ជាតិ
២៥ខេត្ត/រាជធានី
កសិករ​៦៦​គ្រួសារ​នៅ​សៀមរាប លក់​«​បន្លែ​សុវត្ថិភាព​»​បាន​៦​តោន​ក្នុង​មួយខែ​
08, May 2019 , 12:14 pm        
រូបភាព
​សៀមរាប​៖ ប្រជាកសិករ​៦៦​គ្រួសារ ក្នុង​ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម ខេត្តសៀមរាប ដាំ​ដុះ​បន្លែ​សុវត្ថិភាព និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក បានជា​មធ្យម​២០០​គីឡូ​ក្រោម​ក្នុង​មួយថ្ងៃ ដែល​ស្មើនឹង​ចំនួន​៦​តោន​ក្នុង​មួយខែ​។ ការដាំដុះ​បន្លែ​សុវត្ថិភាព​របស់​កសិក​រទាំង​នោះ ជា​ទម្រង់​ខ្នាតតូច​ដោយ​អនុវត្តន៍​តាម​បច្ចេកទេស និង​គោលការណ៍​ស្តង់ដារ​សរីរាង្គ​របស់​អង្គការ GRET ។​


​លោក សុទ្ធ វិសាល មន្ត្រី​ទីផ្សារ​នៃ​អង្គការ GRET ប្រាប់​ថ្មីៗ​២៥ រាជធានី​-​ខេត្ត ថា ក្នុងចំណោម​កសិករ​ដាំ​បន្លែ​សុវត្ថិភាព ៣០០​គ្រួសារ តាមរយៈ​គម្រោង​អភិវឌ្ឍ​កសិកម្ម​និរន្ត​ភាព មាន​កសិករ ៦៦​គ្រួសារ បាន​បង្កើតជា​សហគម​ន៍​ចម្ការ​សុវត្ថិភាព​ធម្មជាតិ នៅ​ដើមខែ​មករា ឆ្នាំ​២០១៩ ដើម្បី​នាំគ្នា​ផលិត​បន្លែ​សុវត្ថិភាព​ដែលមាន​ស្តង់ដារ​ទៅកាន់​ទីផ្សារ​ក្នុង​ខេត្ត និង​នៅ​ទី​រាជធានី​ភ្នំពេញ​។​


(លោក សុទ្ធ វិសាល មន្ត្រី​ទីផ្សារ​នៃ​អង្គការ GRET នៅក្នុងវេទិកាអ្នកប្រើប្រាស់បន្លែសុវត្ថិភាព លើកទីពីរនាខេត្តសៀមរាប) 

លោក វិសាល បាន​អះអាង​ដូច្នេះ​៖«​បន្លែ​សុវត្ថិភាព​ដែល​ដាំ​ដោយ​កសិករ​ក្នុង​គម្រោង​អភិវឌ្ឍ​កសិកម្ម​និរន្ត​ភាព មាន​ទីផ្សារ​ល្អ​ដោយ​មិន​បារម្ភ​ចំពោះ​អ្នកបញ្ជា​ទិញ​ជាមួយនឹង​តម្លៃ​បន្លែ​ទាំងនេះ​។ សព្វថ្ងៃ​បន្លែ​សុវត្ថិភាព​របស់​សមាគម​ន៍ ពុំទាន់​ផ្គត់ផ្គង់​គ្រប់គ្រាន់​តាម​តម្រូវការ​ទីផ្សារ​នៅឡើយ​»​។ យ៉ាងណា សហគមន៍​កសិករ​ដាំ​បន្លែ​សុវត្ថិភាព​ទាំង​៦៦​គ្រួសារ ក្នុង​ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម ដែល​បង្កើត​នៅ​ដើមឆ្នាំ​២០១៩​នេះ អាច​ផ្គត់ផ្គង់​បន្លែ​សុវត្ថិភាព​ទាំងនោះ​នៅលើ​ទីផ្សារ​បាន​ប្រមាណ​ជា​៦​តោន​ក្នុង​មួយខែ​។​

អត្ថបទទាក់ទង


 
​បើតាម​លោក សុទ្ធ វិសាល ក្រៅពី​បន្លែ​សុវត្ថិភាព​ក្នុង​សហគមន៍​ចម្ការ​សុវត្ថិភាព​ធម្មជាតិ ក៏មាន​កសិករ​ជិត​៨០០​គ្រួសារ​ទៀត បាន​អនុវត្តន៍​ដាំ​បន្លែ​សុវត្ថិភាព​ក្នុង​គម្រោង​អភិវឌ្ឍ​កសិកម្ម​និរន្ត​ភាព នៃ​អង្គការ GRET ក្នុងស្រុក​ប្រាសាទបាគង និង​ស្រុក​សូទ្រនិគម អាច​ផ្គត់ផ្គង់​បន្លែ​សុវត្ថិភាព​លើ​ទីផ្សារ​បាន ១០០​តោន ក្នុង​មួយខែ​។ បន្លែ​សុវត្ថិភាព​ទាំងនោះ ភាគច្រើន​ជា​បន្លែ​ស្លឹក និង​ផ្លែ ដូចជា ស្ពៃ សាឡា​ត់ ខ្ទឹម​ស្លឹក ជី​គីន​ឆាយ  ប៉េងប៉ោះ ត្រប់ និង​ត្រសក់​ជាដើម​៕
 







© រក្សាសិទ្ធិដោយ thmeythmey.com