កីឡាជាតិ
ជាតិ
សៀមរាប រតនគិរី ដឹកដៃគ្នាឡើងទៅបង្គ្រប់កៅអីវគ្គ១/២ ពានរង្វាន់សម្តេច ហ៊ុន សែន
× ទីបំផុតពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្តរកឃើញក្រុមឡើងទៅបង្គ្រប់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ។ សៀមរាប រតនគិរី ជាសមភាពពីរចុងក្រោយ បន្ទាប់ពីរូបគេបានយកឈ្នះគូប្រកួតរៀងៗខ្លួននៅវគ្គ១/៤ នារសៀលថ្ងៃទី៨ ខែឧសភានេះ។
សៀមរាប និងរតនគិរី បានដឹកដៃគ្នាឡើងទៅបង្គ្រប់កៅអីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត បន្ទាប់ពីពួកគេបានយកឈ្នះគូរៀងៗខ្លួននៅថ្ងៃនេះ។ នាជំនួបនៅកីឡដ្ឋានខេត្តសៀមរាប ម្ចាស់ផ្ទះសៀមរាបបានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយកែប ក្រោយប្រកួត៩០នាទី។ ប៉ុន្តែនៅក្នុងការទាត់កាត់សេចក្តី១១ម៉ែត្រ ក្រុមសៀមរាបបានយកឈ្នះភ្ញៀវកែបក្នុងលទ្ធផលយ៉ាងប្រផិតប្រផើយ ៥-៤ ដើម្បីឈ្នះកៅអីទៅវគ្គបន្ត។
ចំណែកការប្រកួតនៅកីឡដ្ឋានខេត្តកំពង់ធំ ក្រុមភ្ញៀវរតនគិរីបានធ្វើឲ្យអ្នកគាំទ្រម្ចាស់ផ្ទះរងការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីពួកគេបានទម្លាក់ក្រុមកំពង់ធំជាមួយជ័យជម្នះ ៣-២ នៅវគ្គ៨ក្រុមចុងក្រោយ។ ក្រុមសៀមរាប និងកំពង់ធំអាចប្រឈមមុខជាមួយក្រុមត្បូងឃ្មុំ ឬកោះកុង ដែលកំពុងរង់ចាំនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ រតនគិរីជាក្រុមភ្ញៀវតែមួយគត់ក្នុងចំណោម៤ក្រុម ដែលបានឡើងទៅវគ្គនេះ៕
Tag:
Hun Sen Cup 2019
សៀមរាប
រតនគិរី
© រក្សាសិទ្ធិដោយ thmeythmey.com