អន្តរជាតិ
ចិន ប៉ះ​សម្ដី​ជាមួយ​អាមេរិក​ក្នុង​វេទិកា​UN ជុំវិញ​ការឃុំខ្លួន​ជនភាគតិច​វី​ហ្គ័​រ​នៅ​ស៊ីន​ជាំ​ង​
08, May 2019 , 4:27 pm        
រូបភាព
​អ្នកការទូត​ចិន និង​អាមេរិក បាន​ប៉ះ​សម្ដី​គ្នា​យ៉ាងខ្លាំង​ជុំវិញ​ការឃុំខ្លួន​ជនជាតិ​វី​ហ្គ័​រ​នៅឯ​ខេត្ត​ស៊ីន​ជាំ​ង​។ ការ​ប៉ះ​សម្ដី​គ្នា​នេះ កើតឡើង​អំឡុងពេល​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិដើម​នៅ​ថ្ងៃទី​៧ ខែឧសភា​។ អាមេរិក បាន​ចោទ​ចិន​ចំៗ​ថា បាន​ចាប់ឃុំខ្លួន និង​បំពារបំពាន​សិទ្ធិសេរីភាព​ជនជាតិភាគតិច​ជាច្រើន​ក្រុម​នៅ​ស៊ីន​ជាំ​ង​។ មិន​នៅ​ស្ងៀម​ឡើយ ចិន​ក៏​វាយបក​វិញ និង​បាន​ចោទ​អាមេរិក​ថា កំពុង​មួលបង្កាច់​ខ្លួន​។

 
​ជាថ្មី​ម្ដងទៀត សហរដ្ឋអាមេរិក បានបង្ហាញ​ក្ដីបារម្ភ​របស់ខ្លួន​ជុំវិញ​វាសនា​ជនភាគតិច​ដែល​រស់នៅ​ក្រោម​គំនាប​ក្នុង​ទឹកដី​តំបន់​ស្វយ័ត​ស៊ីន​ជាំ​ង​របស់​ចិន និង​រិះគន់​ចិន​ដែល​កំពុង​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​។ នា​វេទិកា​អង្គការសហប្រជាជាតិ​ស្ដីពី​ជនជាតិដើម តំណាង​អាមេរិក Courtney Nemoff និយាយថា អាមេរិក​តក់ស្លុត​នឹង​ការឃុំខ្លួន​ជនជាតិភាគតិច​វី​ហ្គ័​រ និង​ជនជាតិភាគតិច​ផ្សេងទៀត​ជាង​មួយ​លាន​នាក់​ក្នុង​មន្ទីរ​កែប្រែ ហើយ​សិទ្ធិ​របស់​ពួកគេ​ក៏​រង​ការបំពាន​ដែរ​។​
 
​អំឡុង​កិច្ចប្រជុំ​ថ្ងៃទី​៧ ខែឧសភា អ្នកការទូត​អាមេរិក​រូបនេះ បានទាមទារ​ឲ្យ​បញ្ចប់​សកម្មភាព​យង់ឃ្នង​ដែល​បង្កដោយ​អាជ្ញាធរ​ចិន​។ លោកស្រី Nemoff អះអាងថា ជនភាគតិច​វី​ហ្គ័​រ​, ជនជាតិ​កា​ហ្សា​ក់ ព្រមទាំង​ជនភាគតិច​កាន់សាសនា​ឥស្លាម​ជាច្រើន​ក្រុម​ទៀត បាន​រងគ្រោះ​ដោយ​ការចាប់​ឃុំ​ដោយ​បង្ខំ ការធ្វើ​ពលកម្ម​ធ្ងន់ធ្ងរ ការធ្វើ​ទារុណកម្ម និង​មាន​អ្នកខ្លះ​ក៏​គ្មាន​វាសនា​នៅមាន​ជីវិត​ចេញពី​កន្លែង​ឃុំខ្លួន​ពួកគេ​ទៅទៀត​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP មន្ត្រី​ទូត​អាមេរិក​ដដែល​នេះ ក៏​រំឭក​ឲ្យ​សមាជិក​វេទិកា​ផ្សេងទៀត​ចងចាំ​ទង្វើ​ចិន ហើយ​បោះឆ្នោត​ប្រឆាំង​បេក្ខជន​ចិន​ដែល​ឈរឈ្មោះ​ជា​សមាជិក​វេទិកា​នេះ​ផង​។ 
 
​សម្ដី​រិះគន់​របស់​អាមេរិក ធ្វើ​ឲ្យ​ចិន​ក្ដៅ​ស្លឹក​យ៉ាងខ្លាំង​។ តំណាង​របស់​ចិន​ដែល​អង្គុយ​នៅ​ម្ខាង​នៃ​កិច្ចប្រជុំ​នោះ បាន​ប្រើ​ពាក្យសម្ដី​ខ្លាំង​ដើម្បី​វាយបក​ការចោទប្រកាន់​របស់​អ្នកការទូត​អាមេរិក​។ មន្ត្រីការទូត​ចិន​អះអាងថា តំណាង​អាមេរិក​បាន​ចោទ​ចិន​ដោយ​គ្មាន​ហេតុផល និង​បាន​និយាយ​បង្កាច់​ប​ង្ខូ​ឈ្មោះ​ចិន​ទៀតផង​។ ចិន​បង្ហាញ​ជំហរ​មិន​ពេញចិត្ត​ទង្វើ​របស់​អាមេរិក និង​ប្រឆាំង​ដាច់ខាត​រាល់​ការចោទប្រកាន់​ខ្លួន​បែបនេះ​។​
 
​នេះ​ជា​លើក​ទី​ពីរ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​មកនេះ ដែល​ចិន និង​អាមេរិក​ប៉ះ​សម្ដី​គ្នា​លើ​បញ្ហា​ជនជាតិ​វី​ហ្គ័​រ​នេះ​។ កាលពី​សប្ដាហ៍​មុន អាមេរិក ធ្វើ​ឲ្យ​ចិន​ក្ដៅចិត្ត​មិនតិច​ឡើយ ដោយបាន​អញ្ជើញ​ប្រធាន​សមាជិក​ជនជាតិ​វី​ហ្គ័​រ​ពិភពលោក Dolkun Isa ឲ្យ​ថ្លែង​ក្នុង​វេទិកា​អង្គការសហប្រជាជាតិ​។ ប៉ុន្តែ​តំណាង​ចិន អះអាងថា ក្រុង​ប៉េកាំង​ចាត់ទុក​បុគ្គល Isa ជា​ភេរ​វករ​ទៅហើយ តែ​អាមេរិក​បែរជា​គាំទ្រ​គេ ហើយ​ប្រើប្រាស់​ដើម្បី​វាយប្រហារ​ចិន​ទៅទៀត​៕ 

Tag:
 ចិន​
  អាមេរិក​
  UN
  វី​ហ្គ័​រ
© រក្សាសិទ្ធិដោយ thmeythmey.com