ONE Championship
កីឡាជាតិ
ជាតិ
ក្រៅពី​ហាត់​ប្រដាល់ ចាន់ រតនា ចូលចិត្ត​ទស្សនា​ភាពយន្ត​បែប​វិទ្យាសាស្ត្រ​
07, May 2019 , 9:19 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី  
 
​អ្នកលេង​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា ដែល​វ៉ៃ​កីឡាករ​ម្ចាស់ផ្ទះ Rudy Agustian ឲ្យ​ចុះចាញ់​នៅ​ទឹក​ទី​២​កាល​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​លើស​ង្វៀន ONE: FOR HONOR  ក្នុង​ក្រុង​ហ្សា​ការ​តា ប្រទេស ឥណ្ឌូណេស៊ី នោះ​មិន​ចាត់ទុក​ខ្សែភាពយន្ត​ប្រើ​ក្បាច់គុន​ទាត់​ធាក់​ជា​ជម្រើស​ដំបូង​នោះឡើយ ប៉ុន្តែ បែរ​ចូលចិត្ត​ទស្សនា​រឿង​ប្រលោមលោក​បែប​វិទ្យាសាស្ត្រ «Jurassic World » ទៅវិញ​។


 
​គ្រូបង្វឹក​នៅ​ក្លិប «​សិល្បៈ​» រូបនេះ​បញ្ជាក់ថា ៖«​រឿង​ដែល​ខ្ញុំ​តាមដាន និង ចូលចិត្ត​បំផុត គឺ Jurassic World ហើយ​ខ្ញុំ​មើល​ដល់​ភាគ​ចុងក្រោយ Jurassic World: Fallen Kingdom ឯណោះ​ពេលចេញ​ជា​ផ្លូវការ​នៅ​ពាក់កណ្ដាល​ឆ្នាំ ២០១៨​។ ឈុត​ដែល​ខ្ញុំ​ពេញចិត្ត​ជាងគេ គឺ រាល់ពេល​ឈុត​ឆាក ដាយ​ណូ​ស័​រ បើក​ការវាយប្រហារ​មកលើ​មនុស្ស ដែល​ធ្វើ​ឲ្យ​រន្ធត់​ខ្លាំងណាស់ ព្រឺព្រួច ហើយ ខ្ញុំ​រឹតតែ​ចង់​តាមដាន​»​។ 
 
​ភាពយន្ត Jurassic World ចេញ​បាន ៥ វគ្គ​ហើយ​មកដល់ពេលនេះ វគ្គ​ទី​១ Jurassic Park ចាប់​បញ្ចាំង​កាល​ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ​១៩៩៣, វគ្គ​ទី​២ The Lost World: Jurassic Park ចាប់​បញ្ចាំង ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ១៩៩៧, វគ្គ​ទី​៣ Jurassic Park III ចាប់​បញ្ចាំង ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០០១, វគ្គ​ទី​៤ Jurassic World ចាប់​បញ្ចាំង​ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៥, និង វគ្គ​ទី​៥ Jurassic World: Fallen Kingdom ចាប់​បញ្ចាំង​នៅ​ថ្ងៃទី ២២ មិថុនា ឆ្នាំ ២០១៨​។ 
 
​ចំណែក វគ្គ​ទី​៦ ដែលមាន​ឈ្មោះថា Jurassic World 3 នឹង​ចាប់​បញ្ចាំង​នៅ​ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២១ ខាងមុខ​។ លោក J.A Bayona ជា​ផលិតករ​ដឹកនាំ​វគ្គ​ទី​៥​រឿង Jurassic World: Fallen Kingdom   និង ផលិត​ដោយ​ក្រុម ហ៊ុន Universal Pictures ហើយ វគ្គ​បន្ទាប់​ទី​៦ Jurassic World 3 ដែល​គ្រោង​ចេញ​បញ្ចាំង​នៅ ២ ឆ្នាំ​ខាងមុខ​នឹង​ដឹកនាំ​ដោយ​ផលិតករ Colin Trevorrow​។​
 
​ការដែល​ចិត្ត​រឿង​បែប​វិទ្យាសាស្ត្រ​នេះ ត្រូវបាន​អ្នកលេង​យុទ្ធ​គុនខម​សង្កត់ធ្ងន់ថា ៖«​ខ្ញុំ​ត្រូវការ​អារម្មណ៍​ខុសប្លែក​ខ្លះៗ ដែល​ធ្វើ​ឲ្យ​វា​ស្រស់ស្រាយ ព្រោះ​ខ្ញុំ​ជា​អ្នក​ហាត់​ក្បាច់គុន​ទៅហើយ​។ ការ​ទស្សនា​បែបនេះ​ទើប​ធ្វើ​ឲ្យ​ខុសគ្នា​ពី​ការ​ហាត់គុន​។ ពេលខ្លះ​ក៏​ធុញ​ដែរ ហាត់ និង​បង្ហាត់​ក្បាច់គុន​ពេញ​ម៉ោង​ហើយ និង ត្រូវ​មើល​ភាពយន្ត​ក្បាច់គុន​ច្រើន​ទៀត គឺ ដដែលៗ​»​។​
 
​យ៉ាងណាក្ដី ភាពយន្ត​បន្ទាប់បន្សំ​ដែល  រតនា ចូលចិត្ត​ទស្សនា​នោះ​គឺ ជា​ខ្សែភាពយន្ត​ដែលមាន​តារា​ក្បាច់គុន​បែប​កំប្លែង​ទិន​ហ្វី បុរស​មុខមាំ​កុំ​កុំ និង លី​លាន​ជា​។ រតនា បន្ថែមថា គេ​ចូលចិត្ត​តួ​សម្ដែង ៣ ដួង​នេះ​តាំងពី​ខ្លួន​មាន​អាយុ​ប្រហែល ១០ ឆ្នាំ​មកម្ល៉េះ​។ 
 
​គួរ​ដឹង​ដែរ​ថា​កូនប្រុស​របស់លោក ចាន់ ប៊ុនធឿន ជា​តារា​ប្រចាំ​សង្វៀន ONE តាំងពី​ឆ្នាំ ២០១៤ មកម្ល៉េះ​។ កីឡាករ​វ័យ ៣៣ ឆ្នាំ​រូបនេះ ប្រឡូក​លើ​រេញ ONE បាន​ចំនួន ៨ ដង (​បើ​គិត​វ៉ៃ​ក្នុងស្រុក​ទៀត​បាន ៩​ដង​) ដែល​ក្នុងនោះ ឈ្នះ​ចំនួន ៥ ដង និង ចាញ់ ៣ ដង​។ 
 
​ក្នុងការ​ប្រកួត​២​លើកចុងក្រោយ កីឡាករ​អាយុ ៣៣ ឆ្នាំ​តំណាង​ឲ្យ​កម្ពុជា វ៉ៃ​កីឡាករ​ឥណ្ឌូណេស៊ី​ឲ្យ​ចុះចាញ់​ទឹក​ទី​២ ដូចគ្នា​លើស​ង្វៀន ONE ពោល​ឈ្នះ Rudy Agustian កាល​សប្ដាហ៍​មុន និង ឈ្នះ Abrou Fernandes  កាល​ខែ ធ្នូ ចុងឆ្នាំ ២០១៨​។  ម្ចាស់​ក្លិប «​សិល្បៈ​»  ឈ្នះ Rudy គឺជា​ការចងចាំ​មួយ​ដ៏​ល្អ និង ជា​ថ្នូរ​នឹង​ការ​សងសឹក​ឲ្យ​មិត្ត​រួម​ជាតិ ខុន ស៊ី​ចាន់ ដែល​បាន​ចាញ់​កីឡាករ​ឥណ្ឌូណេស៊ី រូបនេះ​នៅ​សិង្ហ​បុរី កាល​ខែ កុម្ភៈ​៕  
 
 

Tag:
 MMA
  ចាន់ រតនា​
© រក្សាសិទ្ធិដោយ thmeythmey.com