ការ​ញ៉ាំ​អាហារ​ពេលយប់​ជ្រៅ ជា​រឿង​មិនល្អ​មែន​ទេ​?
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ការ​ញ៉ាំ​អាហារ​ពេលយប់​ជ្រៅ ជា​រឿង​មិនល្អ​មែន​ទេ​?
08, May 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នកមាន​ចំណាំ​ខ្លួនឯង​ថា ឧស្សាហ៍​បើក​ឆ្នាំ​បាយ​ញ៉ាំ​នៅ​យប់​ជ្រៅៗ​ដែរ​ទេ​?



បើសិនជា​ចឹ​ង​មែន កុំ​បារម្ភ​អី ព្រោះ​មិន​មានតែ​អ្នក​ទេ​ដែល​ធ្វើ​អ៊ីចឹង​។ មែនហើយ ខ្ញុំ​នឹង​ប្រាប់​ហេតុផល​មួយចំនួន​ថា ហេតុអ្វី​បានជា​ការ​ញ៉ាំ​អាហារ​ពេលយប់​បែបនេះ​អាចជា​រឿង​ល្អ និង​មិនល្អ​ដូចខាងក្រោម​នេះ​៖
 
​ជា​អ្នក​តម​អាហារ​
 
​ការកាត់បន្ថយ ឬ​តម​អាហារ​ពេញ​មួយថ្ងៃ​ហើយ វា​ពិតជា​ងាយ​នឹងធ្វើ​ឲ្យ​អ្នក​ឃ្លាន​ខ្លាំង​នៅពេល​យប់​ជ្រៅ​ណាស់ ហេតុដូច្នេះ​ហើយ​ទើប​អ្នក​និយាយថា ការ​តម​អាហារ​ដើម្បី​សម្រក​ទម្ងន់​មិនមាន​ប្រសិទ្ធភាព​នោះទេ​។ 
 
​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​
 
​ការដែល​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​ខ្លាំង អាច​ដោយសារតែ​ការ​តម​អាហារ ឬ​កំពុង​តែមាន​ជំងឺ​ទឹកនោមផ្អែម ដែល​វា​ជា​រឿង​ដែល​ត្រូវ​កំណត់​រោគវិនិច្ឆ័យ​ឲ្យ​បានដឹង និង​គ្រប់គ្រង​ឲ្យ​បាន​។ 
 
​មាន​អារម្មណ៍​ថា​ស្ត្រេ​ស ឬ​តក់ស្លុត​
 
​ការដែល​ស្ត្រេ​ស ឬ​តក់ស្លុត​អាចធ្វើ​ឲ្យ​កម្រិត​អ័រម៉ូន​ស្ត្រេ​ស​កើនឡើង​ខ្លាំង ហើយ​អ័រម៉ូន​ទាំងនេះ​មាន​ខ្លះ​អាច​បង្កើន​ចំណង់​អាហារ​របស់​អ្នក​បាន​ថែមទៀត​។ 
 
​អ្នក​គ្រាន់​តែមាន​អារម្មណ៍​ធុញ​ប៉ុណ្ណោះ​
 
​ដោយសារតែ​មិនមាន​រឿង​ច្រើន​ដែល​ត្រូវធ្វើ​នៅពេល​យប់ អ្នក​ប្រហែល​ជាមាន​អារម្មណ៍​ធុញទ្រាន់ ហើយ​វា​ក៏​ជា​រឿង​ដែល​នាំ​ឲ្យ​អ្នក​ច្រឡំ​ថា​ខ្លួនឯង​ឃ្លាន​ដែរ​។ 
 
​ឡើង​ទម្ងន់​
 
​តាម​ការសិក្សា​បាន​ឲ្យ​ដឹងថា ការ​ញ៉ាំ​អាហារ​នៅពេល​យប់​អាច​រំខាន​ដល់​ចង្វាក់​នៃ​ការ​ងងុយគេង​។ រឿងនេះ​អាចជា​ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​របៀប​នៃ​ការរក្សា​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​មានការ​ប្រែប្រួល ហើយ​ត្រូវការ​ខ្លាញ់​ច្រើន​លើស​តម្រូវការ​។ 
 
​មិនអាច​គេង​លក់​
 
​ការដែល​ញ៉ាំ​អាហារ​ច្រើនៗ និង​ចូល​គេង​ភ្លាម​អាច​នាំ​ឲ្យ​មានការ​ខូចខាត​ខ្លាំង​បាន​។ វា​អាចជា​ហេតុ​នាំ​ឲ្យ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ និង​ក្រហាយ​ដើមទ្រូង ហើយក៏​ធ្វើ​ឲ្យ​អ្នក​មិនអាច​គេង​លក់បាន​។ 
 
​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​បេះដូង​
 
​តើ​អ្នកមាន​ដឹង​ទេ​ថា ការ​ញ៉ាំ​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ច្រើនពេក អាច​បំ​លែង​ទៅជា​កូ​ឡេ​ស្តេ​រ៉ុល​បានទេ​?  ហេតុ​ដូច្នេះហើយ​បានជា​ការ​ញ៉ាំ​អាហារ​ពេលយប់​ជ្រៅ​ធ្វើ​ឲ្យ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ក្នុង​ខ្លួន​កើនឡើង និង​ប្រឈម​ខ្ពស់​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម និង​ជំងឺ​បេះដូង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com