ភ្នំពេញ៖ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Right Watch) ស្នើឲ្យរដ្ឋាភិបាលឈប់ប្រើប្រាស់ប្រព័ន្ធតុលាការរំលោភបំពានលើអតីតមន្ត្រីមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិ ហើយទម្លាក់ចោលការចោទប្រកាន់លើពួកគេ ។ រដ្ឋាភិបាល ចាត់ទុកការលើកឡើងនេះ គ្រាន់តែជាសម្តីបំផុសបំផុលញុះញង់ឲ្យសាធារណជន យល់ច្រឡំមកលើរដ្ឋាភិបាលប៉ុណ្ណោះ។ អតីតមន្ត្រីមូលដ្ឋាននៃអតីតគណបក្សសង្គ្រោះជាតិ នៅខេត្តបាត់ដំបង ជាង២០នាក់ ត្រូវបានតុលាការកោះហៅសាកសួរជាបន្តបន្ទាប់ ពាក់ព័ន្ធការបញ្ចេញមតិ ប្រឆាំង និងបំពានសាលដីកាតុលាការកំពូល ដែលចេញកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក Brad Adam ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានរិះគន់ថា រដ្ឋាភិបាលកម្ពុជា នៅតែបន្តរំលោភបំពានមកលើអតីតមន្ត្រីគណបក្សប្រឆាំងជាច្រើនរូប តាមរយៈការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីគំរាមកំហែងលើពួកគេ ក្រោយពីគណបក្សប្រឆាំងដ៏ធំមួយ ត្រូវបានរំលាយដោយគ្មានហេតុផលត្រឹមត្រូវ។ អមជាមួយការរិះគន់នេះ លោក Brad Adam ស្នើឲ្យរដ្ឋាភិបាលកម្ពុជា បញ្ចប់យុទ្ធនាការនយោបាយរំលោភបំពានលើអតីតគណបក្សសង្គ្រោះជាតិ ហើយទម្លាក់ចោលបទចោទប្រកាន់នានាលើមន្ត្រីអតីតបក្សប្រឆាំងនេះ។
សេចក្តីថ្លែងការរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ដែលបានស្រង់សម្ដីលោក Brad Adam យ៉ាងដូច្នេះថា៖«ការធ្វើទុកបុកម្នេញរបស់លោក ហ៊ុន សែន ទៅលើក្រុមគណបក្សប្រឆាំង គឺបង្ហាញថា គាត់កំពុងអនុវត្តម្ដងហើយម្ដងទៀត នូវវិធីដែលគាត់យកទៅប្រើប្រាស់បង្ក្រាបទៅលើសំឡេងអ្នករិះគន់ និងឯករាជ្យ ដែលប្រឆាំងរដ្ឋាភិបាលកម្ពុជា»។
ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិរូបនេះ ក៏រំឭកប្រាប់រដ្ឋាភិបាលអំពីចំណាត់ការរបស់សហភាពអឺរ៉ុប និងរដ្ឋាភិបាលប្រទេសផ្សេងទៀត ដែលកំពុងបន្តនីតិវិធីពិនិត្យឡើងនូវអត្ថប្រយោជន៍នៃការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ និងវិធានការនានាលើកម្ពុជា ដោយសារទង្វើរបស់រដ្ឋាភិបាលកម្ពុជា ដែលបានធ្វើទុក្ខបុកម្នេញក្រុមបក្សប្រឆាំងនេះផងដែរ។
អ្នកនាំពាក្យរដ្ឋាភិបាល ច្រានចោលការលើកឡើងរបស់លោក Brad Adam នេះ។ លោក ផៃ ស៊ីផាន ចាត់ទុកការលើកឡើងនេះ គ្រាន់តែជាសម្តីបំផុសបំផុលញុះញង់ឲ្យសាធារណជន យល់ច្រឡំមកលើរដ្ឋាភិបាលប៉ុណ្ណោះ។ បើតាមលោក ផៃ ស៊ីផាន ការកោះហៅរបស់តុលាការ ដោយសារមន្ត្រីអតីតបក្សប្រឆាំង ស្ថិតនៅក្រោមការសង្ស័យ ដូច្នេះគ្មានអ្វីពាក់ព័ន្ធនឹងរដ្ឋាភិបាលឡើយ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ បាននិយាយដូច្នេះថា៖«តុលាការមានការសង្ស័យលើក្រុមអតីតមន្ត្រីបក្សប្រឆាំង ដូច្នេះទើបបានជាតុលាការកោះហៅសាកសួរពួកគេ ហើយពួកគេត្រូវចូលទៅដោះបន្ទុក តាមរយៈមេធាវីគឺជារឿងល្អបំផុត។ វាមិនមែនជារឿងនយោបាយទេ វាគឺអាស្រ័យលើតុលាការដែលសង្ស័យលើពួកគេទាំងនោះ។ ដូច្នេះ(Human Right Watch) កុំមានគំនិតប្រើប្រាស់រឿងនេះ ទាញចូលក្នុងទិសដៅនយោបាយ»។
លោក គឺ ប៊ុណ្ណារ៉ា តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានចេញដីកាជាបន្តបន្ទាប់ កោះហៅអតីតសកម្មជន នៃអតីតគណបក្សសង្គ្រោះជាតិជាង២០រូប នៅខេត្តបាត់ដំបង ឱ្យចូលបំភ្លឺនៅតំណាងអយ្យការខេត្តបាត់ដំបង នៅខែឧសភានេះ ពាក់ព័ន្ធនឹងករណីប្រឆាំង និងបំពានសាលដីកាតុលាការកំពូល ដែលចេញកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
អតីតសកម្មជនទាំងនោះ រួមមាន ឈ្មោះ លោក សម វង្សតារ៉ា អតីតជំទប់ទី២ នៃសង្កាត់អូរម៉ាល់, លោក តន់ សាម៉ន អតីតចៅសង្កាត់វត្តគរ, លោក រឿន កែប អតីត ចៅសង្កាត់ក្តុលដូនទាវ , លោក សាំង ប៊ុនម៉ៅ ជំទប់ទី២ សង្កាត់ស្វាយប៉ោ , លោក ផាន់ រ៉េត អតីតជំទប់ទី១សង្កាត់ក្តុលដូនទាវ ,កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត អតីតចៅសង្កាត់អូចារ, អតីតចៅសង្កាត់ ទូល តាឯក, លោក ម៉ក់ រ៉ា និងលោក ឃួន ចំរើន អតីតចៅសង្កាត់ ចំការសំរោង ក្រុងបាត់ដំបង និងអតីតសមាជិកក្រុមប្រឹក្សា ខេត្តបាត់ដំបង, លោក ឌឹម សា រឿន ជាដើម។
ទាក់ទងបញ្ហានេះមន្ត្រីការពារសិទ្ធិមនុស្សនៃសមាគមអាដហុកប្រចាំខេត្តបាត់ដំបង ដែលបានតាមដានបញ្ហានេះ យល់ឃើញថា ការកោះហៅរបស់តុលាការនេះ មិនមែនជាអនុវត្តច្បាប់ ប៉ុន្តែអាចជាការគំរាមកំហែងការបញ្ចេញទៅវិញ។ មូលហេតុដែលលោក យិន ម៉េងលី លើកឡើងបែបនេះ ដោយសារលោកបានចូលស្ដាប់ការសាកសួររបស់តុលាការ ហើយកត់សម្គាល់ឃើញថា តុលាការបានសាកសួរអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ភាគច្រើនពាក់ព័ន្ធនឹងសកម្មភាពមួយចំនួន ទាក់ទងនឹងការលក់-ទិញនំបញ្ចុក និងអង្គុយញាំនំបញ្ចុកជួបគ្នា ដែលហាក់ដូចជាគ្មានអ្វីពាក់ព័ន្ធនឹងផ្លូវច្បាប់ឡើយ។
មន្ត្រីសម្របសម្រួលអង្គការអាដហុករូបនេះ បាននិយាយដូច្នេះថា៖«ខ្ញុំយល់ថា រឿងនេះវាមិនមែនជាការអនុវត្តច្បាប់ ប៉ុន្តែខ្ញុំយល់ថា វាជាយុទ្ធនាការបង្ក្រាបសំឡេងបញ្ចេញមតិរបស់អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលអាចជាការគំរាមកំហែងពួកគេឲ្យបញ្ឈប់សកម្មភាព បញ្ឈប់ការផ្ញើសារសំឡេង បញ្ចេញមតិឆ្លើយឆ្លងប៉ុណ្ណោះ»។
បន្ថែមពីនេះលោក យិន ម៉េងលី យល់ឃើញថា ការអនុវត្តនីតិវិធីរបស់តុលាការនៅពេលនេះ វាមិនមែនធ្វើឲ្យក្រុមអ្នកប្រឆាំងថមថយសំឡេងនោះទេ ប៉ុន្តែវាកាន់តែធ្វើឲ្យពួកគេមានអារម្មណ៍ខឹងប្រព័ន្ធតុលាការ ស្របពេលស្ថានភាពនយោបាយស្ងប់ស្ងាត់នេះ។
កាលពីចុងខែមករា ឆ្នាំ២០១៨ អាជ្ញាធរខេត្តបាត់ដំបង បានចុះបិទហាងលក់នំបញ្ចុកមួយរបស់កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊ិត អតីតចៅសង្កាត់អូរចា នៃអតីតគណបក្សសង្គ្រោះជាតិ ក្រោមការសង្ស័យថា ហាងលក់នំបញ្ចុករបស់នាងមានអ្នក«ប្រកាសគាំទ្រចលនាឧទ្ទាម ចេញចូល» បរិភោគ និងអង្គុយពិភាក្សាគ្នាលើគំនិតអវិជ្ជមានប្រឆាំងរដ្ឋាភិបាល។ ក្រោយពីអាជ្ញាធរចុះបិទហាងនោះមក មន្ត្រី និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ដែលចេញ-ចូលហាងនំបញ្ចុករបស់កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊ិត ស្ថិតនៅក្រោមការសង្ស័យរបស់តុលាការ ក្នុងការអនុវត្តនីតិវិធីផ្លូវច្បាប់នេះ។
ជុំវិញករណីខាងលើនេះ សារព័ត៌មានថ្មីៗ មិនអាចទាក់ទងកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊ិត អតីតចៅសង្កាត់អូរចា នៃអតីតគណបក្សសង្គ្រោះជាតិ ដើម្បីសុំការឆ្លើយតបចំពោះនីតិវិធីបានទេ ខណៈដែលសកម្មជនពីររូបទៀត គឺលោក ថោង សារឿង និងលោក ខាន់ ប៊ុនផេង សុំមិនអត្ថាធិប្បាយអ្វីឡើយ ដោយហេតុផលថា សុំទុកពេលឲ្យមេធាវីខ្លួន ជួយដោះស្រាយរឿងនេះតាមផ្លូវច្បាប់ ជំនួសការផ្ដល់សម្តីតាមរយៈព័ត៌មាន៕