ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ប្រាក់ សុខុន សង្ឃឹមថា អ្នកស្រី ស្មីត នឹងសរសេររបាយការណ៍ពិតពីកម្ពុជា
07, May 2019 , 6:10 pm        
រូបភាព
ជំនួបរវាងលោក ប្រាក់ សុខុន និង អ្នកស្រី រ៉ូណា ស្មីត
ជំនួបរវាងលោក ប្រាក់ សុខុន និង អ្នកស្រី រ៉ូណា ស្មីត
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លើកពីចំណុចវិជ្ជមានជាច្រើនពីកម្ពុជា ទៅកាន់អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ។ លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស ប្រាប់អ្នកកាសែតបែបនេះ ក្រោយបញ្ចប់ជំនួបរវាងលោក ប្រាក់ សុខុន និង អ្នកស្រី ស្មីត នៅល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩។



បើតាមអ្នកនាំពាក្យ លោក ប្រាក់ សុខុន បានបង្ហាញក្តីរំពឹងនៅមុខអ្នកស្រីថា អ្នកស្រី នឹងសរសេររបាយការណ៍អំពីកម្ពុជា ដោយផ្អែកលើទិដ្ឋភាពពិតនិងជាក់ស្តែង រួមទាំងការវិវឌ្ឍផ្នែកប្រជាធិបតេយ្យផងដែរ។ អ្នកនាំពាក្យរូបនេះ ស្រង់សម្តីរបស់លោករដ្ឋមន្រ្តីការបរទេស ទៅប្រាប់អ្នកកាសែតយ៉ាងដូច្នេះថា «ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សម្តែងក្តីសង្ឃឹមថា អ្វីដែលជាសមិទ្ធផលត្រឹមត្រូវ អ្វីដែលជាសមិទ្ធផលជាក់ស្តែងរបស់រដ្ឋាភិបាលកម្ពុជា នឹងត្រូវបានរំលេច នៅក្នុងរបាយការណ៍របស់គាត់ មិនមែនមានន័យថា អ្វីដែលជាសមិទ្ធផលដែលសម្រេចបានហ្នឹង ត្រូវបានបំភ្លេចចោលទេ»។

អ្នកនាំពាក្យ អះអាងថា អ្នកស្រី ស្មីត ក៏មើលឃើញភាពល្អប្រសើររបស់កម្ពុជាផងដែរ។ លោក បញ្ជាក់ថា «អ្នកស្រី កោតសរសើរថា បើប្រៀបធៀបនឹងបណ្តាប្រទេសនៅអាស៊ាន កម្ពុជា បានផ្តល់សច្ចាប័នលើសទ្ធិសញ្ញាសិទ្ធិមនុស្សច្រើនជាងគេបំផុត»។

អ្នកស្រី ស្មីត នឹងសរសេររបាយការណ៍អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ហើយនឹងយកទៅថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ក្នុងអំឡុខែកញ្ញាឬតុលា ឆ្នាំ២០១៩។

អ្នករាយការណ៍របស់អង្គការសហប្រជាជាតិរូបនេះ នឹងបញ្ចប់ទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩។ នេះជាលើកទី៧ហើយ ដែលអ្នកស្រីមកកម្ពុជា៕

Tag:
 រ៉ូណាស្មីត
  ប្រាក់ សុខុន
  សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com