កន្លងទៅ អ្នកវិទ្យាសាស្ត្រជាច្រើន តាមរយៈរបាយការណ៍ និងកិច្ចការស្រាវស្រាវរបស់ពួកគេ បានព្រមានថា ទឹកកករលាយនៅមហាសមុទ្រអាក់ទិច គឺជាសញ្ញាអវិជ្ជមានមួយនៃគ្រោះមហន្តរាយ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ យ៉ាងណាមិញ លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក បែរជាចាត់ទុក បញ្ហានេះជារឿងល្អទៅវិញ។
ថ្លែងនៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាបណ្តាប្រទេសនៅជុំវិញតំបន់អាក់ទិច នាទីក្រុង Rovaniemi ប្រទេសហ្វាំងឡង់ លោក Mike Pompeo បានលើកឡើងថា ទឹកកករលាយយ៉ាងលឿនរហ័សនៅមហាសមុទ្រអាក់ទិច កំពុងបង្កើតផ្លូវទឹកដ៏វែងមួយ និងកាលានុវត្តភាពថ្មីសម្រាប់ការធ្វើពាណិជ្ជកម្ម។ ត្រង់ចំណុចនេះ លោកបន្ថែមថា វាអាចជួយកាត់បន្ថយពេលវេលា សម្រាប់ការធ្វើដំណើររវាងតំបន់អាស៊ី និងបណ្តាប្រទេសលោកខាងលិច រហូតដល់២០ថ្ងៃឯណោះ។
បើតាមការចុះផ្សាយរបស់ទូរទស្សន៍អាមេរិក CNN ប្រមុខការទូតអាមេរិករូបនេះ គូសបញ្ជាក់ថា ផ្លូវសមុទ្រអាក់ទិច អាចក្លាយជាព្រែកជីកប៉ាណាម៉ា និងស៊ុយអេប្រចាំសតវត្សរ៍ទី២១ ទៀតផង។ ក្រៅពីចំណាយពេលខ្លីជាងមុនសម្រាប់ការធ្វើដំណើរ លោក Pompeo ក៏បានសង្កត់ធ្ងន់ផងដែរពីបរិមាណយ៉ាងច្រើនលើសលប់នៃធនធានធម្មជាតិក្នុងតំបន់ប៉ូលទឹកកកនេះ ដែលពុំទាន់ត្រូវបានគេទាញយកផលយ៉ាងពេញលេញនៅឡើយទេនោះ។
ទាក់ទិននឹងធនធានធម្មជាតិនៅតំបន់អាក់ទិច អតីតមេ CIA ក្លាយជារដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បញ្ជាក់ឲ្យដឹងថា៖ «តំបន់នេះ មានប្រេង ១៣ភាគរយ នៃរ៉ែប្រេងពិភពលោកដែលគេពុំទាន់ទាញយក, ៣០ភាគរយនៃរ៉ែឧស្ម័ន, បរិមាណដ៏ច្រើនសន្ធឹកសន្ធាប់នៃសារធាតុអ៊ុយរ៉ានីញ៉ូម, ប្រភពទឹកស្អាតដ៏កម្ររបស់ផែនដី, រ៉ែមាស, រ៉ែពេជ្រ, ត្រីរាប់លានប្រភេទ និងធនធានក្រោមដីរាប់ពាន់លានគីឡូម៉ែត្រការ៉េទៀត»។
ក្រៅពីនិយាយពីប្រយោជន៍សេដ្ឋកិច្ចនៃតំបន់អាក់ទិច លោករដ្ឋមន្ត្រីការបរទេស Pompeo ក៏ព្រមានចំៗប្រឆាំងនឹងមហិច្ឆតាពង្រីកដែនកាន់កាប់ក្នុងតំបន់ពោរពេញដោយធនធាននេះ ពីសំណាក់មហាអំណាច ចិន និងរុស្ស៊ី ថែមទៀតផង។
តាម CNN ប្រមុខការទូតវ័យ ៥៥ឆ្នាំរូបនេះ បានចោទជាសំណួរនៅមុខសមាជិកទាំងអស់នៃក្រុមប្រឹក្សានៃបណ្តាប្រទេសជុំវិញតំបន់អាក់ទិច ដែលក្នុងនោះមាន ចិន និងរុស្ស៊ីផងនោះ បែបនេះថា៖«តើយើងចង់ឲ្យមហាសមុទ្រអាក់ទិច ប្រែក្លាយជាសមុទ្រចិនខាងត្បូងថ្មី ដែលហ៊ុមព័ទ្ធទៅដោយការធ្វើយោធូបនីយកម្ម និងការប្រកួតប្រជែងដណ្តើមយកដែនអធិបតេយ្យ? តើយើងចង់ឲ្យបរិស្ថាននៅតំបន់អាក់ទិចដ៏ផុយស្រួយ ទទួលរងនូវមហន្តរាយ ដែលបង្កឡើងដោយនាវានេសាទរបស់ចិនប្រតិបត្តិការតាមបណ្តោយឆ្នេរសមុទ្រនេះ ឬក៏សកម្មភាពឧស្សាហកម្មដែលគ្មានច្បាប់ទម្លាប់ច្បាស់លាស់នៅក្នុងតំបន់នេះ? ខ្ញុំគិតថា ចម្លើយអ្នកទាំងអស់គ្នាគឺជាក់ច្បាស់ណាស់»។
សូមបញ្ជាក់ថា ការលើកឡើងរបស់លោក Pompeo ជុំវិញកាលានុវត្តភាពសេដ្ឋកិច្ច ដែលផ្តល់ដោយការរលាយសមុទ្រទឹកកកនេះ ធ្វើឡើងក្រោយពីបណ្តាភ្នាក់ងាររដ្ឋាភិបាលសហព័ន្ធអាមេរិកបានចេញរបាយការណ៍ថា បរិមាណសមុទ្រទឹកកកក្នុងតំបន់អាក់ទិច កំពុងបាត់បង់យ៉ាងឆាប់រហ័សបំផុត។
កាលពីសប្តាហ៍មុន មជ្ឈមណ្ឌលទិន្នន័យទឹកកក និងព្រិលជាតិរបស់អាមេរិក បានបង្ហាញរបាយការណ៍ប្រចាំខែរបស់ខ្លួនថា ក្នុងខែមេសា កម្រិតសមុទ្រទឹកកកអាក់ទិច បានឈានដល់កម្រិតទាបបំផុត។ ទំហំនៃសមុទ្រទឹកកក ធ្លាក់ចុះមកត្រឹម ១,២លានគីឡូម៉ែត្រការ៉េ ដោយទំហំលាតសន្ធឹងជាមធ្យមរបស់វា ចន្លោះឆ្នាំ ១៩៨១ និង ឆ្នាំ២០២០ ស្មើនឹងជាង១៣,៤លានគីឡូម៉ែត្រការ៉េឯណោះ។
ម្យ៉ាងវិញទៀត ការបាត់បង់សមុទ្រទឹកកកនៅតំបន់ប៉ូល បង្កទៅជាការកើនឡើងនៃកម្តៅសីតុណ្ហភាពទឹកជាសកល ដែលត្រឡប់មកវិញ វាក៏បង្កទៅជាការរលាយសមុទ្រទឹកកកកាន់តែធំធេងថែមទៀត។ នេះយោងតាមកម្មវិធីស្រាវជ្រាវស្តីពីបម្រែបម្រួលសកលរបស់អាមេរិក ៕