មាន​ប្រព័ន្ធ​ភ្លើង​សញ្ញា​ចរាចរណ៍​ទំនើប តែ​អ្នកបើកបរ​ល្ងីល្ងើ​យក​ភ្នែក​មើល​មេឃ​
ជាតិ
បទវិភាគ
មាន​ប្រព័ន្ធ​ភ្លើង​សញ្ញា​ចរាចរណ៍​ទំនើប តែ​អ្នកបើកបរ​ល្ងីល្ងើ​យក​ភ្នែក​មើល​មេឃ​
08, May 2019 , 3:24 pm        
រូបភាព
​លិខិត​មិត្ត​អ្នកអាន​៖ នៅក្នុង​សេចក្តីសន្និដ្ឋាន​នៃ​ការសិក្សា​មួយ​របស់​ក្រុម​អ្នកស្រាវជ្រាវ​ជប៉ុន​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​កាលពី​ចុងឆ្នាំ​២០១៨ ស្តីពី​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ក្រុម​អ្នកស្រាវជ្រាវ​បានសរសេរថា គេ​មិនអាច​ទទួលបាន​ការធ្វើ​ចរាចរណ៍​ដោយ​រលូន និង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដោយសារតែ​ដំណោះស្រាយ​ផ្នែក​បច្ចេកទេស​តែមួយ​ប៉ុណ្ណោះ​ទេ​។​ក្រុម​អ្នកស្រាវជ្រាវ​បាន​សរសេរ​យ៉ាង​ដូច្នេះ​៖«​នៅពេលដែល​រាជធានី ភ្នំពេញ​ត្រូវបាន​បំពាក់​នូវ​ប្រព័ន្ធ​ឧបករណ៍​ទំនើប​ដើម្បី​សម្រួល​ចរាចរណ៍​ហើយ​នោះ ការអនុវត្ត​ច្បាប់ និង ការអប់រំ​ស្តីពី​ការធ្វើ​ចរាចរណ៍​ក៏​ត្រូវតែ​ពង្រឹង​ដូចគ្នា​ដែរ​»​។​

 
​បច្ចុប្បន្ននេះ អ្នកណា​ក៏​ដឹង អ្នកណា​ក៏​និយាយថា ការបើកបរ​យ៉ាង​អនាធិបតេយ្យ​បានធ្វើឱ្យ​ខាតបង់​ថវិកា យ៉ាង​សន្ធឹកសន្ធាប់ និង​ធ្វើឱ្យ​បាត់បង់​ជីវិត​មនុស្ស​ក៏​ច្រើន​ដែរ​។ កំណើនសេដ្ឋកិច្ច​នៅក្នុង​រាជធានី​បានធ្វើឱ្យ​មានការ​កើនឡើង​នូវ​ចំនួន​រថយន្ត ម៉ូតូ ម៉ូតូ​កង់​បី រថយន្ត​ធុន​ធ្ងន់ រថយន្ត​ក្រឡុក​ស៊ីម៉ង់ ខណៈដែល​រថយន្ត​ដឹកទំនិញ ការចត​រថយន្ត​គ្មាន​សណ្តាប់ធ្នាប់ រឹតតែ​បង្ក​ការរាំងស្ទះ​ចរាចរណ៍​។​
 
​ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើនេះ អាជ្ញាធរ​បាន​ប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​បញ្ហា​ចរាចរណ៍​ដ៏​ទំនើប​មួយ​ដោយមាន​ការគាំទ្រ​ពី​អ្នកជំនាញ​ជប៉ុន​។ ការងារ​រៀបចំ​ប្រព័ន្ធគ្រប់គ្រង​ចរាចរណ៍​នេះ​ត្រូវបាន​បញ្ចប់​កាលពី​ឆ្នាំ​កន្លងទៅ ដោយ​រួមមាន​បច្ចេកទេស​បញ្ជា​ភ្លើង​សញ្ញា​ចរាចរណ៍​ដ៏​ទំនើប​អស្ចារ្យ និង​ការបែងចែក​គន្លង​ចរាចរណ៍​ទៀតផង​។​
 
​អ្នកជំនាញការ​ជប៉ុន លោក Seiya Marsuoka បាន​គូសបញ្ជាក់ថា រាជធានី​ភ្នំពេញ​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​នៃ​ភ្លើង​សញ្ញា​ចរាចរណ៍​ដ៏​ទំនើប​។ ទិន្នន័យ​និង​រូបភាព​ដែល​ទទួលបាន​ពី​កាមេរ៉ា ដែល​គេ​បំពាក់​ភ្ជាប់​ភ្លើង​សញ្ញា​ចរាចរណ៍​នោះ ត្រូវបញ្ជូន​តាម​ប្រព័ន្ធ​ខ្សែកាប​អុ​ប​ទិ​ក​ទៅ​មជ្ឈមណ្ឌល​បញ្ជា​ចរាចរណ៍​រួម ដែល​គេ​អាច​បញ្ជា​កំណត់​រយៈពេល​នៃ​ភ្លើង​សញ្ញា​ចរាចរណ៍​ទៅតាម​ស្ថានភាព​ជាក់ស្តែង​នៃ​ចរាចរណ៍​។ 


 
​អ្នក​ភ្នំពេញ​អើយ​! លោកអ្នក​ដឹង​ទេ​ថា ទីក្រុង​របស់​អ្នក​កំពុងតែ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ខ្ពស់​ដែល​បានធ្វើឱ្យ​លោកអ្នក​ភ្ញាក់ផ្អើល​ទៀតផង​។​
 
​ប៉ុន្តែ ទោះជា​មានការ​ខិតខំ​ប្រឹង​ប្រែង​យ៉ាងណាក៏ដោយ គេ​នៅតែ​ឃើញ​ការបើកបរ​គ្មាន​សណ្តាប់ធ្នាប់​។ អ្នកបញ្ជា​យានយន្ត​សុខចិត្ត​ការកកស្ទះ​ចរាចរណ៍ ជាជាង​ការបើកបរ​តាម​សម្រួល និង​ទៅមុខ​យឺតៗ​។​
 
​បញ្ហា​នៅត្រង់​នេះហើយ គឺ​មកពី​កត្តា​មនុស្ស​នេះឯង ពិសេស​គឺ​អ្នក​ភ្នំពេញ​ហ្នឹង​តែម្តង​។​
 
​អ្នកបើកបរ​នៅ​ភ្នំពេញ​នេះ ជា​អ្នកបើកបរ​ដ៏​រឹងរូស​។ ពួកគេ​ចូលចិត្ត​បើកបរ​បញ្ច្រាសទិស បើក​ជែង​ខាងស្តាំ និង​ពេលខ្លះ​ក៏​បើកបរ​លើ​ចិញ្ចើមផ្លូវ​ក៏មាន ឱ្យ​តែមាន​កន្លែង​ទូលាយ​បន្តិច​។​
​បើសិន​ជាមាន​មន្ត្រីប៉ូលិស​ចរាចរណ៍​នៅ​ឈរ​បាំង​ក្បែរ​ដើមឈើ ដើម្បី​ចាប់​ពិន័យ​អ្នកបើកបរ​មិន​ពាក់មួក​សុវត្ថិភាព និង​ឬ​អ្នកជិះ​បញ្ច្រាសទិស អ្នកបើកបរ​ដែលជា​អ្នក​ភ្នំពេញ​ទាំងនោះ ច្បាស់​ជា​ព្យាយាម​បើកបរ​ឱ្យ​ត្រឹមត្រូវ គោរព​ច្បាប់​ចរាចរណ៍​មួយ​ភ្លែត ហើយក៏​ត្រឡប់មក​ល្មើស​ឡើងវិញ ពេល​ផុត​ភ្នែក​ប៉ូលិស​។​
 
​មានរឿង​គួរឱ្យ​អស់សំណើច​មួយទៀត​។ អ្នកបើកបរ​នៅក្នុង​រាជធានី មិន​ចូលចិត្ត​ភ្លើង​សញ្ញា​ចរាចរណ៍​ឡើយ ពិសេស​ភ្លើង​សញ្ញា​ពណ៌​ក្រហម​។ គ្រាន់​ពេលខ្លះ ពួកគេ​ក៏​ដាក់ចិត្ត​ឈប់​នៅ​ភ្លើង​ក្រហម​នេះ​ខ្លះ ដោយសារតែ​ពួកគេ​ដឹងថា បើ​គោរព​តាម​ភ្លើង​សញ្ញា​នេះ​ទេ ពួកគេ​មិនអាច​ឆ្លង​ផុត​ផ្លូវបែក​ជា​បួន​នេះឡើយ​។​
 
​ប៉ុន្តែ បើសិនជា​ពួកគេ​មើលឃើញថា ចរាចរណ៍​មិន​ចង្អៀត​ពេក​ទេ ហើយ​គ្មាន​យានយន្ត​នៅ​ពីមុខ ឬ​ឆ្លងកាត់​ដែល​ធ្វើ​ឱ្យគេ​គ្រោះថ្នាក់​នោះទេ អ្នកបើកបរ​នោះ​ច្បាស់​ជា​បញ្ជា​យានយន្ត​កាត់​ទម្លុះ​ភ្លើង​ក្រហម ហើយក៏​ប្រហែលជា​ពួកគេ​ក៏មាន​អារម្មណ៍​ក្អេងក្អាង​បាន​បង្អួត​ជា​សាធារណៈ​ថា ពួកគេ​ក្លាហាន​មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍​ក៏បាន​។​
 
​ពេលខ្លះ លទ្ធផល​ក៏​ស្តែងឡើង​ភ្លាមៗ​ដែរ​។ គឺ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បណ្តាល​ឲ្យ​ស្លាប់ ឱ្យ​របួស ហើយ​ចុងក្រោយ​គឺ​មានតែ​ក្រុមគ្រួសារ​ដែល​ទឹកភ្នែក​។ រឿងនេះ អ្នកណា​ក៏​ដឹង​។ ឥរិយាបថ​នៃ​ការបើកបរ​បែប​អាត្មានិយម និង​បង្ក​គ្រោះថ្នាក់​បែបនេះហើយ ដែលជា​ការបើកបរ​ល្ងីល្ងើ​នោះ​។​
 
​នៅពេលដែល​អ្នក​ភ្នំពេញ​ឃើញ​អាជ្ញាធរ​បំពាក់​កាមេរ៉ា​នៅតាម​ផ្លូវ និង​ពិសេស​នៅតាម​ភ្លើង​សញ្ញា​ចរាចរណ៍ ពួកគេ​បែរជា​ខ្សឹបខ្សៀវ​គ្នា​ថា អាជ្ញាធរ​ដាក់​កាមេរ៉ា​ទាំងនោះ គឺ​គ្រាន់តែ​ដើម្បី​តាមដាន​ពលរដ្ឋ​ទៅវិញ​។​
 
​ខុសស្រឡះ​ពី​ការគិត​របស់​ពួកគេ​! តាមពិត ទាំងនោះ​គឺជា​កាមេរ៉ា​ដែល​ថត​ក្រុម​អ្នកបើកបរ​ល្ងីល្ងើ​ទេតើ​! គឺ​អ្នកបើកបរ​ល្ងីល្ងើ ដែល​ធ្វើជា​មិនឃើញ​ភ្លើង​សញ្ញា​ពណ៌​ក្រហម ដោយ​យក​ភ្នែក​ពួកគេ​ទៅ​សំឡឹងមើល​មេឃ​ទៅវិញ​។​
 
​ចាប់ពីពេលនេះ​ទៅ សូមអ្នក​បើកបរ​ល្ងីល្ងើ​មេត្តា​ជ្រាប​! នៅពេល​ពួក​អ្នក​នៅតែ​បញ្ជា​យានយន្ត​ឆ្លងកាត់​ភ្លើង​ក្រហម សូម​ញញឹម​ដាក់​កាមេរ៉ា​ផង ព្រោះ​កាមេរ៉ា​កំពុង​ថត​ពួក​អ្នក​៕
 
*​សំគាល់​៖ ជា​ករណី​សិក្សា​ស្តីពី​គម្រោង​គ្រប់គ្រង​ចរាចរណ៍​នៅ​ភ្នំពេញ​ស្រាវជ្រាវ​ដោយ Seiya Matsuoka, Matsuoka & Associates, Inc., 4-10-3 W1705, Minatomirai, Nishi-ku, Yokohama City 220-0012, Japan)

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម