ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ប្រធាន​សមាគម​កៅស៊ូ ស្នើ​រដ្ឋាភិបាល​អន្តរាគ​មន៍​ជួយ​អ្នក​ដាំ​ដុះ ខណៈ​កៅស៊ូ​លក់បាន​តម្លៃ​ទាប​
09, May 2019 , 9:29 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ជ័រកៅស៊ូ​ក្នុងពេល​ចុងក្រោយ​នេះ​បន្ត​មានតម្លៃ​ទាប ដែល​អ្នកវិនិយោគ​ដាំ​ដុះ​ដំណាំ​នេះ​កំពុង​ជួប​បញ្ហា​ខាតបង់​។ បើតាម​របាយការណ៍​ក្រសួងកសិកម្ម ក្នុង​ត្រីមាស​ទី​១​ឆ្នាំនេះ បរិមាណ​នាំចេញ​ជ័រកៅស៊ូ​កើន​២៣​ភាគរយ តែ​តម្លៃ​ធ្លាក់ចុះ ១២​ភាគរយ ដែលជា​មធ្យម​កៅស៊ូ​ថ្លៃ ១២៧៩​ដុល្លារ​ក្នុង​មួយ​តោន​។ តែ​ខែមេសា​នេះ​តម្លៃ​នេះ​កើន​ដល់ ១៤០០​ដុល្លារ​។  ប្រធាន​សមាគម​អភិវឌ្ឍន៍​កៅស៊ូ​កម្ពុជា​លោក ម៉ែន សុភ​ក្ដិ អះអាងថា តម្លៃ​កៅស៊ូ​បច្ចុប្បន្ន​ប្រហាក់ប្រហែល​ថ្លៃដើម​សម្រាប់​ការដាំដុះ​កៅស៊ូ​លក្ខណៈ​គ្រួសារ តែ​សម្រាប់​ក្រុមហ៊ុន​វិញ​លុះត្រាតែ​លក់បាន ១៦០០ ទៅ​២០០០​ដុល្លារ ទើប​អាច​រស់រាន​បាន​។ ប្រធាន​សមាគម​រូបនេះ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ព្យួរ​ពន្ធ​នាំចេញ​កៅស៊ូ ដែល​ក្នុង​មួយ​តោន​ជាប់ពន្ធ​ប្រមាណ ៥០​ដុល្លារ មួយគ្រា​សិន សម្រាប់​ជា​ដំណោះស្រាយ​ជួយ​សម្រួល​មួយផ្នែក​ដល់​អ្នកវិនិយោគ​ដាំ​ដុះ​កៅស៊ូ​។​


 
​ដើម្បី​ជ្រាប​ច្បាស់ សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ម៉ែន សុភ​ក្ដិ ប្រធាន​សមាគម​អភិវឌ្ឍន៍​កៅស៊ូ​កម្ពុជា ដូចតទៅ​នេះ​៖


 
 
​លោក ម៉ែន សុភ​ក្ដិ លើកឡើងថា មូលហេតុ​ដែល​កៅស៊ូ​លក់បាន​តម្លៃ​ទាប ព្រោះ​ការផ្គត់ផ្គង់​លើ​ពិភពលោក​លើស​តម្រូវកា​រ និង​បញ្ហា​ពាណិជ្ជកម្ម​ចិន និង​អាមេរិក ជាដើម​។ លោក​បន្ថែមថា ការដាំដុះ​កៅស៊ូ​ក្នុងស្រុក​ជួប​បញ្ហា​ថ្លៃដើម​ផលិត​ខ្ពស់ ហើយ​មិនមាន​ការនាំចេញ​ផ្ទាល់​ទៅ​ទីផ្សារ​ធំៗ គឺ​កម្ពុជា​នាំទៅ​វៀតណាម និង​ម៉ាឡេស៊ី​ជាដើម ដែល​គេ​នាំចេញ​បន្ត​។ លោក​បញ្ជាក់ថា តាម​ការ​ប្រមើល​ជា​អន្តរជាតិ តម្លៃ​ស៊ូ​នឹងមិន​កើន​ខ្លាំង​ទេ​។ 
 
​ទិន្នន័យ​ត្រីមាស​ទី​១​ឆ្នាំនេះ​របស់​ក្រសួងកសិកម្ម​បង្ហាញថា កម្ពុជា​បាន​នាំចេញ​កៅស៊ូ ៤៨ ១៩២ តោន​នៅ​ត្រីមាស​ទី​១ ក្នុង​ឆ្នាំ ២០១៩ កើនឡើង ២៣ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ខណៈដែល​តម្លៃ​ជា​មធ្យម ១ ២៧៩ ដុល្លារ​ក្នុង ១ តោន ធ្លាក់ចុះ ១២ ភាគរយ​។​
 
​កាលពី​ឆ្នាំ ២០១៨ កម្ពុជា​បាន​នាំចេញ​កៅស៊ូ​ស្ងួត ២១៧ ៥០០ តោន កើនឡើង​ប្រហែល ១៥ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៧ ដោយមាន​តម្លៃ​ជា​មធ្យម ១ ៣១៩ ដុល្លារ​ក្នុង ១ តោន​៕
 

Tag:
 ម៉ែន សុភ​ក្ដិ​
  កៅស៊ូ
© រក្សាសិទ្ធិដោយ thmeythmey.com