កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិប​បាល់ទាត់​នៅ​អឺរ៉ុប​ទាមទារ​ឲ្យ​បញ្ចូល​ក្រុម​ជើងឯក​ទាំងអស់​លេង​នៅ Champions League
08, May 2019 , 8:39 pm        
រូបភាព
​ក្លិប​កីឡាបាល់ទាត់​នៅ​អ៊ឺរ៉ុប​មួយចំនួន នា​ថ្ងៃទី​៨ ខែឧសភា​នេះ​បានទាមទារ​ឲ្យ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វី​អឺរ៉ុប UEFA បញ្ចូល​ក្រុម​ជើងឯក​ពី​លី​គ​កំពូល​នីមួយៗ​ដើម្បី​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ក្របខណ្ឌ Champions League​។​


 
​ក្នុង​កិច្ចប្រជុំ​រវាង​ភាគី​លី​គ​អឺរ៉ុប​ជាមួយ UEFA នៅ​ទីក្រុង Nyon ប្រទេស​ស្វី​ស​ដែលមាន​ក្លិប​ចំនួន​២៤៤ ពី​៣៨​ប្រទេស​នៅ​អឺរ៉ុប​ចូលរួម​គឺ​ក្នុង​គោលបំណង​កែប្រែ​ទម្រង់​ច្បាប់​ថ្មី​មួយចំនួន​សម្រាប់​ការប្រកួត​ពានរង្វាន់​លី​គ​លំដាប់​ទី​១​របស់​អឺរ៉ុប​។​
 
​ការផ្លាស់ប្តូរ​ទម្រង់កា​រ​ប្រកួត​នៅ​អឺរ៉ុប​ដែល​ក្នុងនោះ​ចង់​ឲ្យ​មាន​ក្រុម​ស្ថិតនៅ​កំពូល​តារាង​ទាំងអស់​អាច​ចូល​លេង​នៅ Champions League បាន​ក្លាយជា​បញ្ហា​ដ៏​ចម្រូងចម្រាស​មួយ​បន្ទាប់ពី​លោក Andrea Agnelli ប្រធាន​សហព័ន្ធ​ក្លិប​បាល់ទាត់​អ៊ឺរ៉ុប (ECA) លើក​ហេតុផល​ថា​នឹង​កាត់បន្ថយ​ចំនួន​ក្រុម​លេង​នៅ​វគ្គ​ជម្រុះ​យ៉ាងច្រើន​ហើយក៏​ប៉ះពាល់​ដល់​ការប្រកួតប្រជែង​គ្នា​ក្នុង​ក្របខណ្ឌ​លី​គ​ដែលមាន​ឈ្មោះ​ល្បី​ក្នុងស្រុក​ផងដែរ​។​
 
​បើតាម​កូតា​បច្ចុប្បន្ននេះ​មាន​ក្លិប​ជើងឯក​លី​គ​កំពូល​មួយចំនួន​នៅ​អឺរ៉ុប​មិនមាន​សិទ្ធិ​ពេញលេញ​ដើម្បី​បាន​កៅអី​លេង​នៅ Champions League នោះទេ ហើយ​ខ្លះ​ក៏​មិនបាន​លេង​តែម្តង​។ ផ្ទុយទៅវិញ​ក្រុម​ពី​លី​គ​ល្បីៗ​ដូចជា La Liga, Premier League, Serie A និង Bundesliga មាន​ក្រុម​ចំនួន​៤ ក្នុងនោះ​២​ក្រុម​ឈានទៅ​វគ្គ​ចែក​ពូ​ល​ដោយ​ស្វ័យប្រវត្តិ និង​២​ក្រុម​លេង​ជម្រុះ ហើយ​លក្ខ​ណ្ឌ​ពិសេស​អាច​ឡើងដល់​៥​ក្រុម​ទៅទៀត​។​
 
​យ៉ាងណាក៏ដោយ​ការចង់​ឲ្យ​មាន​ក្លិប​ជើងឯក​បាន​លេង​នៅ​ក្របខណ្ឌ​អឺរ៉ុប​នោះ​ប្រហែលជា​មិនអាច​ទៅរួច​ទេ​ព្រោះ​មានការ​ជំទាស់​ពី​ប្រធាន​លី​គ​មួយចំនួន​ដូចជា La Liga លោក Javier Tebas និង​ប្រធាន ECA លោក Andrea Agnelli ជាដើម​។ មួយវិញទៀត បើ​ទោះ​ក្លិប​នោះ​ក្លាយជា​ជើងឯក​ក្តី​ប៉ុន្តែ​កម្រិត​លី​គ​និង​គុណភាព​លេង​របស់​ពួកគេ​នៅ​មិនទាន់​អាចមក​ប្រជែង​ជាមួយ​ក្រុម​ក្នុង​លី​គ​ល្បីៗ​នៅ​អឺរ៉ុប​ផ្សេងទៀត​នៅឡើយ​៕
 

Tag:
 បាល់ទាត់​
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com