អត្ថបទពាណិជ្ជកម្ម
​ក្រុមហ៊ុន Royal Group ចុះ​អនុស្សារណៈ​យោគយល់​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លើ​កំណែទម្រង់​ប្រព័ន្ធ​ឌីជីថល ICT នៅ​កម្ពុជា
08, May 2019 , 3:09 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុមហ៊ុន Royal Group នៃ​ប្រទេស​កម្ពុជា បាន​ចុះ​អនុស្សារណៈ​យោគយល់ ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​(MPTC)  ដើម្បី​លើកកម្ពស់ និង​គាំទ្រ​ដល់​ការដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល និង​បច្ចេកវិទ្យា 5G ក្នុងប្រទេស​កម្ពុជា​។ កម្មវិធី​នេះ ត្រូវបាន​ប្រា​ព្ធ​ឡើងជា​ផ្លូវការ នៅ​ទីស្នាក់ការ កណ្តាល​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី​៦ ខែឧសភា កន្លងទៅ ក្រោម​អធិបតីភាព លោក គិត ម៉េង អគ្គនាយក​ក្រុមហ៊ុន Royal Group, លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ ដែល​រួម​ដំណើរ​ដោយ លោក សុខ ពុទ្ធិ​វុ​ធ រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ទូរគមនាគមន៍​កម្ពុជា​។
 
​កិច្ចព្រមព្រៀង​លើ​អនុស្សារណៈ​យោគយល់ នឹង​បង្កើន​ការសហការ​រវាង​គ្នា ក៏ដូចជា​ការបង្កើត​ផែនការ​សម្រាប់​ការដាក់​ឲ្យ​ប្រើប្រាស់​លើ​បច្ចេកវិទ្យា​ជំនាន់​ក្រោយ​ទំហំ​ធំ ដូចជា​កម្មវិធី​អេឡិចត្រូនិក សម្រាប់​រដ្ឋាភិបាល បច្ចេកវិទ្យា (AI) បច្ចេកវិទ្យា IoT ក៏ដូចជា​មជ្ឈមណ្ឌល ការបង្កើត​ថ្មី​លើ​ប្រព័ន្ធ​ទូរ​គម​នា​គម (ICT Innovation)  និង​មជ្ឈមណ្ឌល​ផ្ទុក​ទិន្នន័យ​។ 


 
​អនុស្សារណៈ​យោគយល់​មួយ​នេះ ក៏​នឹង​ជួយ​ពង្រឹង​សុវត្ថិភាព​ផ្សេងៗ ទាក់ទង​នឹង​បច្ចេកវិទ្យា ដែល​អាច​នឹង​កើតមានឡើង​នាពេល​អនាគត ដូចជា​ការទាញយក​ឯ​ក​សារ​ដែល​បាត់បង់ អត្តសញ្ញាណ និង​គេហទំព័រ លើ​ប្រព័ន្ធ​ឌីជីថល និង​សុវត្ថិភាព​អ៊ី​ម៉ែ​ល​របស់​រដ្ឋាភិបាល​។​
 
​លោក គិត ម៉េង បាន​មានប្រសាសន៍ថា​នៅក្នុង​ពិធី​ចុះហត្ថលេខា​នោះ​ថា ក្រុមហ៊ុន​លោក នឹង​បង្កើត​គណៈកម្មាធិកា​មួយ សម្រាប់​រៀបចំ​ដឹកនាំ​ធ្វើ​កិច្ចការងារ​លើ​ប្រព័ន្ធ​ឌីជីថល​នេះ ដែលមាន​សមាសភាព មកពី​ក្រុមហ៊ុន Royal Group និង​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ ដើម្បី​ជំរុញ​របៀបវារៈ​ឌីជីថល តាមរយៈ​ការធ្វើសិក្ខាសាលា​ជា​ផ្លូវការ ជា​បន្តបន្ទាប់​»​។​


 
​លោក គិត ម៉េង បញ្ជាក់ទៀតថា​៖«​យោងតាម​ទិសដៅ​លើ​ប្រព័ន្ធ ICT ក្រុមហ៊ុន Royal Group នឹងធ្វើ​ការ​ជាមួយ​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ ដើម្បី​ដំណើរការ​លើ​បច្ចេកវិទ្យា​5G នៅក្នុង​ប្រទេស​កម្ពុជា​។  ពួកយើង​មាន​គម្រោង​ជាច្រើន ដែល​កំពុងដំណើរការ ហើយ​យើង​ជឿជាក់ថា យើង​នឹង​អាច​ក្លាយទៅជា​អ្នកតំណាង​ដ៏​ខ្លាំងក្លា​មួយ សម្រាប់​ប្រទេស​កម្ពុជា​។ ជាក់ស្តែង​ដូចជា​ក្នុង​វេទិកា​«​ខ្សែក្រវ៉ាត់ និង​ផ្លូវ​» និង​វេទិកា​«​ផ្លូវ​សូត្រ​ឌីជីថល​»​។​


 
​បើតាម​លោក គិត ម៉េង ក្រុមហ៊ុន Royal Group បានដាក់​ដំណើរការ​បច្ចេកវិទ្យា 5G របស់ខ្លួន ជា​លើកដំបូង នៅក្នុង​ខែកញ្ញា ឆ្នាំ​២០១៨ និង​កំពុង​ចាប់ផ្តើម​ដាក់​សម្ពោធ​សេវាកម្ម​បច្ចេកវិទ្យា 5G សម្រាប់​សាធារណជន​ទូទៅ នៅ​ចុង​ឆ្នាំនេះ​។ លោក​បន្ថែមទៀតថា​៖«​យើង​នឹង​ធានាថា ប្រទេស​កម្ពុជា​នឹង​ក្លាយជា​ឧទាហរណ៍​ដ៏​រឹងមាំ​មួយ នៅក្នុង​តំបន់​លើ​ការវិវត្ត​បច្ចេកវិទ្យា ដែល​ស្របតាម​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស និង​កំណើន​នៃ​វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​»៕









































(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com