កាល​ចុងក្រោយ​នៃ​ការតាក់តែង​ហើយ​។ 
 
​យ៉ាងណាមិញ លោក Chirute មិនទាន់បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​នៃ​ការចូល​ជា​ធរមាន​របស់​សេចក្តី​ព្រាង​ច្បាប់​នេះ​នៅឡើយ​ទេ​។ ការណ៍​ដែល​ពុំទាន់​បញ្ចេញ​ពី​ពេលវេលា​ច្បាស់លាស់​បែបនេះ មន្ត្រី​ថៃ​រូបនេះ បកស្រាយ​ថា សេចក្តីព្រាងច្បាប់​នេះ ត្រូវការ​ទិន្នន័យ​ពី​តួលេខ​អ្នកបើកបរ​ដែល​កាន់​បណ្ណ​បើកបរ​ពី​បណ្តា​ភ្នាក់ងារ​ពាក់ព័ន្ធ​ថៃ​។ 
 
​បើតាម​ប្រភពព័ត៌មាន​ដដែល ប្រព័ន្ធ​កាត់​ពិន្ទុ​ចរាចរណ៍​របស់​ជប៉ុន​នេះ បង្កើតឡើង​អមដោយ​ទោសទណ្ឌ​ធ្ងន់ធ្ងរ​លើ​អ្នក​ល្មើសច្បាប់ ហើយ​ផ្តោត​ចម្បង​លើ​កិច្ចការពារ​សុវត្ថិភាព​របស់​អ្នក​ថ្មើរជើង​។ 
 
​យោងតាម​សេចក្តីព្រាងច្បាប់​ថ្មី​ស្តីពី​ចរាចរណ៍​របស់​ថៃ ករណី​បំពាន​ភ្លើង​ចរាចរណ៍​ហាមឃាត់ នឹងត្រូវ​កាត់​ពីរ​ពិន្ទុ និង​ពិន័យ​ជា​លុយ​ពី ១៨០០​បាត​ទៅ ៣២០០​បាត​។  មួយវិញទៀត ករណី​មិនបាន​ឈប់ ឬ​បន្ថយល្បឿន ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​ថ្មើរជើង​ដើរ​ឆ្លងកាត់​ទេ​ផ្លូវ​ទេនោះ នឹងត្រូវ​ពិន័យ ៤០០០​បាត​។​
 
​អ្វីដែល​ធ្ងន់ធ្ងរ​នោះ បណ្ណ​បើកបរ នឹងត្រូវ​ព្យួរ​រយៈពេល​១៨០​ថ្ងៃ ប្រសិនបើ​ពិន្ទុ​លើសពី​៦​ឡើងទៅ ត្រូវបាន​កាត់បន្ថយ​ក្នុង​រយៈពេល​៣​ឆ្នាំ​។ ចំណែក អ្នកបើកបរ​ខណៈ​មាន​ផ្ទុក​ជាតិ​ស្រវឹង អាច​រង​ការ​កាត់​ពិន្ទុ ៣៥ អាច​ជាប់ពន្ធនាគា​ររ​ហូត​ដល់ ៥​ឆ្នាំ និង​ពិន័យ​លុយ​ដល់ ៣០​ម៉ឺន​បាត ក៏ដូចជា​ព្យួរ​បណ្ណ​បើកបរ​រយៈពេល​៥​ឆ្នាំ​។ ទន្ទឹមនឹង​គ្នា​នេះ អ្នកដំណើរ​ក្នុង​យានយន្ត និង​ម្ចាស់​យានយន្ត (​ទោះជា​មិនមែនជា​អ្នកបើកបរ​ក្តី​) ដែល​ពាក់ព័ន្ធ​នឹង​ករណី​បើកបរ​ខណៈ​មាន​ផ្ទុក​ជាតិ​ស្រវឹង ក៏​នឹង​ទទួលខុសត្រូវ​ដូចគ្នា​ផងដែរ​៕

Tag:
 ​ថៃ​
  ជប៉ុន​
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com