ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ប្រធានសមាគមកៅស៊ូ ស្នើរដ្ឋាភិបាលអន្តរាគមន៍ជួយអ្នកដាំដុះ ខណៈកៅស៊ូលក់បានតម្លៃទាប
× ភ្នំពេញ៖ ជ័រកៅស៊ូក្នុងពេលចុងក្រោយនេះបន្តមានតម្លៃទាប ដែលអ្នកវិនិយោគដាំដុះដំណាំនេះកំពុងជួបបញ្ហាខាតបង់។ បើតាមរបាយការណ៍ក្រសួងកសិកម្ម ក្នុងត្រីមាសទី១ឆ្នាំនេះ បរិមាណនាំចេញជ័រកៅស៊ូកើន២៣ភាគរយ តែតម្លៃធ្លាក់ចុះ ១២ភាគរយ ដែលជាមធ្យមកៅស៊ូថ្លៃ ១២៧៩ដុល្លារក្នុងមួយតោន។ តែខែមេសានេះតម្លៃនេះកើនដល់ ១៤០០ដុល្លារ។ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជាលោក ម៉ែន សុភក្ដិ អះអាងថា តម្លៃកៅស៊ូបច្ចុប្បន្នប្រហាក់ប្រហែលថ្លៃដើមសម្រាប់ការដាំដុះកៅស៊ូលក្ខណៈគ្រួសារ តែសម្រាប់ក្រុមហ៊ុនវិញលុះត្រាតែលក់បាន ១៦០០ ទៅ២០០០ដុល្លារ ទើបអាចរស់រានបាន។ ប្រធានសមាគមរូបនេះស្នើឲ្យរដ្ឋាភិបាលព្យួរពន្ធនាំចេញកៅស៊ូ ដែលក្នុងមួយតោនជាប់ពន្ធប្រមាណ ៥០ដុល្លារ មួយគ្រាសិន សម្រាប់ជាដំណោះស្រាយជួយសម្រួលមួយផ្នែកដល់អ្នកវិនិយោគដាំដុះកៅស៊ូ។
ដើម្បីជ្រាបច្បាស់ សូមស្ដាប់កិច្ចសម្ភាសរវាងលោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងលោក ម៉ែន សុភក្ដិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា ដូចតទៅនេះ៖
លោក ម៉ែន សុភក្ដិ លើកឡើងថា មូលហេតុដែលកៅស៊ូលក់បានតម្លៃទាប ព្រោះការផ្គត់ផ្គង់លើពិភពលោកលើសតម្រូវការ និងបញ្ហាពាណិជ្ជកម្មចិន និងអាមេរិក ជាដើម។ លោកបន្ថែមថា ការដាំដុះកៅស៊ូក្នុងស្រុកជួបបញ្ហាថ្លៃដើមផលិតខ្ពស់ ហើយមិនមានការនាំចេញផ្ទាល់ទៅទីផ្សារធំៗ គឺកម្ពុជានាំទៅវៀតណាម និងម៉ាឡេស៊ីជាដើម ដែលគេនាំចេញបន្ត។ លោកបញ្ជាក់ថា តាមការប្រមើលជាអន្តរជាតិ តម្លៃស៊ូនឹងមិនកើនខ្លាំងទេ។
ទិន្នន័យត្រីមាសទី១ឆ្នាំនេះរបស់ក្រសួងកសិកម្មបង្ហាញថា កម្ពុជាបាននាំចេញកៅស៊ូ ៤៨ ១៩២ តោននៅត្រីមាសទី១ ក្នុងឆ្នាំ ២០១៩ កើនឡើង ២៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលតម្លៃជាមធ្យម ១ ២៧៩ ដុល្លារក្នុង ១ តោន ធ្លាក់ចុះ ១២ ភាគរយ។
កាលពីឆ្នាំ ២០១៨ កម្ពុជាបាននាំចេញកៅស៊ូស្ងួត ២១៧ ៥០០ តោន កើនឡើងប្រហែល ១៥ ភាគរយធៀបនឹងឆ្នាំ ២០១៧ ដោយមានតម្លៃជាមធ្យម ១ ៣១៩ ដុល្លារក្នុង ១ តោន៕
Tag:
ម៉ែន សុភក្ដិ
កៅស៊ូ
© រក្សាសិទ្ធិដោយ thmeythmey.com