ជាតិ
សង្គមជាតិ
រដ្ឋាភិបាល ចាប់ផ្តើមរៀបចំបន្ទប់ប្រណិប័តន៍សាសនាអ៊ិស្លាម នៅគ្រប់មន្ទីរពេទ្យសាធារណៈ
08, May 2019 , 10:05 am        
រូបភាព
ចាប់ពីពេលនេះតទៅ នៅតាមមន្ទីរពេទ្យសាធារណៈទាំងអស់ នឹងត្រូវរៀបចំឲ្យមានបន្ទប់សម្រាប់ប្រណិប័តន៍សាសនាអ៊ិស្លាម ឬបន្ទប់សម្រាប់ថ្វាយបង្គំ ដល់សាសនិកអ៊ិស្លាមកម្ពុជា។ នេះបើតាមលិខិតរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ដែលចេញនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩។



ក្នុងខ្លឹមសារលិខិតរបស់រដ្ឋមន្រ្តីសុខាភិបាល ការរៀបចំឲ្យមានបន្ទប់សម្រាប់ប្រណិប័តន៍សាសនាអ៊ិស្លាម នៅតាមមន្ទីរពេទ្យសាធារណៈនេះ គឺអនុវត្តតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការធ្វើសុខុដុមនីយកម្មសាសនា និងដើម្បីសម្រួលដល់ការប្រណិប័តន៍សាសនារបស់សាសនិកអ៊ិស្លាម និងគ្រូពេទ្យ និស្សិតមូស្លីមដែលមកទទួលសេវាថែទាំព្យាបាល និងបំពេញការងារនៅមន្ទីរពេទ្យ។ លោក ម៉ម ប៊ុនហេង បានប្រាប់អគ្គនាយក ប្រធានមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យបង្អែកទាំងអស់ ឲ្យចាត់ចែង រៀបចំឲ្យមានបន្ទប់សម្រាប់ប្រណិប័តន៍សាសនាអ៊ិស្លាមនេះឲ្យបានសមរម្យ។

ជាមួយគ្នានេះដែរ ក្នុងពិធីពិសាអហារស្រាយបួសពេលល្ងាចនាថ្ងៃទី៧ ខែឧសភា នៅមជ្ឈមណ្ឌលកោះពេជ្រដែលមានសាសនិកអ៊ិស្លាម ចូលរួមជិត៥ពាន់នាក់ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានប្រកាសពីគោលការណ៍ថ្មីនេះដែរ និងថាចំណុចនេះនឹងឈានដល់ការពង្រីកតាមសាលារៀនទៀតផង ដែលនឹងផ្តល់ឱកាសឲ្យសិស្សានុសិស្ស និងនិស្សិត មានកន្លែងថ្វាយបង្គំសមរម្យ ដើម្បីបំពេញកាតព្វកិច្ចសាសនារបស់ខ្លួន។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា នេះជាជំហានថ្មីមួយទៀតដែលកម្ពុជា កំពុងធ្វើ ដើម្បីភាពសុខុដុមនីយកម្មសាសនានៅកម្ពុជា ដែលបណ្តាប្រទេសមួយចំនួនមិនទាន់អនុវត្តនៅឡើយ៕

Tag:
 សាសនាអ៊ិស្លាម
  មន្ទីរពេទ្យ
© រក្សាសិទ្ធិដោយ thmeythmey.com